សម្តេចតេជោ​៖ ចិនរួមចំណែកយ៉ាងសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថាមពលនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិនជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យថាមពលនៅកម្ពុជា។​

ថ្លែងក្នុងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បន្តថា គម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ផ្លូវបី-បួនពាន់គីឡូម៉ែត្រ ជាផ្លូវរបស់ចិនជួយ បើសិនជាយើងខ្ញុំមិនមានថវិកាពីចិនទេ តើយើងបានអ្វីពិតប្រាកដ។ នៅមានការវិនិយោគលើផ្លូវល្បឿនលឿន និងការវិនិយោគដទៃទៀត-វារីអគ្គិសនី បើយើងខ្ញុំមិនមានការវិនិយោគពីចិនទេ តើយើងបានអគ្គិសនីមកពីណាប្រើប្រាស់”។​

តបនឹងការលើកឡើងថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងៗទៀត ពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។​

- Video Advertisement -