សម្តេចហ៊ុនសែនចង់ឲ្យខេត្តព្រះសីហនុក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដូចខ្លាសេដ្ឋកិច្ចអាស៊ី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា បានបង្ហើបពីមហិច្ឆតាចង់ធ្វើឲ្យខេត្តព្រះសីហនុក្លាយទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ដូចទៅនឹងបណ្តាខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។

ការលើកឡើងពីមហិច្ឆតានេះ ធ្វើឡើងក្នុងអំឡុងពេលដែលសម្តេច អញ្ជើញជាអធិបតិភាព​ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ដែលនឹងត្រូវសាងសង់ឡើងស្របតាមស្តង់ដាបច្ចេកទេសតែមួយក្នុងទំហំទឹកប្រាក់ជា ២៩៤លានដុល្លារអាមេរិក។ (អានបន្ថែម)

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ពីដើម​មាន​តំបន់​ហុងកុង​ សិង្ហ​បុរី​ និងនៅកន្លែងមួយចំនួនដូចជា សៀងហៃ​ ​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​។ យើង​ក៏​មាន​មហិច្ឆតា​ទៅដល់​គោលដៅនោះ​ដែរ​ ដែល​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ដែល​អាច​ជឿ​ទុកចិត្ត​ មិនមែនគ្រាន់​តែនៅក្នុង​ប្រទេស​កម្ពុជា​​ទេ​ តែ​ឈាន​ទៅដល់​កម្រិត​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​​តំបន់​ និង​អន្តរជាតិ​ផង​ដែរ”។

យោងតាមការឲ្យនិយមន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) “មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ” មានន័យថា គឺជាទីក្រុង ឬតំបន់ដែលមានស្ថាប័នហិរញ្ញវត្ថុធំៗ និងច្រើនប្រភេទបានយកទីក្រុង ឬតំបន់ទាំងនោះ ធ្វើជាទីស្នាក់ការកណ្តាលរបស់ខ្លួន ដែលស្ថាប័នទាំងនេះ នឹងជួយសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ដែលជាលទ្ធផលជួយបង្កើតចំណូលជូនជាតិបានកាន់តែច្រើន។

ក្នុងនោះ ដើម្បីសម្រេចបានមហិច្ឆតានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លុះត្រាតែកម្ពុជាធ្វើការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យបានត្រឹមត្រូវ តួយ៉ាង ដូចជាការសាងសង់ផ្លូវក្នុងខេត្តឲ្យមានគុណភាពល្អជាប់បានយូរជាដើម។ តាមការបញ្ជាក់ដដែលរបស់សម្តេច ការជ្រើសរើសខេត្តព្រះសីហនុ គឺដោយសារខេត្តនេះមានសក្តានុពលយ៉ាងខ្លាំងខ្លាក្នុងការរកប្រាក់ដើម្បីផ្គត់ផ្គង់ដល់ថវិកាជាតិ និងចែករំលែកទៅវិស័យដទៃតាមសេចក្តីត្រូវការនៃការអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចថ្លែងថា៖ “ទីក្រុងមួយនេះ អាចថាជាទីក្រុងពហុបំណង ដែលមានស្ទើរគ្រប់វិស័យ ការដឹកជញ្ជូនក៏នៅទីនេះ កំពង់ផែទឹកជ្រៅក៏នៅទីនេះ ឧស្សាហកម្មក៏នៅទីនេះ សេវាកម្មក៏នៅទីនេះ ហើយអាចទៅថ្ងៃក្រោយឈានទៅជាតំបន់មូលដ្ឋានហិរញ្ញវត្ថុនៅក្នុងតំបន់ទៀត»។

ជាក់ស្តែង សម្តេចមានចក្ខុវិស័យធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ ក្លាយជាច្រកនៃសេដ្ឋកិច្ចជាតិតាំងពីទស្សវត្ត៩០មកម្ល៉េះ។ ក្នុងន័យនេះ រដ្ឋាភិបាលកំពុងយកចិត្តយ៉ាងខ្លាំងលើការអភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុនេះ បន្ទាប់ពីប៉ូលសេដ្ឋកិច្ចទី១ភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្តានុពលបំផុតមួយ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមួយនេះ បានទាក់ទាញគម្រោងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយគិតមកដល់បច្ចុប្បន្ន មានអគារខ្ពស់ៗបាននិងកំពុងសាងសង់ព្រោងព្រៀតប្រមាណជាជាង ៨០០អគារក្នុងខេត្តព្រះសីហនុ។

- Video Advertisement -