សម្តេច៖ សាច់ប្រាក់ពលកម្ម ១០០លានដុល្លារ បង្កើតការងារផង​ អភិវឌ្ឍ​​នៅមូលដ្ឋាន​ផង​ ​

គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទប្រមាណ​ ១០០លានដុល្លារ ដែល​រដ្ឋា​ភិបាល​បាន​ផ្ដល់​ជូន មិន​ត្រឹម​តែ​អភិឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ទេ ថែម​ទាំ​ង​អាច​ផ្ដល់​ការ​ងារ​ដល់​ប្រជាជន​ទៀត​ផង។

សម្ដេច​ នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃទី២៤ មិថុនា ២០២០នេះ។ ​

សម្ដេច​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​ដែល​ប្រកាស​បិទ​សេដ្ឋកិច្ច​ម្ដង​ណា​ទេ។ ម៉្យាង​ទៀត​ ដំណើរ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ស្រុក​ ពិសេស​ព្រលានយន្ដហោះភ្នំពេញ ដែល​សម្ដេច​ទើប​តែ​បានចុះ​ពិនិត្យ​ពេល​កន្លង​ទៅ​ ក៏​ដូចជា​បណ្ដា​គម្រោង​ផ្លូវ​នៅ​ព្រះសីហនុ​ គម្រោង​ស្ពាន​ឆ្លងទន្លេមេគង្គ នៅតែ​បន្ត​ដំណើរ​ជា​ធម្មតា​ទោះ​បី​មាន​វិបត្តិកូវីដក៏ដោយ និង​អាចស្រូប​កម្លាំង​ពល​កម្ម​បាន​យ៉ាង​ច្រើន​ទៀត​ផង​។ ​

សម្ដេច​បាន​ថ្លែង​ថា៖ «យើងបាន​ បោះទុនមួយរយលានដុល្លារចុះទៅជនបទ អ្នកបាត់បង់ការងារធ្វើក៏អាចរកការងារធ្វើនៅទីនោះបានដែរ។ ដូច្នេះមានការងារធ្វើនៅទីនោះ ១០០លានដុល្លារសាច់ប្រាក់ពលកម្ម គឺផ្ដល់ជូនប្រជាពលរដ្ឋរបស់យើង អាចធ្វើជាកូនប្រឡាយ ជីកស្រះ ដើម្បីយកទឹកទៅស្រោចស្របហើយផលប្រយោជន៍បានទៅលើហេដ្ឋារចនាសម្ព័ន្ធជនបទផង និងទឹកប្រាក់ជាច្រើនបានមកដល់ហោប៉ៅ របស់ប្រជាពលរដ្ឋផង។»

សូមរម្លឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបនឹងបានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាមេរិក សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ ក្នុងបរិបទនៃការរីកសាយជំងឺកូវីដ ១៩៕ (អាន​បន្ថែម​)

- Video Advertisement -