សហព័ន្ធអ្នកសាងសង់អាស៊ានពិភាក្សាអំពីវិធីយកឈ្នះវិបត្តិកូវីដក្នុងកិច្ចប្រជុំលើកទី ៤៩

សហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤៩ តាមរយៈការធ្វើសន្និសីទវីដេអូតាមប្រព័ន្ធអ៊ីនធឺណិតកាលពីខែចុងខែ មិថុនា កន្លងមកនេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍នៃឧស្សាហកម្មសំណង់នៅក្នុងតំបន់ ក៏ដូចជាជួយគ្នារកដំណោះស្រាយ និងវិធីយកឈ្នះវិបត្តិកូវីដ។

កិច្ចប្រជុំក្រុមប្រឹក្សា ACF គឺជាការប្រជុំប្រចាំឆ្នាំដែលផ្តល់ឱកាសដល់សមាជិកនីមួយៗរបស់ខ្លួនរួមមានទាំងសមាគមអ្នកសាងសង់កម្ពុជាដែលតំណាងឱ្យកម្ពុជា ដើម្បីចែករំលែកព័ត៌មានអំពីសក្តានុពលនៃវិស័យសំណង់របស់ប្រទេសនីមួយៗ។

ប្រធានសមាគមអ្នកសាងសង់ម៉ាឡេស៊ីឬហៅកាត់ថា (MBAM) លោក Foo Chek Lee ដែលជាប្រធានទើបតែងតាំងថ្មីរបស់ ACF បានប្រសាសន៍ថា បច្ចុប្បន្ននេះ ឧស្សាហកម្មសំណង់កំពុងប្រឈមនឹងបញ្ហាដែលកើតចេញដោយសារកូវីដ១៩ សង្គ្រាមពាណិជ្ជកម្មពិភពលោក និងបញ្ហាជាច្រើនទៀតដែលរារាំងការរីកចម្រើនរបស់សមាជិក ACF នីមួយៗ។

លោកបានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ដូច្នេះ យើងគួរធ្វើការជាមួយគ្នានិងចែករំលែកព័ត៌មានអំពីវិធីដើម្បីយកឈ្នះលើគ្រាលំបាកទាំងនេះ»។

លោកបន្តថា ‌‍៖ «យើងត្រូវបង្កើនការប្តេជ្ញាចិត្តរបស់យើងចំពោះសាមគ្គីភាពក្នុងការធានាថាសមាជិករបស់យើងដែលមិនសូវមានធនធានអាចសហការ និងមានឱកាសនិងជំនួយបន្ថែមទៀតដើម្បីទទួលយកគម្រោងនានា ហើយក៏ធានាថា ភាគីពាក់ព័ន្ធនៅក្នុងបរិយាកាសការងារសាងសង់ទទួលបានតម្លៃអតិបរមាសម្រាប់ការវិនិយោគរបស់ពួកគេ ដោយការតាមដានស្តង់ដារនៃការអនុវត្តជាក់ស្តែងនៅក្នុងឧស្សាហកម្មនេះ។ យើងគួរឆ្លៀតយកឱកាសនេះធ្វើការជាមួយគ្នាដើម្បីជំរុញ និងផ្សព្វផ្សាយការទិញផលិតផលអាស៊ានមុន» ។‌

លើសពីនេះទៅទៀត លោក Foo ក៏បានណែនាំដល់អ្នកម៉ៅការសំណង់គួរតែពិនិត្យរកវិធីសាស្រ្តថ្មីនៃការធ្វើការងារក្រៅការដ្ឋានសំណង់ សម្រាប់ការគ្រប់គ្រងគម្រោងរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។

លោកបានបន្ថែមថា វាមានសារៈសំខាន់បំផុតដែលអ្នកម៉ៅការពិនិត្យរកវិធីសាស្រ្តថ្មីនៃការធ្វើការងារក្រៅការដ្ឋានសំណង់ដែលអាចជួយធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍ និងភាពស្ថិតស្ថេរ។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ដោយសារការចំណាយខ្ពស់នៃការសាងសង់រួមជាមួយនឹងកង្វះកម្លាំងពលកម្មជំនាញ និងកន្លែងធ្វើការដែលកំពុងរួមតូច។

- Video Advertisement -