សូចនាករបីបង្ហាញពន្លឺសម្រាប់ទីផ្សារអចលនទ្រព្យអាស៊ី ប៉ុន្តែសេដ្ឋកិច្ចងើបរួចឬមិនរួចនៅតែអាស្រ័យលើចិន ហេតុអ្វី?

ត្រឹមត្រីមាសទី១នៃឆ្នាំនេះ ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ( APAC) បានធ្លាក់ចុះដល់កម្រិតទាបបំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១០។ ទោះយ៉ាងណាក៏ដោយ ​ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន និងស្ថានភាពជាក់ស្តែងដែលកំណើនអត្រាការប្រាក់ជិតដល់ចំណុចកំពូល ជាសញ្ញាណនាំឱ្យមានការរំពឹងទុកថាសេដ្ឋកិច្ចសាកលកំពុងតែជិតដល់ភាពធូរស្បើយ។

ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម និងការវិភាគតាមវិស័យនៅចិន៖ វិស័យការិយាល័យរបស់ប្រទេសចិន បន្តប្រឈមមុខនឹងសម្ពាធ ជាចម្បងដោយសារតែកម្រិតផ្គត់ផ្គង់ខ្ពស់។ ផ្ទុយទៅវិញ វិស័យហាងលក់រាយ និងបដិសណ្ឋារកិច្ច ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការប្រើប្រាស់ និងការត្រឡប់មកវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍នៅឆ្នាំ ២០២៣។ ខណៈពេលដែលវិស័យការដឹកជញ្ជូន នៅមានភាពប្រសើរស្របតាមកំណើនសេដ្ឋកិច្ចដែលកំពុងងើបបណ្តើរៗ ប៉ុន្តែទីផ្សារមួយចំនួនក្នុងវិស័យនេះ កំពុងប្រឈមនឹងបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការ។ ប្រភេទទ្រព្យសកម្មជំនួសក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគផងដែរ ទោះបីជាកំណើនបរិមាណនៅតែមិនស្មើគ្នាក៏ដោយ។

ការពន្លឿនការស្តារឡើងវិញ និងផលប៉ះពាល់របស់ចិនលើតំបន់អាស៊ីប៉ាស៊ីហ្វិច ( APAC)៖ការបន្ធូរបន្ថយរបស់ចិនដីគោកនៃគោលនយោបាយសូន្យកូវីដ១៩ រួមជាមួយនឹងការបើកព្រំដែនរបស់ខ្លួនឡើងវិញ បានបង្កើនល្បឿនដោយរំពឹងទុកថា ការស្តារឡើងវិញក្នុងតំបន់នេះ ទីផ្សារចិននឹងរួមចំណែកដល់ទៅ ៤៥%នៃGDPរបស់ទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូលផងដែរ។ សេដ្ឋកិច្ចចិនបានជួបប្រទះនឹងការស្ទុះងើបឡើងវិញដ៏រឹងមាំនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៣ ជាពិសេសនៅក្នុងខែមីនា។ ត្បិតតែទិន្នន័យសេដ្ឋកិច្ចតំបន់ APAC ក្នុងខែមេសា បង្ហាញពីលទ្ធផលចម្រុះ វាជារឿងសមហេតុផលក្នុងការរំពឹងថានឹងមានកំណើន GDP ពិតប្រាកដក្នុងចន្លោះពី ៥% ទៅ ៧% សម្រាប់ឆ្នាំនេះ ដោយប្រទេសចិនបានដើរតួជាកម្លាំងជំរុញនៅពីក្រោយការងើបឡើងវិញនេះ។ សន្ទុះវិជ្ជមាននេះ ត្រូវបានគេរំពឹងថាសេដ្ឋកិច្ចចិននឹងជួយរុញទីផ្សារនៃប្រទេសទាំងឡាយក្នុងតំបន់APAC បានខ្លះ បើទោះជាមិនដល់ទំហំកាលពីក្រោយវិបត្តិសេដ្ឋកិច្ច ឬកាលពីក្រោយកូវីដ១៩ដំបូងៗក៏ដោយ។ ម្យ៉ាងទៀត ក្នុងទិដ្ឋភាពរួម គេមើលឃើញថា គ្មានទីផ្សារនៃប្រទេស APAC ធំៗណាមួយ មានកំណើនអវិជ្ជមាននៅឆ្នាំ ២០២៣ ឡើយ។

អត្រាការប្រាក់ និងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ៖ មានសូចនាករសំខាន់ៗចំនួន០៣ ដែលឆ្លុះបញ្ចាំងពីនិន្នាការសេដ្ឋកិច្ចសកលក្នុងពេលខាងមុខ។ (១). គោលនយោបាយអត្រាការប្រាក់ បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៅទូទាំងទីផ្សារនៃប្រទេស APAC ជាច្រើនក្នុងឆ្នាំកន្លងមក។ (២). ទោះជាយ៉ាងណាក៏ដោយ មានពស្តុតាំងដែលថាសម្ពាធអតិផរណាសកល កំពុងមានកម្រិតមធ្យម។ (៣)។ អត្រាការប្រាក់របស់សហរដ្ឋអាមេរិក កំពុងឈានដល់កម្រិតកំពូល ឆ្លើយតបទៅនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចកំពុងកើនឡើង។ អត្រាការប្រាក់ដល់កម្រិតកំពូល នេះជាសញ្ញាបញ្ជាក់ពីស្ថានភាពដែលនឹងចាប់ផ្តើមធ្លាក់ចុះមកវិញក្នុងពេលមិនយូរប៉ុន្មាន នេះបើយោងតាមបទវិភាគសារព័ត៌មាន schroders.com។

កត្តាទាំងនេះ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយសម្ពាធលើធនាគារកណ្តាលរបស់ប្រទេសទាំងឡាយក្នុងតំបន់ APAC ដែលបង្ខំចិត្តរក្សាអត្រាការប្រាក់ខ្ពស់។ សេដ្ឋវិទូមួយចំនួនរំពឹងថា អត្រាការប្រាក់ក្នុងតំបន់ក៏ជិតដល់កម្រិតកំពូលផងដែរ និងបានព្យាករថា នឹងធ្លាក់ចុះក្នុងអំឡុងពេលណាមួយនៃឆ្នាំ ២០២៤។
ដល់ពេលនោះ សម្រាប់ប្រទេសចិន គេរំពឹងថាអត្រាការប្រាក់នឹងរក្សាបាននូវស្ថិរភាព ឬអាចទាបជាងនៅចុងឆ្នាំ ២០២៣ ដោយសារអតិផរណាធ្លាក់ចុះដែរ។

សម្រាប់ប្រទេសជប៉ុនដែលជាទីផ្សារធំមួយនៃតំបន់ APACដែរនោះ មានការមើលឃើញស្របគ្នាថា ធនាគារកណ្តាលនឹងរក្សាគោលនយោបាយអត្រាការប្រាក់សូន្យរបស់ខ្លួនយ៉ាងហោចណាស់មួយរយៈពេលទៀតដែរ បើទោះបីជាមានការវិភាគភាគតិចខ្លះព្យាករថា កំណើនអតិផរណានៅជប៉ុននឹងបង្ខំឱ្យរដ្ឋាភិបាល ទម្លាក់ចោលគោលនយោបាយនេះក៏ដោយ។

ការអនុវត្តការវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម៖ការកើនឡើងអត្រាការប្រាក់ បានធ្វើឱ្យការទទួលបានហិរញ្ញប្បទានពីធនាគារកាន់តែមានការប្រកួតប្រជែង ដែលបណ្តាលឱ្យមានការថយចុះវិស័យនេះ ៥០% ពីមួយឆ្នាំទៅមួយឆ្នាំ នៅទូទាំងអាស៊ីប៉ាស៊ីហ្វិចក្នុង ត្រីមាសទី១ ដែលសរុបជាទឹកប្រាក់អាចស្នើនឹង ២៧,១ពាន់លានដុល្លារ។ តួលេខនេះ តំណាងឱ្យកម្រិតប្រចាំត្រីមាសទាបបំផុតគិតចាប់តាំងពីឆ្នាំ ២០១០។

គួរកត់សម្គាល់ថាហុងកុង និងសិង្ហបុរីគឺជាទីផ្សារតែមួយគត់ដែលបង្ហាញពីបរិមាណខ្ពស់ជាងនៅក្នុង ត្រីមាសទី១ ដោយមានការកើនឡើង ១៥% និង ៤០% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ កំណើនវិនិយោគអចលនទ្រព្យនៅក្នុងទីក្រុងហុងកុងមានលក្ខណៈស្រពិចស្រពិល ដែលភាគច្រើនត្រូវបានជំរុញដោយការលក់ទ្រព្យសម្បត្តិដើម្បីដោះទាល់ ដោយឡែកការកើនឡើងរបស់សិង្ហបុរីត្រូវបានជំរុញដោយវិស័យលក់រាយ។ ប្រទេសជប៉ុន ថ្វីបើមានការធ្លាក់ចុះ ៤០% នៃទំហំវិនិយោគក៏ដោយ ប៉ុន្តែទីផ្សារអចលនទ្រព្យជប៉ុន ជាទីផ្សារដ៏សំខាន់តែមួយគត់នៃតំបន់ ដែលមានចរន្តជួញដូរល្អ ហេតុដូច្នេះហើយទើបគេមិនឃើញមានការធ្លាក់ចុះកាលពីត្រីមាសទី១។

ខណៈពេលដែលទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ APAC កំពុងបង្ហាញសញ្ញានៃភាពប្រសើរឡើង ផ្លូវឆ្ពោះទៅរកការស្ទុះងើបទីផ្សារពេញលេញអាចនៅតែមានរយៈពេលយូរ។ វាត្រូវការពេលវេលាសម្រាប់អារម្មណ៍ទីផ្សារដើម្បីស្តារឡើងវិញពេញលេញ និងទទួលបានភាពរឹងមាំដូចកាលពីមុនវិបត្តិសកល៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]