សួនទេសចរណ៍តេជោ Westerdam គ្រោងសាងសង់ឡើងនៅក្រុងព្រះសីហនុ
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ គ្រោងបង្កើតសួនទេសចរណ៍តេជោ Westerdam នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីតំបន់ឆ្នេរ និងកោះ។
បើយោងតាមសេចចក្តីសម្រេចចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ក្រុមការងារបច្ចេកទេសថ្មីមួយ ដែលដឹកនាំដោយឯកឧត្តម គឺម សេរីរដ្ឋ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបានបង្កើតឡើង ដើម្បីសិក្សារៀបចំគម្រោងនេះ។
ក្រុមការងារបច្ចេកទេស នឹងសហការជាមួយនឹងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីសិក្សាពិនិត្យទីតាំង ស្វែងរកថវិកា ដៃគូគាំទ្របច្ចេកទេស និងដៃគូអនុវត្តគម្រោងជាដើម។
ការបង្កើតសួនទេសចរណ៍ Westerdam នេះឡើង គឺដើម្បីរំលឹកដល់ពេលដែលកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍របស់អាមេរិក Westerdam ដែលផ្ទុកមនុស្សសរុបជាង ២ ០០០ នាក់ឱ្យចូលចតកាលពីដើមឆ្នាំ ២០២០ ខណៈនាវានេះត្រូវបានបដិសេដដោយប្រទេសជាច្រើន។

