សំណង់អាគារស្អេកស្កះដ៏ប្រណិតនឹងលេចឡើងនៅក្រុងតាខ្មៅក្នុងឆ្នាំ ២០១៨

នៅឆ្នាំ ២០១៨ គេនឹងឃើញក្រុងតាខ្មៅផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលអភិវឌ្ឍអចលនទ្រព្យមួយ ដោយសារតែវត្តមាននៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងអាគារពាណិជ្ជកម្មទ្រង់ទ្រាយធំជាលើកដំបូងនៅទីនេះហៅថា City Center Ta Khmao ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញតាមបណ្តោយមាត់ទន្លេទន្លេបាសាក់ក្រុងតាខ្មៅ។

គម្រោងនេះកសាងនៅលើផ្ទៃដី ១៥.៤៦៣ ម៉ែត្រការ៉េដោយមានផ្ទៃដីដែលមានទេសភាពស្រស់ស្អាតព័ទ្ធជុំវិញទំហំ ១០.៦៦៨ ម៉ែត្រការ៉េ ហើយគម្រោងនេះចាប់ផ្តើមដំណើរការដំណាក់កាលសាងសង់លើកទីមួយនៅថ្ងៃទី ២៤ ខែមីនា។

គម្រោងនេះនឹងក្លាយជាបណ្តុំអាគារទ្រង់ទ្រាយធំជាលើកដំបូងដែលមិនធ្លាប់មាននៅតាខ្មៅ ដែលត្រូវបានសាងសង់ឡើងដោយមានលក្ខណៈជាស្ថាបត្យកម្មសម័យទំនើបមានអាគារកំពស់ ២៧ ជាន់ចំនួន ២ អគារ ពាណិជ្ជកម្មចំនួន ៦៨ ខុនដូដែលមាន ៤៨៤ បន្ទាប់ អមដោយសេវាកម្សាន្តរួមមាន កន្លែងហាត់ប្រាណ អាងហែលទឹក ផ្លូវរត់ហាត់ប្រាណ និងសួនកុមារ។

ការសាងសង់ត្រូវបានបែងចែកជាបីដំណាក់កាលជាប់គ្នា គឺដំណាក់កាលសាងសង់ផ្ទះពាណិជ្ជកម្ម និងអគារពាណិជ្ជកម្ម ដំណាក់កាលសាងសង់មជ្ឈមណ្ឌលផ្សារទំនើប និងដំណាក់កាលសាងសង់អាគារខុនដូ។

គម្រោងវិនិយោគដែលមានតម្លៃប្រហែល ១០០ លានដុល្លារនេះ ស្ថិតក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Tang Kung Group ដែលជាក្រុមហ៊ុនក្នុងស្រុកមានបទពិសោធន៍ជិត ២០ ឆ្នាំ ក្នុងឧស្សាហកម្មអចលនទ្រព្យ និងក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ីដ៏ធំមួយ ដែលជាម្ចាស់ក្រុមហ៊ុន Riverside Group ដែលមានមូលដ្ឋាននៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី។ ប្លង់ស្ថាបត្យកម្មមេរបស់គម្រោងនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដែលឈានមុខគេនៅប្រទេសថៃ A7 Corp ។

ថ្លែងនៅក្នុងពិធីបំបែកបុកគ្រឹះសំណង់ ឧកញ៉ា តាំង គង់ នាយកប្រតិបត្តិរបស់ The River បានឲ្យដឹងថា ទីតាំងគម្រោងនេះត្រូវបានសិក្សាយ៉ាងហ្មត់ចត់បំផុតដោយក្រុមការងារបានវិភាគទៅលើសក្តានុពលរបស់តំបន់ និងទិដ្ឋភាពពិសេសជាច្រើន ដូចជាទីតាំងនៅតាមបណ្តោយទន្លេទន្លេបាសាក់ ខ្យល់អាកាសល្អ បរិស្ថានស្អាត សន្តិសុខសុវត្ថិភាព ដីខ្ពស់ និងមានចម្ងាយតែ ៦ គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស។

លោកបានមានប្រសាសន៍ផងដែរថា “បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងនេះនឹងក្លាយជាបណ្តុំអាគារលំនៅឋានមួយដែលទំនើប និងស៊ីវិល័យរបស់ប្រទេសកម្ពុជា ដោយវានឹងផ្តល់ជូនអតិថិននូវភាពសុខស្រួល សុវត្ថិភាពស្របតាមស្ដង់ដារអន្ដរជាតិ និងជាមជ្ឈមណ្ឌលបរិបូរណ៍អមទៅដោយពាណិជ្ជកម្ម សេវាកម្ម និងការកំសាន្ត ដើម្បីបំពេញតាមតម្រូវការសម្រាប់ការរស់នៅសម័យទំនើបនេះ។

លោកបានបន្ថែមថា “គម្រោងនេះត្រូវបានសាងសង់ដោយធានាគុណភាពសំណង់ រួមជាមួយនឹងការរចនាគួរឲ្យទាក់ទាញ ដើម្បីគោរពតាមស្តង់ដាជាតិ និងអន្តរជាតិ ធ្វើឲ្យវាក្លាយជាទីតាំងមួយក្នុងចំណោមមជ្ឈមណ្ឌលពាណិជ្ជកម្មសកម្មបំផុតរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន The River នឹងបើកអគារតាំងបង្ហាញរបស់ខ្លួនក្នុងពេលឆាប់ៗនៅឆ្នាំនេះ។

ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនោះបានឲ្យដឹងថា City Center Ta Khmao គឺជាលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ល្អមួយសម្រាប់ក្រុងតាខ្មៅ ហើយវានឹងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននាពេលបច្ចុប្បន្ននិងនាពេលអនាគត។

ឯកឧត្តមបានថ្លែងថា: “ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះដែលបានធ្វើឡើងដោយក្រុមហ៊ុនទាំងអស់ ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលរដ្ឋាភិបាលបានពង្រីកទីផ្សារអចលនទ្រព្យ ជាមួយនិងស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចល្អ”។

ខេត្តកណ្តាលដែលលាតសន្ធឹងនៅលើផ្ទៃដីធំទូលាយ នៅភាគខាងត្បូងរាជធានីភ្នំពេញ ចន្លោះរវាងទន្លេបាសាក់និងទន្លេសាប បានបង្ហាញពីសក្តានុពលខាងផ្នែកទីតាំងភូមិសាស្ត្រយ៉ាងខ្លាំង។ ខេត្តនេះមានផ្ទៃដីសរុបចំនួន 3,211 គីឡូម៉ែត្រការ៉េ ដោយត្រូវបានបែងចែកជា 10 ក្រុងនិងស្រុក 127 ឃុំនិងសង្កាត់ 1,010 ភូមិ និងប្រជាជនសរុប 1,189,105 នាក់។

បើតាមឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រាក់ចំណូលប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាលគឺ 1,019 ដុល្លារ ខណៈពេលដែលអត្រាភាពក្រីក្រនៅតែមានចំនួន 14.78% នៅក្នុងឆ្នាំ 2015។ ដោយឡែកចំពោះ ក្រុងតាខ្មៅដែលស្ថិតក្នុងចំណោមស្រុកនិងក្រុងទាំង 10 នៃខេត្តកណ្តាល គឺស្ថិតនៅជាប់និងទន្លេបាសាក់នៅភាគខាងកើត ជាប់និងខណ្ឌមានជ័យនៅភាគខាងជើងជាប់ និងខណ្ឌដង្កោនៅភាគខាងលិច និងជាប់និងស្រុកស្អាង និងស្រុកខ្សាច់កណ្តាលនៅភាគខាងត្បូង។ ទីក្រុងនេះមានសង្កាត់ចំនួន ៦ និង 38 ភូមិ ដោយមានប្រជាជនរស់នៅសរុបចំនួន 75,825 នាក់។

លោកក៏បានមានប្រសាសន៍ផងដែរថា “ក្រុងតាខ្មៅ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មរីកចម្រើនយ៉ាងសម្បូរបែប ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ អគារពាណិជ្ជកម្មប្រណិតៗជាច្រើន និងគម្រោងលំនៅដ្ឋានកំពុងត្រូវបានអភិវឌ្ឍនៅជុំវិញទីក្រុងនេះ។”

ដូចដែលឯកឧត្តម វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករ និងអ្នករៀបចំផែនការនគរូបនីយកម្មដ៏ល្បីបំផុតរបស់កម្ពុជាបានព្យាករណ៍ទុក រាជធានីភ្នំពេញនឹងបន្តរីកធំឡើងឆ្ពោះទៅរកក្រុងតាខ្មៅ ដោយសារថាតំបន់នេះធន់នឹងទឹកជំនន់បាន ហើយវានឹងនៅតែមានលក្ខណៈបែបនេះសម្រាប់ពេលអនាគតទៅមុខទៀត។

លោក ហួន ហេង ប្រធានគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន The River បានមានប្រសាសន៍ថា ការងារកន្លងមកមានសកម្មភាពខ្លាំងនៅលើគ្រឹះរបស់គម្រោងនេះ ជាពិសេសលំនៅឋានដែលត្រូវបានលក់ចេញចំនួន 40% ហើយ ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អតិថិជនជាច្រើនមានចំណាប់អារម្មណ៍កក់ខុនដូ ប៉ុន្តែក្រុមហ៊ុននឹងមិនទទួលយកប្រាក់កក់មុនពេលការសាងសង់ខុនដូចាប់ផ្តើមនោះទេ។

លោកបានបញ្ជាក់ថា “យើងចង់បង្ហាញទៅកាន់អតិថិជនថា ក្រុមហ៊ុនរបស់យើងមានទុនគ្រប់គ្រាន់ដើម្បីសាងសង់គម្រោងនេះ ដែលខុសគ្នាពីគម្រោងផ្សេងទៀតដែលអាស្រ័យលើប្រាក់កក់របស់អតិថិជនដើម្បីបញ្ចប់ការសាងសង់”។

City Center Ta Khmao មិនមែនជាគម្រោងលើកដំបូង និងចុងក្រោយរបស់ក្រុមហ៊ុន The River នោះទេ។ ក្រុមហ៊ុនបានមានគម្រោងអភិវឌ្ឍន៍មួយទៀតនៅខេត្តព្រះសីហនុ ដែលមានឈ្មោះថា City Center Sihanoukville ដែលនឹងត្រូវសាងសង់ឡើងក្នុងពេលឆាប់ៗនៅឆ្នាំនេះ។ ខេត្តព្រះសីហនុ គឺតំបន់ទេសចរណ៍ធំទីពីរបន្ទាប់ពីខេត្តសៀមរាប ហើយសព្វថ្ងៃនេះ វិនិយោគិនជប៉ុន និង ចិនជាច្រើន បានទិញដីនៅទីនោះ។

- Video Advertisement -