សំណើបង្កើតគណៈកម្មាធិការចម្រុះគ្រប់គ្រងសំណង់សម្រាប់កម្ពុជា

សមាគម​គ្រប់គ្រង​សំណង់​កូរ៉េ (CMAK) បាន​ជួយ​ដល់​កម្ពុជា​ដើម្បី​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​សំណង់ (CM) ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គុណភាព​សំណង់​សម្រាប់​អគារ​នាពេល​អនាគត​នៅ​កម្ពុជា។ ដើម្បី​ធានាឲ្យមាន​ភាពប្រសើរឡើង​នៃ​ប្រព័ន្ធគ្រប់គ្រង​សំណង់(CM)យ៉ាង​មាន​ប្រសិទ្ធិភាព CMAK បានស្នើ​បង្កើត​គណៈកម្មាធិការ​រួម​មួយ​ដែលមាន​ឈ្មោះថា គណៈកម្មាធិការ​សហប្រតិបត្តិការ​ផ្នែក​សំណង់​កម្ពុជា-កូរ៉េ ដោយមាន​សមាសភាព​នៃ​អង្គភាព​មកពី​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​នៃ​ប្រទេស​ទាំងពីរ។

ពង្រាង​សេចក្តី​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ដែល​ស្នើឡើង​ដោយ CMAK ដែល​ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​ទទួលបាន​នៅ​ពាក់កណ្តាល​ខែកុម្ភៈ បាន​បញ្ជាក់ថា គណៈកម្មាធិការ​នេះ​គឺ​ចាំបាច់​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​សម្រាប់​ភាពប្រសើរឡើង​នៃ​ការគ្រប់គ្រង​សំណង់​ប្រកបដោយ​ប្រសិទ្ធិភាព សកម្មភាព​បណ្តុះបណ្តាល​បុគ្គលិក​សំណង់ និង​ផ្នែក​បច្ចេកវិទ្យា ព្រមទាំង​បង្កើត​នូវ​ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម និង​ដៃគូ​យុទ្ធសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា។

គណៈកម្មាធិការ​នេះ​ក៏​នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​គម្រោង​សាងសង់ថ្មីៗរបស់​ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម ឬ​ដៃគូ​យុទ្ធសាស្ត្រ ដែលមាន​សក្តានុពល​ដើម្បី​អនុវត្ត​ប្រព័ន្ធ CM នេះ។ ភារកិច្ច​ចុងក្រោយ គឺ​អនុវត្ត​គម្រោង​នានា​ដែល​បង្កើតឡើង​ដោយ​គណៈកម្មាធិការ​ចម្រុះ​នេះ និង​ដែល​ទាក់ទង​ទៅ​និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា។

សមាគម​គ្រប់គ្រង​សំណង់​កូរ៉េ (CMAK) ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៩៧ និង​ដែលមាន​អ្នកម៉ៅការ​ជាង ១៧០ នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនិង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC) ក្នុង​ឆ្នាំ ២០១៤ ដើម្បី​ជួយ​រៀបចំ​កូដ​សំណង់​របស់​កម្ពុជា ដើម្បី​នាំយក​សេវា​ប្រព័ន្ធគ្រប់គ្រង​សំណង់​មកកាន់​ប្រទេស​កម្ពុជា។

នៅ​ឆ្នាំ​ដដែល​នេះដែរ CMAK ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​ជាមួយ​សមាគម​អ្នកសាងសង់​កម្ពុជា (CCA) ដែលមាន​សមាជិក​ក្រុមហ៊ុន​រកស៊ីទទួ​លទានទាក់ទង​នឹងវិស័យសំណង់​ជាង ១០០ក្រុមហ៊ុន។ ដោយសារតែ​គណៈកម្មាធិកា​រ​ចម្រុះ​ដែល​បានស្នើ​ឡើង​ខាងលើ​មាន​គោលបំណង​ចម្បង​ឲ្យ​ស្ថាប័ន​ទាំងពីរ​នេះ​ចូល​ជា​សមាជិក ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កំពុង​រង់ចាំ​យោបល់​ពី​សមាគម​អ្នកសាងសង់កម្ពុជា ទាក់ទង​នឹង​ពង្រាង​កិច្ចព្រមព្រៀង មុនពេល​ផ្តល់​ចម្លើយ​តប​ទៅកាន់​ភាគី​កូរ៉េ។

CMAK បាន​ផ្ញើ​សៀវភៅ​ណែនាំ​ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សំណង់ ដែល​ផ្អែកលើ​ការអនុវត្ត​របស់​ប្រទេស​កូរ៉េ មកកាន់​ភាគី​កម្ពុជា ដើម្បី​ជួយ​ភាគី​កម្ពុជា​ក្នុងការ​បង្កើត​នូវ​ប្រកាស​ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សំណង់ ដែល​ត្រូវ​នឹង​បរិបទ​ប្រទេស​កម្ពុជា ហើយ​ដែល​ប្រកាស​នេះ​ត្រូវបាន​រំពឹងថា​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ។

នៅពេលដែល​រដ្ឋាភិបាល​អនុម័ត​ច្បាប់​នេះ អាគារ​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​គម្រោងថ្មីៗ នឹងត្រូវ​អនុវត្តតាម​ប្រព័ន្ធគ្រប់គ្រង​សំណង់ ដើម្បី​បង្កើន​គុណភាព​សំណង់ ព្រមទាំង​សន្សំសំចៃ​ចំណាយ​សាងសង់។ អ្វីដែល​គួរឲ្យចាប់អារម្មណ៍​នោះ គឺថា​ការអនុវត្តន៍​នូវ​ប្រព័ន្ធគ្រប់គ្រង​សំណង់នឹង​អាចបង្កើត​ឲ្យ​មាននូវ​ក្រុមហ៊ុន​ដែល​អាច​រកប្រាក់​ចំណូល​តាមរយៈ​ការផ្តល់សេវា​គ្រប់គ្រង​សំណង់​ទៅកាន់​គម្រោង​នានា​នៅ​ទូទាំងប្រទេស។

លោក Lee Soo Hyun សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​វិស្វកម្ម​នៅ​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល និង​ជា​តំណាង​របស់ CMAK បាន​លើកឡើងថា ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ការសាងសង់​បាន​ត្រឹមត្រូវ អាច​សន្សំសំចៃ​ចំណាយ​សាងសង់ ពេលវេលា ព្រមទាំង​ធានា​គុណភាព និង​សុវត្ថិភាព និង​ជួយ​គ្រប់គ្រង​ហានិភ័យ​នៃ​សំណង់​ទៀតផង ប៉ុន្តែ​វា​គឺជា​ការលំបាក​ក្នុងការ​អនុវត្ត​វិធីសាស្ត្រ​សាងសង់​របស់​ប្រទេស​កូរ៉េខាងត្បូង​នៅ​កម្ពុជា ព្រោះ​ប្រទេស​កម្ពុជា​មិនទាន់មាន​ច្បាប់​សាងសង់​ដែល​ល្អ​នៅឡើយ។

ប្រព័ន្ធ CM នេះ​ក៏​នឹង​ប៉ះពាល់​ដល់​ច្បាប់​សាងសង់​ដែល​រង់ចាំ​ការអនុម័ត​ជា​យូរ​មកហើយ ​ដែល​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គិតថា​នឹង​ត្រូវបាន​យកទៅ​អនុម័ត​នៅក្នុង​រដ្ឋាភិបាល​នីតិកាល​ទី ៥ នៃ​រដ្ឋសភា​នេះ។ អ្នក​នៅក្នុង​ឧស្សាហ​កម្មនេះ សង្ឃឹមថា​ច្បាប់​នេះ​នឹង​អាច​ដោះស្រាយ​បញ្ហា​នានា​ដែល​ទាក់ទង​ទៅនឹង​ឧស្សាហកម្ម​សំណង់។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាមដាន​ជាមួយនឹង CMAK និង CCA ឯកឧត្តម អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ស្វាគមន៍​ជំនួយ និង​ការប្តេជ្ញាចិត្ត​របស់ CMAK ក្នុងការ​បញ្ចប់​ការងារ​ពង្រាង​ប្រកាស​ស្តីពី​ការគ្រប់គ្រង​សំណង់នៅ​ចុង​ឆ្នាំនេះ ក្នុង​គោលបំណង​ដើម្បី​ដាក់​អនុវត្ត​វា​នៅក្នុង​ឆ្នាំ ២០១៧ ខាងមុខនេះ។

- Video Advertisement -