ស្ថានីយជញ្ជីងនៅផ្លូវជាតិលេខ ៥ បញ្ចប់ការសាងសង់ និងបើកដំណើរការជាបណ្តោះអាសន្ន
ស្ថានីយជញ្ជីងលង្វែក-ខេត្តកំពង់ឆ្នាំង នៅលើផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ ៧០+២០០ ភូមិននាមទទឹង នៃស្រុករលាប្អៀរ ត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្នហើយ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។
ការប្រគល់និងទទួលស្ថានីយជញ្ជីងនេះ បានធ្វើឡើងរវាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងមន្រ្តីស្ថានីយជញ្ជីងលង្វែករបស់តំណាង JICA។
ការដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងលង្វែកនេះ គឺដើម្បីថ្លឹងទម្ងន់រថយន្តនៅលើផ្លូវ ក៏ដូចជាត្រួតពិនិត្យលើរថយន្តដែលបើកបរនៅលើផ្លូវនេះ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពផ្លូវ។
ជាមួយគ្នានេះ ការដាក់ប្រើប្រាស់ស្ថានីយជញ្ជីងបណ្តោះអាសន្ន គឺធ្វើឡើងរហូតដល់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៥ បានបញ្ចប់រួចរាល់។
គួររម្លឹកថា ផ្លូវជាតិលេខ ៥ បច្ចុប្បន្នកំពុងត្រូវពង្រីកពី ២ គន្លងទៅ ៤ គន្លង ដែលមានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) ហើយបែងចែកជា ៣កំណាត់។ គម្រោងនេះ កំពុងអនុវត្តដោយចំណាយទឹកប្រាក់ប្រមាណ ៥00លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។
ទោះបីជាមានការរីករាលត្បាតជំងឺកូវីដី១៩ក្តី គម្រោងស្ដារ និងស្ថាបនាផ្លូវជាតិលេខ៥ នៅតែបន្តដំណើរការដោយរលូនដូចការគ្រោងទុក។ បើយោងតាមទិន្នន័យចុងក្រោយកាលពីខែកុម្ភៈ គម្រោងទាំងមូលសម្រេចបានជាង ៥០% ហើយ៕ (អានបន្ថែម)

