ស្ថានីយសាករថយន្តអគ្គិសនីសាធារណៈដំបូងគេនៅកម្ពុជា បង្ហាញមុខនៅទីស្ដីការក្រសួង
ស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈដំបូងនៅកម្ពុជា ដែលមានទីតាំងនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២២។
ពិធីសម្ពោធធ្វើឡើងក្រោមវត្តមានដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងចូលរួមដោយតំណាង UNDP ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងក្រុមហ៊ុនយានយន្តអគ្គិសនីចំនួន ១២ ផងដែរ។
ក្រៅពីបើកសម្ពោធស្ថានីយសាកថាមពល កម្មវិធីក៏មានការតាំងពិព័រណ៍យានយន្តអគ្គិសនី និងការធ្វើបទបង្ហាញពីបច្ចេកវិទ្យាពាក់ព័ន្ធពីក្រុមហ៊ុនយានយន្តអគ្គិសនីផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល ថា កម្មវិធីនេះមានគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានានៃយានយន្តអគ្គិសនី សំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។
បើតាមផែនការ នៅឆ្នាំ២០២២ ស្ថានីយសាករថយន្តអគ្គិសនីយ៉ាងហោច ១០ទីតាំង នឹងបង្ហាញខ្លួន នៅតាមទីតាំងសំខាន់ៗនានា ដូចជាខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ ស្ថានីយប្រេង និងផ្លូវជាតិនានាជាដើម។
ឯកឧត្តមបន្តថា កម្ពុជាមានផែនការជំរុញឱ្យមានប្រើប្រាស់រថយន្តអគ្គិសនី ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% នៅឆ្នាំ២០៥០ ស្របតាមគោលដៅកាបូនសូន្យនៅឆ្នាំ២០៥០។
យោងតាមរបាយការណ៍ក្រសួង យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅឆ្នាំ ២០២០ មានត្រឹម ២គ្រឿងប៉ុណ្ណោះ តែនៅឆ្នាំ២០២១ កើនដល់ ៦២គ្រឿង ។ ដោយឡែកនៅ ៣ ដំបូង ឆ្នាំ២០២២ មានការចុះបញ្ជីបន្ថែមដល់ទៅ៤៧គ្រឿង កើនឡើង៦៧១%។

