ស្ថាប័នវិភាគសេដ្ឋកិច្ចសិង្ហបូរីថា មានវិធីសាស្រ្ត ២ ដែលកម្ពុជាគួរអនុវត្តដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ
ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ ឬ AMRO បានផ្តល់អនុសាសន៍ដល់ប្រទេសកម្ពុជាថា ការពន្លឿនការចាក់វ៉ាក់សាំង និងការបន្តផ្តល់កញ្ចប់ថវិកាជំនួយឱ្យចំទិសដៅ គឺជាគន្លឹះសំខាន់ ២ធំៗ ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តដើម្បីរក្សាលំនឹង និងកំណើនសេដ្ឋកិច្ច។
ការណែនាំធ្វើឡើងតាមរយៈរបាយការណ៍រវាយតំលៃបឋម ក្នុងពិធីពិគ្រោះប្រជុំរវាង AMRO និងអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ១៩ ខែមេសា ដល់ថ្ងៃទី ៤ ខែឧសភា កន្លងមកនេះ។
ជាបឋម AMRO បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤% នៅឆ្នាំ ២០២១ ដែលភាគច្រើនគឺបណ្ដាលមកពីការស្ទុះងើបឡើងវិញនៃសង្វាក់ផលិតកម្ម និងកំណើនសកម្មភាពសេដ្ឋកិច្ច (ការចាយវាយ) ចេញពីកញ្ចប់ថវិកាជំនួយរបស់រដ្ឋ។
ប៉ុន្តែនេះគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះ ព្រោះប្រទេសកម្ពុជាក៏កំពុងមានហានិភ័យផ្សេងៗផងដែរ រួមមានការកើនឡើងនៃការឆ្លងក្នុងសហគមន៍ ការបិទខ្ទប់ និងហានិភ័យហិរញ្ញវត្ថុផ្សេងទៀត។
AMRO បាននិយាយថា៖ «ដោយសារតែប្រព័ន្ធសុខភាពសាធារណៈកម្ពុជានៅមានកម្រិត កម្ពុជាងាយរងគ្រោះនឹងការឆ្លងទ្រង់ទ្រាយធំ ពិសេសក្នុងវិស័យការងារដែលត្រូវប្រាស្រ័យទាក់ទងគ្នា ដូចជារោងចក្រជាដើម»។
ដោយឡែក សម្រាប់វិស័យហិរញ្ញវត្ថុវិញ ក៏អាចនឹងរងហានិភ័យផងដែរ។ ការរៀបចំឥណទានឡើងវិញក្នុងវិស័យធនាគារ [ឬស្គាល់ទូទៅថាការអនុគ្រោះឱ្យបង់តែការប្រាក់ ដោយមិនយកប្រាក់ដើម] ជាវិធីសាស្រ្តល្អ។ ប៉ុន្តែ បើវិធានការណ៍នេះអូសបន្លាយ វានឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារធ្លាក់ចុះ។
ជាមួយនឹងហានិភ័យទាំងនេះ AMRO បានស្នើថា ប្រទេសកម្ពុជាគួរតែផ្តោតលើការចាក់វ៉ាក់សាំងឱ្យបានលឿនបំផុត និងកែតម្រូវគោលនយោបាយកញ្ចប់ថវិកាជំនួយឱ្យចំគោលដៅ និងមានភាពបត់បែនជាងមុន។
AMRO ថា៖ «កត្តាសំខាន់បំផុត គឺការការចាក់វ៉ាក់សាំង។ បើមានការការចាក់វ៉ាក់សាំងកាន់តែលឿន សេចក្តីសង្ឃឹមក្នុងការស្ដារសេដ្ឋកិច្ច គឺមានកាន់តែខ្ពស់»។
ដោយឡែក សម្រាប់គោលនយោបាយវិញ រដ្ឋក៏គួរតែកែសម្រួលដែរ។ ដោយសារតែវិស័យនានារងផលប៉ះពាល់មិនស្មើគ្នា រដ្ឋគួរតែសិក្សាឡើងវិញ ហើយយកកញ្ចប់ថវិកាជំនួយទៅប្រើឱ្យចំទិសដៅជាងមុន ពោលគឺទៅលើ SME ណាដែលមានផលិតកម្មខ្ពស់។ (មានន័យថាជួយអាជីវកម្មណាដែលកំពុងតែមានសកម្មភាពខ្លាំង មិនមែនជួយគ្រប់អាជីវកម្មដែលត្រូវការជំនួយនោះទេ)
លើសពីនេះ រដ្ឋក៏គួរតែជួយសម្រួលដល់ការផ្លាស់ប្តូរកំលាំងពលកម្ម និងធនធាន ទៅរកអាជីវកម្មណាដែលកំពុងមានសន្ទុះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ (ឧទាហរណ៍ដូចជា ប្ដូរបុគ្គលិកសណ្ឋាគារទៅជា អ្នកដឹកជញ្ជូនទំនិញ ឬលក់ម្លូបអាហារអនឡាញជាដើម)។


- Video Advertisement -