ស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី៣ សាងសង់បានជិត១០០%ហើយ

មកទល់បច្ចុប្បន្ន ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលជាផ្នែកមួយរបស់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ ខណៈការដ្ឋានផ្លូវទាំងមូលក៏ដំណើរទៅដោយរលូនផងដែរ។ នេះបើយោងតាមក្រសួងសារធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។

ស្ពានឆ្លងកាត់ទន្លេបាសាក់ បែកចែកជា ២ ខ្សែ រួមមានស្ពានផ្នែកខាងកើតប្រវែង ៦៣០ម៉ែត្រ ដែលសម្រេចបាន៩៥,១០% ហើយគ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានផ្នែកខាងលិចប្រវែង ៣៦៦ម៉ែត្រ ដែលសម្រេចបាន ៩៩,៤០% ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុបជាង ៥ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងអាម៉េរសរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង)។

ផ្លូវនេះឆ្លងកាត់ភ្នំពេញ ១៥,៤២គីឡូម៉ែត្រ និងខេត្តកណ្តាល ៣៧,៥៦គីឡូម៉ែត្រ ដោយនឹងក្លាយជាផ្លូវក្រវាត់ក្រុងដ៏ធំ បម្រើឱ្យសេវាដឹកជញ្ជូនតភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់។

គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម)

- Video Advertisement -