ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃបេតុង
បេតុងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាសាកល ដោយសារវាឋិតថេរ ប្រើប្រាស់បានយូរអង្វែង និងអាចបត់បែនតាមតម្រូវការប្រើប្រាស់។ ជាផ្នែកមួយនៃសម្ភារសំណង់ បេតុងគឺរឹងមាំ អាចកាត់បន្ថយសម្លេង និងធន់នឹងអគ្គីភ័យ។
វត្ថុធាតុដើម
បេតុងជាវត្ថុធាតុដើម ឬជាធាតុផ្សំមួយក្នុងចំណោមកត្តាសំខាន់ទាំងអស់ដែលត្រូវគិតគូរ មុនប្លង់សម្រេចចេញជារូបរាង និងសំណង់ក្លាយជាគ្រោងបេតុង។ វាសំខាន់ណាស់ក្នុងការធានាថា វត្ថុធាតុដើម ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នបំផុតក្នុងដំណាក់កាលជាក់លាក់ដំបូង។
ធាតុសំខាន់ៗនៃវត្ថុធាតុដើមបេតុងរួមមាន៖
១. ស៊ីម៉ង់តិ៍
២. ថ្មក្រួស (ម៉ដ្ឋ /គ្រើម)
៣. ទឹក
ស៊ីម៉ង់តិ៍៖ ស៊ីម៉ង់តិ៍ Portland គឺត្រូវបានវាស់ខ្នាតដោយចាត់ថ្នាក់របស់វា (ឧទាហរណ៍៖ ចំណាត់ថ្នាក់ ៤២.៥ យោងទៅតាមបទដ្ឋានបច្ចេកទេសដែលប្រើប្រាស់ដោយទីប្រឹក្សាគម្រោងប្លង់)។ យ៉ាងណាក៏ដោយ ប្រភពស៊ីម៉ង់តិ៍ ប្រទេសផលិត និងរូបមន្តលាយ គឺជាកត្តាសំខាន់ៗមួយ ដែលបង្ហាញពីឥទ្ធិពលនៃប្រតិកម្មកម្តៅជាមួយទឹក។ កត្តានេះគឺវាជះឥទ្ធិពលដល់ការកំណត់ពេលវេលា និងបញ្ហាសាយភាយកម្តៅ។
ថ្មក្រួស៖ ថ្មក្រួសត្រូវបានបែងចែកជាថ្មក្រួសម៉ដ្ឋ និងថ្មក្រួសដុំ ជាទូទៅមានខ្សាច់ និងថ្ម។ វាដើរតួនាទីជាវត្ថុអចលនាក្នុងបេតុង ហើយមានចំណុះពី ៦០ ទៅ ៧០ភាគរយ នៃបរិមាណបេតុង។ កត្តានានាដែលជះឥទ្ធិពលដល់គុណភាពបេតុងបណ្តាលមកពីសារសំខាន់នៃថ្មក្រួសគឺ៖
– ការបែងចែកគុណភាព
– ភាពធន់
– ភាគល្អិត និងរូបរាង (មូល, ជ្រុង, ទ្រវែង)
– សំណឹក និងធន់ភាពសឹករេចរិល
– ការស្រូបយកសំណើម និងផ្ទៃសំណើម
ជាទូទៅយើងត្រូវគិតថា ស្នាមផ្ទៃ ទ្រង់ទ្រាយ និងភាពទ្រវែងផ្សំចូលគ្នានៃថ្មក្រួស នឹងការបន្ថែមទឹកក្នុងការផលិតបេតុងដែលអាចប្រើការបានដោយរលូន ភាពហាប់ណែននៃថ្មក្រួសដែលមានទម្រង់មូល ជាមួយបរិមាណស៊ីម៉ង់តិ៍ក៏ត្រូវតែបានបង្កើនផងដែរដើម្បីធានានូវអត្រាល្បាយទឹកនិងស៊ីម៉ង់តិ៍បានល្អ។ ជាធម្មតា អ្វីដែលត្រូវចងចាំ គឺជៀសវាងយកថ្មក្រួសសំប៉ែត ឬទ្រវែង មកលាយធ្វើជាបេតុង។
អត្រាប្រហោង (បេតុងស្អុយ) នៃគ្រាប់ថ្ម គឺជាប្រធានបទដ៏សំខាន់ ដែលវាជះឥទ្ធិពលដល់កំរិតនៃភាពបន្ស៊ីរបស់ស៊ីម៉ង់តិ៍ដែលវាទាមទារនៅពេលលាយបញ្ចូលគ្នា។ ខាងក្រោមនេះជាបទដ្ឋានខ្លះៗដែលត្រូវចងចាំ៖
ក. ថ្មក្រួសទម្រង់ស្មើជ្រុង នឹងជួយបិទភ្ជិតនៃអត្រាប្រហោង (មិនមានបេតុងស្អុយ)
ខ. ទំហំធំៗនៃថ្មក្រួសដែលបានជ្រើសរើសរួច និងបានបែងចែកច្បាស់លាស់ កាត់ជួយបន្ថយនូវអត្រាប្រហោងបានល្អ (មិនមានបេតុងស្អុយ)
គ. ការស្រូបសំណើម និងផ្ទៃសើមនៃថ្មក្រួស ត្រូវបានវាស់ពេលជ្រើសរើសថ្ម ពីព្រោះផ្ទៃខាងក្នុងនៃថ្មក្រួស ដែលមានផ្សំពីសារធាតុរឹង វានឹងមានប្រហោងដែលអាច ឬមិនអាចផ្ទុកទឹកបាន។
ឃ. បរិមាណទឹកនៅក្នុងល្បាយស៊ីម៉ង់តិ៍ត្រូវតែគណនា ឬថ្លឹងឱ្យបានត្រឹមត្រូវ ដើម្បីស្របនឹងលក្ខខណ្ឌសំណើមរបស់ថ្មក្រួស
ង. សំណឹក និងភាពធននៃសំណឹករបស់ថ្មក្រួស គឺសំខាន់ណាស់ពេលថ្មក្រួសត្រូវបានគេប្រើក្នុងបេតុងដែលយកទៅចាក់សម្រាប់ផ្លូវថ្មើរជើងដែលប្រើប្រាស់ជាប្រចាំ ហើយដែលរងនូវសំណឹកខ្លាំង។
ជាទូទៅ ទឹកដែលយកមកប្រើសម្រាប់លាយបេតុងគួរតែស្អាត និងមិនមានសារធាតុគ្រោះថ្នាក់។ តម្លៃ PH នៃទឹក គឺជះឥទ្ធិពលដល់គ្រឿងបង្គុំបេតុង ហើយជាពិសេស វាសំខាន់ណាស់ក្នុងការកម្រិតនៃអាត្រាល្បាយទឹកនិងស៊ីម៉ង់តិ៍ត្រឹមត្រូវ។ អាត្រានៃល្បាយនេះ គឺវាជះឥទ្ធិពលដល់លក្ខណៈសម្បត្តិផ្សេងរបស់បេតុងដូចជា ការរងចលនា ភាព
ជាប់មាំ និងអាយុកាលប្រើប្រាស់។
បន្ទាប់ពីដំណើរការនៃការជ្រើសរើសវត្ថុធាតុដើម សារធាតុទាំងអស់នោះត្រូវបានគេលាយច្របាច់បញ្ចូលគ្នាទៅតាមអនុសាសន៍ណែនាំ ឬរូបមន្តលាយដែលយល់ព្រមត្រឹមត្រូវ ហើយបន្ទាប់មកពួកគេដាក់បញ្ចូលក្នុងរោងចក្រលាយបេតុង ដែលទូទៅយើងហៅថា Ready Mixed Concrete Batching Plant ។ Wet Mixed Plants គឺជារោងចក្រដែលត្រូវបានគេនិយមប្រើប្រាស់ភាគច្រើន។ រូបមន្តលាយគឺមានសារសំខាន់ណាស់ ដែលវាជាអាថ៍កំបាំងពាក់ព័ន្ធនឹងជំហានផ្សេងៗ ការគណនា និងការធ្វើតេស្តពិសោធន៍ ដើម្បីកំណត់យកនូវរូបមន្តលាយដែលមានសមាមាត្រត្រឹមត្រូវ។ សមាមាត្រនៃការលាយទាំងនេះ គឺជាគោលបំណងចុងក្រោយ ដើម្បីធ្វើឱ្យសំណង់បេតុងមានលក្ខណៈសន្សំសំចៃខ្ពស់ ជាមួយការសម្រេចបាននូវការទាមទារ ឬកម្លាំងកំណត់ទៅតាមប្រភេទនៃគ្រឿងបង្គុំ។

លទ្ធផលចុងក្រោយ គឺការផលិតបរិមាណបេតុងដោយការប្រើប្រាស់ធាតុផ្សំដែលល្អឥតខ្ចោះ ដើម្បីឱ្យគម្រោងសាងសង់ទទួលបានជោគជ័យ។ ការបង្កើនអាត្រាវត្ថុធាតុដើមនៃប្រភេទណាមួយ វានឹងមិនបន្ថែមគុណប្រយោជន៍ដល់ផលិតផលសម្រេចចុងក្រោយទេ ដរាបណាគ្មានការសិក្សាអំពីផែនការត្រឹមត្រូវ។ ជំនួសមកវិញ សកម្មភាពហួសជ្រុស នឹងបង្កើនចំណាយសម្រាប់រោងចក្រលាយបេតុង និងលទ្ធផលធ្លាក់នៃប្រាក់ចំណេញទៅថ្ងៃអនាគត។
រៀបរៀងអត្ថបទដោយ នាយកក្រុមហ៊ុន Hong He Supply Pte Ltd.។ លោកជាវិស្វករ ដែលមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងវិស័យឧស្សាហកម្មបេតុង និងកៅស៊ូថ្នល់។
ប្រែសម្រួលក្រៅផ្លូវការដោយ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ
- Video Advertisement -