ហេតុអ្វីរុស្សី និងចិន សម្រុកទិញអចលនទ្រព្យនៅថៃក្នុងកាលៈទេសៈនេះ? កម្ពុជាគួររៀនសូត្រអ្វីខ្លះ?

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២នេះ ចិនបានទិញខុនដូនៅប្រទេសថៃ សរុបជាង  ៣.៥០០ យូនីត ដែលមានតម្លៃជិត ១៨ពាន់លានដុល្លារ ។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ REIC ។

តួលេខនេះស្មើនឹង ៤៩%  នៃចំនួនយូនីតដែលបានផ្ទេរទៅឱ្យជនបរទេសទាំងអស់ ដែលធ្វើឱ្យចិនក្លាយជាអ្នកទិញខុនដូបរទេសច្រើនជាងគេក្នុងប្រទេសថៃ។  ថៃក៏រំពឹងថានឹងមានភ្ញៀវទេសចរចិនយ៉ាងតិច ៥លាននាក់នៅឆ្នាំ២០២៣  ដែលក្នុងនោះនឹងមានអ្នកទិញអចលនទ្រព្យជាច្រើនផងដែរ។

ប្រភព​ដដែល​បាន​បង្ហាញ​ថា អ្នក​ទិញ​អចលនទ្រព្យ​បរទេស​លំដាប់ទៅ២ ​នៅ​ប្រទេស​ថៃ គឺ​ជនជាតិ​រុស្ស៊ី។ ប្រមាណ ៤០% នៃខុនដូដែលគ្រប់គ្រងដោយបរទេសនៅកោះភូកេត ត្រូវបានកាន់កាប់ដោយជនជាតិរុស្ស៊ីដែលមានតម្លៃសរុប ៨៨០លានបាត ស្មើនឹងប្រមាណជា ២៦លានដុល្លារ។

ជាក់ស្ដែង ជនជាតិចិន និងរុស្សី គឺជាវិនិយោគិនអចលនទ្រព្យក្នុងប្រទេសថៃតាំងពីមុនកូវីដ-១៩ មកម្លេះ ជាពិសេសនៅទីក្រុងធំៗដូចជា បាងកក ភូកេត ប៉ាតាយ៉ា និងឈៀងម៉ៃ។

ប៉ុន្តែ ដោយសារតែភាពមិនប្រាកដប្រជាក្រោយវិបត្តិកូវីដ១៩ វិបត្តិសេដ្ឋកិច្ចលោក និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឱ្យក្រុមទាំង២ សម្រុកមកទិញអចលនទ្រព្យកាន់តែច្រើនឡើងនៅក្នុងប្រទេសនេះ។

ហេតុអ្វី? ហើយកម្ពុជាអាចរៀនសូត្រអ្វីពីលំហូរវិនិយោគិននេះ?

មុនសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប្រទេសប៊ុលហ្គារី និងអាល្លឺម៉ង់ គឺជាគោលដៅទិញអចលនទ្រព្យសម្រាប់ជនជាតិរុស្ស៊ី។ ប៉ុន្តែ បច្ចុប្បន្ន តំបន់មជ្ឈិមបូព៌ា ទួរគី និងអាស៊ីអាគ្នេយ៍ គឺជាទីតាំង៣  ដែលរុស្សីសម្រុកទិញអចលនទ្រព្យ។

យោងតាមសារព័ត៌មាន Al Jazeera ក្រោយសង្រ្គាមរុស្ស៊ី- អ៊ុយក្រែន  ថៃបានក្លាយជាជម្រកសុវត្ថិភាពសម្រាប់ពលរដ្ឋរុស្ស៊ី។ ជនជាតិរុស្សីចាប់ផ្ដើម ខ្លាច និងធុញទ្រាន់នឹងភាពមិននឹងនរនៅក្នុងប្រទេសខ្លួន និងអឺរ៉ុប។ ការវិនិយោគនៅទីតាំងថ្មី ហើយបង្កើតជាផ្ទះទី២ គឺវិធីសាស្ត្របន្ធូរបន្ថយហានិភ័យ។

តម្លៃដែលទាបជាងតម្លៃនៅប្រទេសរបស់ពួកគេ ក៏ជាកត្តាជំរុញមួយ។ ជាក់ស្ដែង រុស្សីអាចប្រើលុយត្រឹម ៥.០០០.០០០ដុល្លារ ដើម្បីទិញអចលនទ្រព្យដ៏ប្រណីតមួយនៅជាប់មាត់សមុទ្រថៃ។ ពូកគេអាចមានក្ដីសុខជាមួយធម្មជាតិរបស់កោះភូកេតដែលមានឆ្នេរដ៏ស្រស់ស្អាត និងសង្គមដែលទំនើបមួយ ជាជាងធុញទ្រាន់នឹងសង្គ្រាមនៅប្រទេសរបស់ខ្លួន។

ក្រៅពីរុស្សី ចិនក៏ងាកមកទិញអចលនទ្រព្យនៅប្រទេសថៃដែរ ក៏ព្រោះតែហេតុផលស្រដៀងៗគ្នានេះ។ សារពត៌មាន Reuters បានសម្ភាសន៍ពលរដ្ឋចិនមួយចំនួនដែលបានទិញអចលនទ្រព្យនៅក្នុងប្រទេសថៃ។

ជនជាតិចិនគិតថា ការវិនិយោគលើការទិញលំនៅដ្ឋាននៅបរទេស គឺជាសំណាញ់សុវត្ថិភាព ក្រោយពួកគេរៀនមេរៀនពីវិបត្តិកូវីដ និងជាការបញ្ចៀសហានិភ័យសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ពួកគេ។ ជនជាតិចិន ចាប់ផ្ដើមមានការតក់ស្លុតចំពោះការគោលនយោបាយក្នុងស្រុកដែតឹងរ៉ឹង ផ្ដាច់ការ និងពិសេសគឺអាចដាក់ចេញដោយគ្មានការរំពឹងទុក ដូចជាការបិទខ្ទប់ភ្លាមៗជាដើម ។

លើសពីនេះ តម្លៃអចលនទ្រព្យទាប  ភាពបត់បែននៃកត្តាសង្គមដែលស្រួលរស់របស់ប្រទេសថៃ សាលារៀនអន្តរជាតិល្អៗ ប្រព័ន្ធសុខាភិបាលគុណភាពខ្ពស់ ក៏ដូចជាភាពសម្បូរបែបនៃវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ប្រទេសថៃ ក៏ជាកត្តាទាក់ទាញអ្នកវិនិយោគចិនកាន់តែច្រើនមកកាន់ប្រទេសថៃផងដែរ។

រដ្ឋាភិបាលថៃផ្ទាល់ ក៏បានដាក់ចេញនូវគោលនយោបាយថ្មីៗ ទាក់ទងនឹងការវិនិយោគខ្នាតធំ ហើយទទួលបានទិដ្ឋការរស់នៅរយៈពេល១០ ឆ្នាំ ឬការសុំសញ្ជាតិតាមរយៈការវិនិយោគជាដើម។ នេះកឺការបង្កើតភាពងាយស្រួលមួយបន្ថែមទៀត សម្រាប់វិនិយោគិនក្រៅប្រទេសដែលមានទុនខ្ពស់។

លោក Mesak Chunharakchot ប្រធាន​សមាគម​អចលន​ទ្រព្យ​ថៃ​បាន​និយាយ​ថា​៖ «​ជនជាតិ​ចិន​កំពុង​ទិញ​ផ្ទះ បញ្ជូន​កូន​ទៅ​សាលា​អន្តរជាតិ និង​ឲ្យ​ឪពុក​ម្តាយ​មក​ស្នាក់​នៅ​ប្រទេស​ថៃ​ដើម្បី​មើល​ថែ​ចៅៗ​»​។

ភ្នាក់ងារអចលនទ្រព្យចិនលោក  Owen Zhu បាននិយាយថាអាកប្បកិរិយារបស់អ្នកទិញចិនបានផ្លាស់ប្តូរហើយ បន្ទាប់ពីវិបត្តិ ។ ពេលនេះ ចិន​ទិញ​ផ្ទះ​នៅថៃ​ដើម្បី​រស់​នៅ មិនមែនទិញ​ទុកចោលសម្រាប់វិនិយោគដូចមុននោះទេ។

លោកបានបន្ថែមថា ទឹកប្រាក់ ២៩០,០០០ដុល្លារ អាចទិញផ្ទះសាមញ្ញមួយនៅក្នុងទីក្រុងធម្មតាៗមួយនៃប្រទេសចិន ប៉ុន្តែអាចទិញអាផាតមិនប្រណីតមួយនៅកណ្តាលទីក្រុងបាងកក។ ដូច្នេះ ជនជាតិចិន​ខ្លះ​នឹង​លក់​ផ្ទះ​មួយ​ក្នុង​ប្រទេស​ចិន ហើយ​ទិញ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ​សម្រាប់​ចូល​និវត្តន៍។

តើកម្ពុជាអាចរៀនអ្វីខ្លះពីរឿងនេះ?

គោលនយោបាយលើកទឹកចិត្ត គឺជាពាក្យគន្លឹះដែលភាគីពាក់ព័ន្ធក្នុងទីផ្សារអចលនទ្រព្យកម្ពុជាអាចរៀនសូត្របាន។ កត្តាតម្លៃ ទីតាំង គុណភាពសំណង់ និងសក្ដានុពលចំណញ គឺមិនគ្រប់គ្រាន់ទៀតទេ ដើម្បីទាក់ទាញអ្នកវិនិយោគថ្មីៗ។

ដោយសារភាពមិនច្បាស់លាស់ក្នុងសង្គម  មនុស្សត្រូវការមានអារម្មណ៍សុវត្ថិភាព ហើយកន្លែងដែលពួកគេសម្រេចចិត្តទិញអចលនទ្រព្យ ត្រូវតែផ្តល់លក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ពួកគេដើម្បីសាងសង់ផ្ទះទី ២។

ស្ថេរភាពសង្គម គុណភាពនៃជីវិត លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ប្រព័ន្ធសុខាភិបាលស្ដង់ដារ ច្បាប់និងបទប្បញ្ញត្តិដែលច្បាស់លាស់ ការលើកទឹកចិត្តលើទិដ្ឋាការ របៀបរស់នៅដែលអាចបត់បែនបាន និងភាពសម្បូរបែបនៃវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺជាអ្វីដែលអ្នកវិនិយោគត្រូវការ។ កម្ពុជា​ត្រូវ​កសាង​ទំនុក​ចិត្ត​បន្ថែម​ទៀត​លើ​អ្នក​វិនិយោគ។

លំហូរនៃការវិនិយោគពីបរទេសក្នុងវិស័យអចលនទ្រព្យ អាចនឹងមានភាពងាយស្រួលដូចមុនសម័យកូវីដ-១៩ នោះទេ ប៉ុន្តែជាមួយនឹងយន្តការថ្មី​ និងចំគន្លឹះ កម្ពុជាអាចទាក់ទាញអ្នកវិនិយោគប្រកបដោយគុណភាព និងនិរន្តរភាពជាងមុន។

មិន​ត្រឹម​តែ​ប្រទេស​ថៃទេ  វៀតណាម និង​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត​ក៏​កំពុង​ត្រៀម​ខ្លួន​សម្រាប់​យុគសម័យ​ថ្មី​នៃ​ការ​វិនិយោគ​អចលនទ្រព្យនេះដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]