ឡានហោះ ផលិតដោយចិន ហោះសាកល្បងលើកដំបូងនៅទីក្រុងឌូបៃ
“រថយន្តអគ្គិសនីហោះលើអាកាស” ដែលផលិតដោយក្រុមហ៊ុនចិន Xpeng Inc បានបើកហោះសាកល្បងជាលើកដំបូងនៅក្នុងប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ១១ ខែតុលា ខណៈក្រុមហ៊ុនកំពុងត្រៀមពង្រីកផលិតផលនេះទៅកាន់ទីផ្សារអន្តរជាតិឆាប់ៗ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រថយន្តហោះមានឈ្មោះថា X2។ ឡានហោះនេះ គឺអាចហោះឡើង និងចុះចត បែបត្រង់បាន ពោលគឺមិនចាំបាច់ត្រូវការផ្លូវរត់ធំ ដើម្បីយកអេឡង់ឡើងដូចយន្តហោះធម្មតាទេ។
ជាក់ស្ដែង វាចុះឡើងដូចជាឧទ្ធម្ភាគចក្រដូច្នោះដែល ប៉ុន្តែមិនត្រូវការទីធ្លាធំ នោះទេ ដែលអាចឡើងចុះបានឱ្យស្រួល ឬភាសាអង់គ្លេសហៅថ electric vertical take-off and landing (eVTOL) aircraft។
ការបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅក្នុងទីក្រុងឌូបៃ គឺជាការហោះហើរសាកល្បងរយៈពេល 90 វិនាទី ប៉ុន្តែវាគឺជា “មូលដ្ឋានដ៏សំខាន់សម្រាប់រថយន្តហោះហើរជំនាន់ក្រោយ” ។
លោក Minguan Qiu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Xpeng Aeroht បាននិយាយថា យើងកំពុងធ្វើការមួយជំហានម្តងៗ ទៅកាន់ទីផ្សារអន្តរជាតិ។ ដំបូងយើងជ្រើសរើសទីក្រុងឌូបៃ ព្រោះទីក្រុងឌូបៃជាទីក្រុងដែលមានភាពច្នៃប្រឌិតបំផុតក្នុងពិភពលោក។
photo credit: Reuters/Amr Alfiky


