អគារពាណិជ្ជកម្មពហុបំណងថ្មីមួយ នៅតំបន់ក្បាលថ្នល់ បើកសម្ពោធជាផ្លូវការ

អគារពាណិជ្ជកម្មពហុបំណងថ្មីកម្ពស់ ១២ជាន់ ថ្មីមួយ ឈ្មោះថា Kampus បានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១២ ខែមីនា។

ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងតំបន់ក្បាលថ្នល់ អគារនេះត្រូវបានសាងសង់ឡើងជាមួយនឹងការរចនាប្លែកថ្មី ដែលមានផ្ទៃក្រសឡាសរុប ១០ ៥៤៣ ម៉ែត្រការ៉េ ជាមួយនឹងចំណតរថយន្តក្រោមដី។

ផ្នែកខ្លះនៃអគារនឹងត្រូវបានបម្រើជាសាលសន្និសីទ និងមជ្ឈមណ្ឌលការងាររបស់សហព័ន្ធយុវជន ខណៈ ផ្នែកខ្លះទៀតនឹងប្រើប្រាស់ជាកន្លែងធ្វើការរួមគ្នាសម្រាប់យុវជន ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងអភិវឌ្ឍន៍ផងដែរ។

អគារនេះក៏មានជាការិយាល័យជួល ហាងកាហ្វេ ភោជនីយដ្ឋាន កន្លែងកម្សាន្ត កន្លែងលំហែរកាយ ស្កាយបារ និងកន្លែងផ្សេងៗទៀត។

លោក ហ៊ុន ម៉ានី បានថ្លែង អបអរសាទរចំពោះការដាក់ដំណើរការអគារ Kampus នេះថា គម្រោងនេះត្រូវបានសាងសង់ឡើង ក្នុងគោលបំណងសម្រាប់យុវជនកម្ពុជាអាចធ្វើសកម្មភាព រៀបចំកិច្ចប្រជុំ ឬជួបជុំ ដើម្បីបម្រើដល់អាជីវកម្ម អាជីព ឬបុព្វហេតុជាតិ និងប្រជាជន។

- Video Advertisement -