អនុសារណៈនៃការពង្រីកមូលដ្ឋានសម្រាប់បេតុងចាក់ស្រាប់
ក្រុមហ៊ុន Phnom Penh Precast Plants ដែលគ្រប់គ្រងដោយជនជាតិខ្មែរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធអាជីវកម្មរួមគ្នាមួយជាមួយនិងក្រុមហ៊ុនសំណង់នាំមុខគេរបស់ថៃ Vcon Group នៅដើមខែមីនា ដើម្បីធ្វើពិពិធកម្មផលិតផលរបស់ខ្លួន និងឈរជើងបានកាន់តែរឹងមាំជាងមុននៅក្នុងទីផ្សារ។
ក្រុមហ៊ុន Phnom Penh Precast Plants រំពឹងថាការវិនិយោគរួមគ្នានេះនឹងធ្វើឲ្យប្រសើរឡើងនូវទំនុកចិត្តរបស់វិនិយោគិនចំពោះក្រុមហ៊ុន និងអាចពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួន។ បន្ថែមលើបង្គោលភ្លើង សសរគ្រឹះធំៗ និងបំពង់ទុយោគុណភាពខ្ពស់ដែលក្រុមហ៊ុនបានផលិតនោះ ក្នុងពេលឆាប់ៗខាងមុខ ក្រុមហ៊ុននឹងផលិតបេតុងរាបប្រហោងចាក់ពុម្ពស្រាប់ដែលមានគុណភាពខ្ពស់ ដោយសារតែមានការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពក្នុងការផលិតតាមរយៈសម្ព័ន្ធអាជីវកម្មនេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Phnom Penh Precast Plants បានថ្លែងនៅក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី ៣ ខែមីនាថា “បេសកកម្មរបស់យើងគឺក្លាយទៅជារោងចក្រលំដាប់ថ្នាក់ទី១ដែលមានឯកទេសផលិតផលិតផលសម្រាប់ការងារសាងសង់នៅក្នុងប្រទេសកម្ពុជា។ យើងចង់ពង្រីកប្រភេទផលិតផលរបស់យើងឲ្យបានច្រើន និងបន្តផ្តល់ជូននូវផលិតផលបេតុងចាក់ពុម្ពស្រេចដែលមានគុណភាពខ្ពស់នៅក្នុងទីផ្សារកម្ពុជា” ហើយលោកបានបន្ថែមថា “VCON គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវបេតុងរាបប្រហោងចាក់ពុម្ពស្រាប់ និងជញ្ជាំងនៅអាស៊ីអាគ្នេយ៍ ហើយដើម្បីពង្រីកផលិតផលរបស់យើង VCON គឺជាដៃគូល្អឥតខ្ចោះសម្រាប់កិច្ចការនោះ” ។
ដោយផ្អែកលើការស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុននេះ ប្រភេទផលិតផលថ្មីៗរបស់ក្រុមហ៊ុនជាពិសេសបេតុងរាបប្រហោងចាក់ពុម្ពស្រាប់ និងជញ្ជាំង នឹងជួយសន្សំទាំងពេលវេលា និងការចំណាយបើធៀបទៅនឹងការធ្វើនៅការដ្ឋាន។ លោកនាយកប្រតិបត្តិបានពន្យល់ថា “យើងជឿថាផលិតផលទាំងនេះនឹងធ្វើបដិវត្តឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសចំពោះសំណង់ទ្រង់ទ្រាយធំដូចជា អគារផ្សារទំនើប សាលារៀន សាលប្រជុំធំ កន្លែងចតរថយន្ត និងឃ្លាំង”។
មកដល់ពេលនេះ ដោយមិនរាប់បញ្ចូលការទិញយកដីនោះ ក្រុមហ៊ុន Phnom Penh Precast Plants បានចំណាយទុនដំបូង ២លានដុល្លារ ក្នុងទឹកប្រាក់សរុប ១៥ លានដុល្លារដែលបានបណ្តាក់ទុន ហើយក៏មានផែនការវិនិយោគបន្ថែមទៀតនៅពេលដែលក្រុមហ៊ុនមានគេស្គាល់ច្រើននៅក្នុងទីផ្សារ។
បើតាមនាយកប្រតិបត្តិ សម្ព័ន្ធអាជីវកម្មនេះនឹងចាប់ផ្តើមប្រតិបត្ដិការភ្លាមបន្ទាប់ពីពិធីចុះហត្ថលេខា។ ដៃគូខាងភាគីថៃជាអ្នករៀបចំគ្រឿងចក្រទាំងអស់ ហើយភាគីទាំងពីរនឹងចាប់ផ្តើមការសាងសង់រោងចក្រថ្មីនៅក្នុងខែមេសាឆ្នាំ ២០១៦ ព្រមទាំងរំពឹងថានឹងអនុវត្តផលិតកម្មពេញលេញនៅខែកញ្ញាឆ្នាំ ២០១៦។
ក្រុមហ៊ុន Phnom Penh Precast Plants ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ នៅលើផ្ទៃដី ៣ ហិកតានៅតាមបណ្តោយដងទន្លេសាប ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចម្ងាយ ៩km ភាគខាងជើងនៃរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះបាននាំគ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាពីប្រទេសអាល្លឺម៉ង់ ដោយប្រើប្រាស់អ្នកបច្ចេកទេស និងកម្មករក្នុងស្រុកចំនួន ៣០០នាក់។ បច្ចុប្បន្ននេះ ក្រុមហ៊ុនជាអ្នកផលិតនាំមុខគេក្នុងការផលិតបង្គោលភ្លើងគុណភាពខ្ពស់ ៩-១៤ម៉ែត្រ លូប្រអប់បេតុង 600x1500mm និងប្រវែង 2500mm និងសសរបុកគ្រឹះមានមុខសង្កត់ 3-4cm។
ទោះបីជាក្រុមហ៊ុនមានអាយុទើបតែ ២ ឆ្នាំ ក្រុមហ៊ុននេះបានផ្គត់ផ្គង់ផលិតផលដល់អតិថិជនខ្នាតធំជាច្រើន។ សព្វថ្ងៃនេះវាផ្គត់ផ្គង់បង្គោលភ្លើងបេតុងទៅឲ្យក្រុមហ៊ុនអគ្គិសនីជាតិរបស់ប្រទេសកម្ពុជាឈ្មោះថា អគ្គិសនីកម្ពុជា (EDC)។ ក្រុមហ៊ុនក៏បានផ្គត់ផ្គង់បំពង់បេតុងឲ្យក្រុមហ៊ុនសាងសង់ធំដូចជា ក្រុមហ៊ុន Hong Kong Land និងក្រុមហ៊ុន Techno Sky Bridge និងបំពង់បេតុង ៤គីឡូម៉ែត្រ សម្រាប់គម្រោងក្រុមហ៊ុន Shukaku Inc នៅតំបន់បឹងកក់។
ជាមួយនិងបទពិសោធ ៣៥ឆ្នាំពីវិស្វករថៃ និងអាមេរិក ក្រុមហ៊ុន Vcon Group ឥឡូវនេះ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនសាងសង់ធំជាងគេបំផុតរបស់ប្រទេសថៃ។ តាមរយៈការស្រាវជ្រាវយ៉ាងទូលំទូលាយ បេតុងប្រហោងរបស់ក្រុមហ៊ុន Vcon គឺជាបច្ចេកវិទ្យាចុងក្រោយបំផុតដែលត្រូវបានប្រើនៅក្នុងសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នក៏ជាអ្នកផលិតធំ បេតុងប្រហោងនេះធំជាងគេនៅក្នុងតំបន់ផងដែរ។ ការកសាងដែលរឹងមាំ និងទំនាក់ទំនងរយៈពេលវែងជាមួយនឹងអតិថិជន គឺជាគន្លឹះក្នុងការទទួលបានជោគជ័យរបស់ក្រុមហ៊ុន។

