អាគារសង់ពីឈើសុទ្ធខ្ពស់ជាងគេទាំង ៥ នៅលើពិភពលោក
ពេលនិយាយពីអាគារខ្ពស់ៗ មនុស្សភាគច្រើនមិននឹកស្មានថា អាចសាងសង់ពីឈើបានទេ ព្រោះផ្ទះឈើភាគច្រើនឃើញថាមានកម្ពស់ត្រឹម ២ ទៅ៣ជាន់ប៉ុណ្ណោះ។ ប៉ុន្តែអ្នកដឹងទេថា ជាមួយនឹងបច្ចេកវិទ្យាទំនើប មានអាគារខ្ពស់ៗជាច្រើន ធ្វើចេញឈើ។ Construction Review Online បានចាត់លំដាប់អគារខ្ពស់បំផុតធ្វើពីឈើទាំង ៥ ដូចខាងក្រោម៖
១) អគារ Voll Arkitekter’s Mjøstårne នៅ Brumunddal នៃប្រទេសន័រវេ
អគារនេះមានកម្ពស់ ៨៥ ម៉ែត្រ ឬស្មើនឹង ១៨ ជាន់ ដែលជាអាគារសង់ពីឈើសុទ្ធខ្ពស់បំផុតនៅលើពិភពលោក ក្រោយបញ្ចប់កាលពីខែមីនា ឆ្នាំ ២០១៩។ អគារ Mjøstårnet ត្រូវបានសាងសង់ ដោយប្រើឈើប្រណីតបូកផ្សំនឹងបច្ចេកវិទ្យា Cross-laminated timber និង Glued laminated timber (ឬវិធីសាស្រ្តវិស្វកម្មដោយប្រើឈើមាំ តខ្វែងគ្នា ដើម្បីបង្កើតជាគ្រោងអគារ)។

២) អគារ Tall Wood Residence នៅទីក្រុងវ៉ាន់ខូវ័រ ប្រទេសកាណាដា
អគារនេះមានកម្ពស់ ៥៣ ម៉ែត្រ ឬស្មើនឹង ១៨ជាន់ ហើយត្រូវបានសាងសង់រួចរាល់កាលពីឆ្នាំ ២០១៧។ អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Acton Ostry Architects Inc នៃប្រទេសកាណាដា ក្រោមការពិគ្រោះយោបល់ជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀតដូចជាក្រុមហ៊ុន Fast + Epp ក្រុមហ៊ុន GHL Consultants Ltd និងក្រុមហ៊ុន Architekten Herman Kaufmann ជាដើម។ បច្ចុប្បន្ន អគារនេះប្រើជាអគារស្នាក់របស់និស្សិតសាកលវិទ្យាល័យ British Columbia ។

៣) អគារ The Tree នៅទីក្រុងបឺហ្គែន ប្រទេសន័រវេស
អគារ The Tree មានកម្ពស់ ៤៩ ម៉ែត្រ ឬស្មើនឹង ១៤ ជាន់។ រចនាសម្ព័ន្ធស្ទើរទាំងស្រុងធ្វើឡើងពីឈើប្រណីតដោយប្រើបច្ចេកវិទ្យា Glued laminated timber (ឬវិធីសាស្រ្តវិស្វកម្មដោយប្រើឈើមាំ តខ្វែងគ្នា ដើម្បីបង្កើតជាគ្រោងអគារ)។ យោងតាមអ្នកអភិវឌ្ឍន៍គម្រោង ការសាងសង់ពីឈើនេះ បានកាត់បន្ថយការបញ្ចេញកឧស្ម័នកាបូនឌីអុកស៊ីតបានយ៉ាងច្រើន។

៤) អគារ Dalston Lane នៅឡុងដ៍ នៃប្រទេសអង់គ្លេស
អគារនេះកម្ពស់ ៣៣ ម៉ែត្រ ឬស្មើនឹង១០ ជាន់ ដែលគ្រប់ៗជាន់ធ្វើចេញពីឈើប្រណីតដោយប្រើបច្ចេកវិទ្យា Cross-laminated timber (CLT)។ គម្រោងនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិអង់គ្លេសឈ្មោះ Waugh Thistleton ដែលជឿជាក់ថានេះជាគម្រោងដែលប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត។

៥) អគារ Forte នៅទីក្រុងមែលប៊ន នៃប្រទេសអូស្ត្រាលី
អគារនេះមានកម្ពស់ ៣២ ម៉ែត្រ ឬស្មើនឹង ១០ជាន់ ដែលរចនា និងសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ ដោយប្រើពេលត្រឹមតែ១១ ខែប៉ុណ្ណោះ។ ក្នុងឆ្នាំ ២០១២ អគារនេះ ចាត់ទុកថាជាអគារឈើដំបូងគេនៅអូស្រ្តាលី ដែលបានសាងសង់ចេញពីឈើប្រណីតដោយប្រើបច្ចេកវិទ្យា Cross-laminated timber (CLT) ទាំងស្រុង និងបានជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតបានជាង ១៤០០ តោន។

- Video Advertisement -