អាជ្ញាធរសំបូរព្រៃគុកគ្រោងសាងសង់ផ្លូវវាងប្រាសាទ ១៣ គ.ម
អាជ្ញាធរសម្បូរព្រៃគុកហ៍ គ្រោងសាងសង់ផ្លូវវាង ១៣ គីឡូម៉ែត្រ នៅតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីសម្រួលការធ្វើដំណើរ និងដើម្បីចូលរួមការអនុវត្តគោលការណ៍អភិរក្សគុណភាពប្រាសាទ។
ឯកឧត្តម ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរសំបូរព្រៃគុក បា្រប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា គម្រោងសាងសង់ផ្លូវវាងនេះ គ្រោងនឹងកសាងឡើងក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើរនៅជុំវិញតំបន់ប្រាសាទ ពិសេសដើម្បីជៀសវាងផលប៉ះពាល់ ដែលបណ្ដាលមកពីរថយន្តធំៗបរកាត់ពាក់កណ្ដាលរមណីយដ្ឋាននេះ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «ដើម្បីជាគោលការណ៍ក្នុងការអភិរក្ស គឺយើងជៀសវាង កុំឲ្យឡានធំៗបរនៅតំបន់នេះ ព្រោះវាអាចធ្វើឲ្យរញ្ជួយ ប្រាសាទ។ ដូច្នេះ យើងធ្វើផ្លូវវាងឲ្យឆ្ងាយពីតំបន់ប្រាសាទ ដើម្បីជៀសវាងការប៉ះពាល់។»
ឯកឧត្តមបានបន្ថែមថា ផ្លូវវាងដែលគ្រោងនឹងសង់នេះ នឹងបញ្ចៀសនូវជម្លោះផ្សេងៗ ដែលអាចនឹងកើតមានឡើងពេលអនាគត ដោយសារជាទូទៅនៅទីណាមានកន្លែងភ្ញៀវទេសចរណ៍ តែងតែមានជម្លោះរឿងដីធ្លី សំណង់ រវាងប្រជាជនដែលរស់នៅតំបន់ជិតប្រាសាទនេះ ដូចជាការពង្រីកផ្លូវជាដើម។
ឯកឧត្តម បានបញ្ជាក់ថា គម្រោងនេះនឹងសាងសង់ក្នុងឆ្នាំ ២០២០ នេះ ដោយសារអាជ្ញាធរមានគម្រោងសាងសង់អគារការិយាល័យរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ក្នុងឆ្នាំជាមួយគ្នានេះដែរ។
ចំណែកឯពេលវេលាជាក់លាក់ ឯកឧត្តម មិនទាន់បញ្ជាក់បាននៅឡើយទេ ពោលគឺអាស្រ័យតាមអាកាសធាតុ ប្រសិនបើភ្លៀងខ្លាំង អាជ្ញាធរនឹងសម្រុកមកធ្វើអគារសិន ហើយនៅពេលរដូវប្រាំងចូលមកដល់ អាជ្ញាធរនឹងសាងសង់ផ្លូវវិញម្ដង។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំស្តីពីការចរចាថ្លៃលើការងារសាងសង់អគារការិយាល័យរបស់អាជ្ញាធរជាតិសំបូរព្រៃគុក និងអគារសាកលវិទ្យាល័យតេជោសែន កំពង់ធំ។
ចំពោះអគារសកលវិទ្យាល័យតេជោសែន កំពង់ធំនេះផងដែរ នឹងត្រូវសាងសង់លើកផ្ទៃដីទំហំ ២០ ហិកតា និងមានកម្ពស់បីជាន់។ ឯកឧត្តមបានឲ្យយ៉ាងដូច្នេះ៕



