អាមេរិកចង់ឈានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា
វិនិយោគិនអាមេរិក កំពុងសម្លឹងបោះជំហានចូលលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍វិនិយោគិនបរទេសទាំងអស់ដែលចង់វិនិយោគចូលមកកម្ពុជា។
នៅក្នុងជំនួបកាលពីថ្ងៃទី១ ខែមិថុនា ជាមួយនឹងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក Moses An មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា។
ជំនួបនេះ មានគោលបំណងដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត។
លោក Moses An បានសំដែងចំណាប់អារម្មណ៍លើការអភិវឌ្ឍវិស័យមួយចំនួនដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ដោយប្រមុខរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងទៀត ពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។ ការលើកឡើងបែបនេះ គឺតបនឹងការលើកឡើងដែលថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន។
ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន និងគម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា។ (អានបន្ថែម)

