អាមេរិកនឹងបង្កើតផ្លូវហាយវេដែលអាចសាកភ្លើងរថយន្តអគ្គិសនីដោយស្វ័យប្រវត្តិ
នាយកដ្ឋានដឹកជញ្ជូននៃរដ្ឋ Indiana សាកលវិទ្យាល័យ Purdue និងក្រុមហ៊ុន Magment កំពុងធ្វើការរួមគ្នាដើម្បីបង្កើតផ្លូវហាយវេ (Highway) បេតុងដំបូងគេនៅលើពិភពលោក ដែលអាចសាកថាមពលឱ្យរថយន្តអគ្គសនី បានដោយស្វ័យប្រវត្តិ និងមិនចាំបាច់ដោតខ្សែ ខណៈពេលកំពុងបើកបរ។
ផ្លូវបេតុងនេះនឹងត្រូវបង្កប់ដោយប្រព័ន្ធម៉ាញេទិកដើម្បីបង្កើតជាថាមពល ដោយផ្លូវខ្សែដំបូង នឹងត្រូវធ្វើតេស្ត និងវិភាគ នៅបរិវេណសាកលវិទ្យាល័យ Purdue សិន។
បើតាមវិស្វករ ផ្លូវនេះនឹងមានសមត្ថភាពទ្ររថយន្តធុនធ្ងន់បាន ជាមួយនឹងកម្លាំងថាមពលដល់ទៅ ២០០KW។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ ក្រុមការងារនឹងបន្តអនុវត្តដំណាក់កាលទី ៣ ដោយបង្កប់ចរន្តអគ្គិសនីនៃផ្នែកមួយនៃផ្លូវហាយវេនៅរដ្ឋ Indiana ។
លោក Joe McGuinness ប្រធាននាយកដ្ឋានដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវនេះនឹងក្លាយជារបកគំហើញថ្មីសម្រាប់ផ្លូវហាយវេ ខណៈនិន្នាការប្រើប្រាស់រថយន្តអគ្គិសនីកំពុងកើនឡើង។
គួរបញ្ជាក់ថា នេះមិនមែនជាផ្លូវដែលអាចសាកថាមពលដំបូងគេលើលោកទេ តែជាហាយវេដំបូងដែលអាចសាកថាមពលបានដោយស្វ័យប្រវត្តិ និងមិនចាំបាច់ដោតខ្សែ។ ព្រោះបើនិយាយពីផ្លូវធម្មតា ប្រទេសស៊ុយអែត និងអ៊ីតាលី បានសាកល្បងរួចហើយ។

