អាល្លឺម៉ង់ជួយកម្ពុជា បង្កើតវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មប្រាសាទបុរាណឱ្យបានទូលំទូលាយ

ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់ កំពុងជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឱ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។ នេះបើតាមអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

បើតាមគ្រូបង្រៀនជនជាតិអាល្លឺម៉ង់ កញ្ញា Helen Jacobsen បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺចុះអនុវត្តផ្ទា​ល់​នៅការដ្ឋាន ដោយបង្រៀនឱ្យសិក្ខាកាមទាំងអស់ចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេ​ញ​ពី​ថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញផងដែរ។

ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅជាង ១ឆ្នាំមកហើយ ដែលសិក្ខាកាមខ្មែរចំនួន២០រូបនេះ ត្រូវបានជ្រើសរើសបុគ្គលិក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរាមកពីតាមបណ្ដាផ្នែកនានា។

បន្ថែមពីនេះ  ស្ថាប័ន GIZ អាល្លឺម៉ងឱ្យដឹងដែរថា វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២នេះ មានកម្មវិធីដែលត្រូវសិក្សាទាំងអស់ចំនួន១៣ ដែលបច្ចុប្បន្ននេះ ក្រុមសិក្ខាកាមបានសិក្សាដល់កម្មវិធីទី៧ហើយ។

ដោយឡែក លោក រីក រ៉េត ជាមន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានលើកឡើងដែរថា វគ្គបណ្ដុះបណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណ ដែលមានរយៈពេលជាង២ឆ្នាំនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន GIZ អាល្លឺម៉ង់ជាមួយ និងនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា។

លោកបានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់យ៉ាងខ្លាំង ដែលអាចផ្ដល់អត្ថប្រយោជន៍ដល់សិក្ខាកាមទាំងឡាយឱ្យយកចំណេះដឹងទាំងនេះទៅប្រើប្រាស់លើការងារថែរក្សា និងការពារប្រាសាទបុរាណនៅតាមកន្លែងផ្សេងៗសម្រាប់ពេលអនាគត ហើយពួកគេក៏អាចផ្សព្វផ្សាយជំនាញនេះទៅកាន់កូនខ្មែរជំនាន់ក្រោយឱ្យចេះដឹងកាន់តែទូលំទូលាយផងដែរ។

ជាមួយនឹងវគ្គបណ្តុះបណ្តាលពិសេសនេះ ស្ថាប័ន GIZ អាល្លឺម៉ង់រំពឹងថា នៅអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២អាចនឹងបញ្ចប់ ហើយនៅពេលអនាគតខ្មែរនឹងមានអ្នកជំនាញផ្នែកអភិរក្សថ្ម ប្រាសាទបុរាណបានកើនឡើងមួយចំនួនថែមទៀត។

គួរបញ្ជាក់ថា កន្លងមក ស្ថាប័ន GIZ ធ្លាប់បានសហការជាមួយអាជ្ញាធរជាតិអប្សរាបើកវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម ប្រាសាទបុរាណនេះម្ដងមកហើយ ដោយសិក្ខាកាមជំនាន់ទី១នោះ បានក្លាយទៅជាក្រុមអ្នកជំនាញខ្មែរ និងកំពុងយកជំនាញទាំងនេះទៅអនុវត្តន៍ការងារនៅតាមប្រាសាទបុរាណនានាយ៉ាងត្រឹមត្រូវ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]