អាស៊ាន៖ គម្រោងសាងសង់ធំៗ នឹងកើនឡើងដល់ ២,៩ទ្រីលានដុល្លារដល់ ៥ឆ្នាំខាងមុខ
កំណើនវិនិយោគនៅក្នុងឧស្សាហកម្មសំណង់អាស៊ាន
វិបត្តិ COVID-១៩ ធ្វើឱ្យ វិស័យសេដ្ឋកិច្ចជាច្រើន នៅទូទាំងពិភពលោក រួមទាំងឧស្សាហកម្មសំណង់ផង ត្រូវបានផ្អាកអស់រយៈពេលមួយរយៈនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០។
ចំពោះតំបន់អាស៊ាន ឱកាសសំខាន់សម្រាប់កំណើនតម្រូវការគ្រឿងម៉ាស៊ីនសំណង់ត្រូវបានគេរំពឹងថា នឹងមានកំណើននៅក្រោយឆ្នាំ ២០២០ ដោយសារមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការផ្លាស់ប្តូរទំហំតម្រូវការការងារ ក្នុងទីផ្សារផ្គត់ផ្គង់ឧបករណ៍សំណង់ ។
វិស័យសំណង់ ត្រូវបានគេរំពឹងថា នឹងកើនឡើងវិញក្នុងអត្រាជាង ៦% ក្រោយឆ្នាំ ២០២០។ ហើយគេប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ តម្លៃរួមបញ្ចូលគ្នានៃគម្រោងធំៗ ទាំងអស់នៅក្នុងតំបន់អាស៊ាន នឹងកើនរហូតដល់តម្លៃ ២,៩ ពាន់ពាន់លានដុល្លារអាមេរិក (2.9 trillion)។ យោងតាមរបាយការណ៍ Business Wire ដែលបានធ្វើការស្ទាបស្ទង់ទីផ្សារគ្រប់គ្រងគ្រឿងសំណង់ពិភពលោកបានឱ្យដឹងថា ក្នុងចំណោមតម្លៃនេះ ប្រហែល ១,៥ ពាន់ពាន់លានដុល្លារត្រូវបានវិនិយោគនៅក្នុងដំណាក់កាលរៀបចំផែនការ / ការត្រៀមផែនការជាមុន។
ក្នុងចំណោមគម្រោងទាំងនោះ មានដូចជា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងសាធារណៈ និងឯកជន ដូចជាផែនការអភិវឌ្ឍន៍ រយៈពេលមធ្យមជាតិឥណ្ឌូណេស៊ី (៤៦០ ពាន់លានដុល្លារអាមេរិក) ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម (៦១,៥ ពាន់លានដុល្លារ) និងផែនការអភិវឌ្ឍន៍ហ្វីលីពីនសាងសង់ និងសាងសង់ (Build, Build, and Build) (៧១,៨ ពាន់លានដុល្លារ) ជាដើម។
ស្ថានភាពវិស័យសំណង់នៅកម្ពុជា
ចំណែកឯនៅប្រទេសកម្ពុជា ក៏ទំនងជាមាននិន្នាការកើនឡើងវិញ ក្រោយឆ្នាំពី ២០២០ នេះដែរ។ ត្រឹមតែវិស័យសំណង់អាកាសយានដ្ឋានទូទាំងប្រទេស ក៏មានតម្លៃមិនក្រោម ៣ ពាន់លានដុល្លារដែរ ដោយមិនរាប់បញ្ចូលគម្រោងធំៗខ្ទង់លានៗដុល្លារផ្សេងទៀត មានកំពង់ផែ និងសំណង់ផ្លូវជាតិសំខាន់ៗជាដើម។
កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន មានប្រសាសន៍ថា គម្រោងសាងសង់ទាំងផ្នែកឯកជន និងរដ្ឋាភិបាលដូចជា ផ្លូវអាកាសយានដ្ឋាន និងអគារស្នាក់នៅជាដើម បានបន្តដូចការគ្រោងទុក។
“ក្រុមហ៊ុននៅអាកាសយានដ្ឋានភ្នំពេញថ្មីកំពុងវិនិយោគ ១,៥ ពាន់លានដុល្លារ។ ក្រុមហ៊ុននេះ មិនបាននិយាយអំពីការខ្វះខាតថវិកាវិនិយោគទេ ហើយក៏មិនបាននិយាយអំពីការផ្អាកដំណើរការសាងសង់ដែរ។ យើងមានក្រុមហ៊ុនផ្សេងទៀតដូចជា ក្រុមហ៊ុនប៉េងហួត និងក្រុមហ៊ុនជីបម៉ុង ដែលនៅតែបន្តគម្រោងរបស់ពួកគេ ដូចអ្វីដែលពួកគេបានធ្វើមុនពេលមានវិបត្តិកូវីដ-១៩”។
នេះបង្ហាញថា ស្ថានភាពកម្ពុជា ហាក់ដូចជាមានភាពល្អប្រសើរច្រើន បើធៀបនឹងស្ថានភាព នៅជុំវិញពិភពលោក ដែលទីផ្សារផ្គត់ផ្គង់ឧបករណ៍សំណង់ពិភពលោក ដែលទើបតែទទួលបានកំណើនវិជ្ជមានក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ (ឆ្នាំ ២០១៧-២០១៩) ដែលជាលទ្ធផលនៃការវិនិយោគយ៉ាងច្រើន ក្នុងវិស័យអគារលំនៅឋាន និងអគារពាណិជ្ជកម្មឆ្លាតវៃ និងគោលនយោបាយរបស់រដ្ឋាភិបាលនោះ បានចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំនេះ។
គម្រោងសាងសង់សំខាន់ៗរបស់រដ្ឋាភិបាល ដូចជាការសាងសង់មន្ទីរពេទ្យឧបករណ៍ប្រើប្រាស់សំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តដំណើរការ ប៉ុន្តែក្នុងល្បឿនយឺតជាមួយនឹងកម្លាំងពលកម្មតិចនៅកន្លែងធ្វើការ ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លង។ ដូច្នេះក្នុងកំឡុងឆ្នាំ ២០២០ នេះ តម្លៃទីផ្សារផ្គត់ផ្គង់ឧបករណ៍សំណង់ទូទាំងពិភពលោក ទំនងជាធ្លាក់ចុះដល់ទៅ ៣០%៕

