អ្នកជំនាញ៖ កម្ពុជាត្រូវការអភិវឌ្ឍន៍វិស័យសំខាន់២ ដើម្បីត្រៀមខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០
ទស្សនវិស័យជាតិបានកំណត់យកឆ្នាំ ២០៣០ ដើម្បីប្រែកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់ ពោលគឺ១០ឆ្នាំទៅមុខទៀត កម្ពុជានឹងដូចប្រទេសថៃ ឬ ម៉ាឡេស៊ីបច្ចុប្បន្ននេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឋិកា ថា “បច្ចុប្បន្ន កម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។
កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលធម្យមកម្រិតទាបចាប់តាំងពីឆ្នាំ ២០១៥។ បើតាមការបែងចែកចំណាត់ថ្នាក់ប្រទេសរបស់ធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប សំដៅដល់ចំណូលជាធម្យមរបស់ប្រជាជនម្នាក់រកបានចន្លោះពី ១.០២៦ដុល្លារ – ៣.៩៩៥ ដុល្លារក្នុង១ឆ្នាំ ហើយប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ចន្លោះពី ៣.៩៩៦ ដុល្លារ – ១២.៣៧៥ដុល្លារ។
លោក Norman V. Loayza ប្រធានក្រុមស្រាវជ្រាវផ្នែកអភិវឌ្ឍន៍របស់ធនាគារពិភពលោក បានប្រាប់សារព័ត៌មានចិនស៊ីនហួរកាលពីឆ្នាំកន្លងទៅថា ដើម្បីឲ្យកម្ពុជាសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ គេត្រូវការអភិវឌ្ឍវិស័យសំខាន់ៗ២ ទី១ គឺទាមទារឲ្យមានការវិនិយោគខ្លាំងទៅលើ មូលធនមនុស្ស និង ទី២ គឺផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
ប្រទេសកម្ពុជាទទួលបានប្រាក់កម្ចីប្រមាណជា ៥.៣០០ លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍ចិន។ កម្ចីទាំងនោះគឺសម្រាប់គាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា វារីអគ្គិសនីសេសានក្រោមពីរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ២៥ គម្រោងផ្សេងទៀត។
តាមរយៈហិរញ្ញប្បទានអភិវឌ្ឍន៍ទាំងនោះ ប្រជាជនកម្ពុជាទូទៅក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគ ពិសេសវិស័យ សំណង់ អចលនទ្រព្យ និង ទេសចរណ៍។
របាយការណ៍អភិវឌ្ឍន៍មូលធនមនុស្សឆ្នាំ២០១៨ របស់ធនាគារពិភពលោកបានបង្ហាញថា កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០០ ក្នុងចំណោម ១៥៧ប្រទេស ពោលគឺឈរលើមីយ៉ាន់ម៉ាតែ៧លេខ ហើយទាបជាងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការវិនិយោគទៅលើមូលធនមនុស្ស ដែលសំដៅដល់ ការអប់រំនិងបណ្តុះបណ្តាលពលរដ្ឋ ដើម្បីអភិវឌ្ឍជំនាញសម្រាប់ប្រកួតប្រជែងក្នុងទីផ្សារការងារ កម្ពុជានៅត្រូវការវិនិយោគខ្លាំងបន្ថែមទៀត ដើម្បីត្រៀមខ្លួនក្លាយជាប្រទេសដែលមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
- Video Advertisement -