អ្នកជំនាញ៖ វិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២០ នឹងថមថយដោយសារ ៣ កត្ដាធំៗ

ទោះបីជាមានការការព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជាបន្តបន្ទាប់ក្ដី អ្នកជំនាញអចលនទ្រព្យបានវិភាគថា សម្រាប់ឆ្នាំ២០២០ វិស័យសំណង់នៅកម្ពុជា អាចនឹងថមថយដោយសារតែ ៣ កត្តាធំៗ។

បើយោងតាមការវិភាគ កត្តាទាំង ៣ នេះ រួមមាន ទី១ ការរាតត្បាតនៃវីរុសកូរ៉ណាដែលប៉ះដល់សេដ្ឋកិច្ចចិន ទី២ ឥទ្ធិពលពីការបិទហ្គេមអនឡាញនៅខេត្តព្រះសីហនុ និងទី៣ ការថមថយនៃចំនួនគម្រោងថ្មីៗដែលសុំការអនុញ្ញាតិសាងសង់។

កត្តាទី១ គឺបញ្ហាដែលពិភពលោកកំពុងព្រួយបារម្ភ ដែលការរាតត្បាតនៃវីរុសកូរ៉ណាមិនត្រឹមតែសម្លាប់ជីវិតមនុស្សនោះទេ ប៉ុន្តែបើមិនមានដំណោះស្រាយក្នុងពេលឆាប់ៗនេះទេ វានឹងជះឥទិ្ធពលអវិជ្ជមានយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចប្រទេសចិន ក៏ដូចជាពិភពលោកទាំងមូល ដែលកម្ពុជាគឺនឹងគេចមិនផុត។ នេះបើយោងតាមប្រសាសន៍របស់ លោក សន សៀប នាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd និងជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា ។

លោក ពន្យល់ថា៖ «ក្នុងមួយឆ្នាំគឺមាន ១២ខែ ហើយឥឡូវសម្រាប់ខែ មករា និងខែកុម្ភៈ ពិភពលោកកំពុងបារម្ភពីរឿងកូរ៉ូណា អ្នកវិនិយោគក៏មិនសូវចង់វិនិយោគទេក្នុងអំឡុងពេលនេះ គិតមើល បើការរាតត្បាតនេះបន្ត២ ឬ ៣ ខែទៀត គឺអស់បាត់ហើយ ១ត្រីមាស ឬ បាត់បង់ឱកាសវិនិយោគជាង២៥ ភាគរយទៅហើយ។ ចុះបើបន្ត ៦ ខែ ឬ១ឆ្នាំ គឺគួរឲ្យព្រួយបារម្ភណាស់ ហើយនេះគឺជាកត្តាសំខាន់មួយដែលគិតថានឹងធ្វើឲ្យវិស័យសំណង់និងអចលនទ្រព្យថមថយក្នុងឆ្នាំនេះ»។

«ប៉ុន្តែ ក្នុងដំណាក់កាលនេះ កម្ពុជានៅមិនទាន់ប៉ះពាល់ច្រើននៅហើយទេ ពីព្រោះគម្រោងភាគច្រើនត្រូវបានគ្រោងទុក ហើយជាក់ស្ដែងវាមិនទាន់ប៉ះពាល់ដល់តម្លៃអចលនទ្រព្យនោះទេ» លោក បានបន្ត។

លើសពីនេះ លោក សន សៀប ក៏បានលើកឡើងពីបញ្ហាដែលបណ្ដាលមកពីការបិទហ្គេមអនឡាញនៅខេត្តព្រះសីហនុ ក៏ជាកត្តាសំខាន់មួយដែរឬ ធ្វើឲ្យអ្នកវិនិយោគចិនមួយចំនួនធំចាកចេញពីប្រទេសកម្ពុជា។

លោក បានលើកឡើងថា៖ «ក្រោយការបិទហ្គេមអនឡាញនៅខេត្តព្រះសីហនុ គឺមានការនិយាយបន្តគ្នាថា សេដ្ឋកិច្ចនៅខេត្តព្រះសីហនុគឺធ្លាក់ចុះខ្លាំង ដីជួល ផ្ទះជួល គឺកំពុងជួមបញ្ហា។ បើកំពុងជួបបញ្ហាដូច្នេះ គឺគេមិនមកវិនិយោគថ្មីៗទេ។ នេះក៏ជាបញ្ហាមួយដែលយើងត្រូវតែរកដំណោះស្រាយ»។

ជាមួយគ្នានេះដែរ អ្នកនាង អាន ធីតា នាយិកាភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ក៏បានវិភាគថា វិស័យសំណង់នៅកម្ពុជាសម្រាប់ឆ្នាំ២០២០ អាចនឹងថមថយ ដោយអ្នកនាងវិភាគទៅលើវដ្ត ឬឥរិយាបទនៃការវិនិយោគលើគម្រោងសំណង់ធំៗ។

អ្នកនាង អាន ធីតា បានលើកឡើងថា៖ «ឃើញថា មានគម្រោងធំៗជាច្រើនបានសុំលិខិតអនុញ្ញាតិសាងសង់ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលធ្វើឲ្យតួរលេខសម្រាប់ឆ្នាំទាំង២ នេះកើនឡើងខ្ពស់។ ដោយឡែក សម្រាប់ឆ្នាំ២០២០ គម្រោងភាគច្រើនគឺសាងសង់មិនទាន់រួច ដូច្នេះ គឺអ្នកវិនិយោគគឺមិនទាន់សុំលិខិតអនុញ្ញាតិសាងសង់គម្រោងថ្មីៗច្រើនប៉ុន្មាននោះទេ»។

«លើសពីនេះ ទីផ្សារមួយនេះក៏ត្រូវពេលវេលាសម្រាកខ្លះ ពោលគឺពេលវេលាមួយរយៈសម្រាប់ការលក់និងទិញគម្រោងចាស់ឲ្យអស់បានមួយចំនួនសិន មុននឹងចាប់ផ្ដើមគម្រោងថ្មី» អ្នកនាង បានបន្ត។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះយ៉ាងខ្លាំងណាស់ ដែលគម្រោងសាងសង់មានរហូតដល់ចំនួន ៤ ៤៤៦ គម្រោង មានកំណើន ៥៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ ខណៈទុនវិនិយោគលើវិស័យសំណង់ មានចំនួន ៩.៣ពាន់លានដុល្លារ មានកំណើន ៧៨ភាគរយ។ (អានបន្ថែម)

- Video Advertisement -