ឧទ្យានឧស្សាហកម្មមិត្តភាពបង្កើតស្តង់ដារថ្មី

Le Urban Eco Park មិន​ត្រឹមតែ​ជា​ទីក្រុង​រណប​ដែល​មាន​លក្ខណៈ​អេកូឡូស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការអភិវឌ្ឍ​ចម្រុះ​ដំបូង​គេ ដែលមាន​តំបន់ឧស្សាហកម្ម បណ្តុំ​លំនៅដ្ឋាន អគារ​ការិយាល័យ​ពាណិជ្ជកម្ម ហាង​លក់ទំនិញ​រាយ និង​តំបន់​លំហែ​រីករាយ រួម​បញ្ចូល​គ្នា​នៅក្នុង​ទីកន្លែង​តែមួយ ។​

​គម្រោង​អភិវឌ្ឍ​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ នៅ​ឃុំ អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដោយ​ចំណាយ​ពេល​ធ្វើដំណើរ​ត្រឹមតែ ១៥​នាទី ប៉ុណ្ណោះ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​ត្រូវបាន​សាងសង់​ឡើង​នៅលើ​ផ្ទៃដី​ទំហំ ១៨ ហិកតា ដោយ​មួយ​យូ​នី​ត​អាចមាន​ទំហំ​រហូតដល់​ទៅ ១០០.០០០ ម៉ែត​ការ៉េ សម្រាប់​ការជួល ឬ​ទិញ​។​

​ការអភិវឌ្ឍន៍​ចម្រុះ​នេះ ត្រូវបាន​បែងចែក​ជា​អចលនទ្រព្យ​ចំនួន​បី​ប្រភេទ​ផ្សេង​គ្នា​គឺ រោងចក្រ អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន ដែល​ធ្វើឲ្យ​ប្រសើរ​ឡើង​ដោយ​លក្ខណៈ​បៃតង​សម្រាប់​ការរស់នៅ និង​បរិស្ថាន​ការងារ​ប្រកបដោយ​និរន្តរភាព​។​

​នៅក្នុង​បណ្តុំ​លំនៅឋាន ឧទ្យាន​នេះ​មាន​អា​ផាត​មិន​ផ្តល់​សេវា​ចំនួន ៦៤ ហាង​ពាណិជ្ជកម្ម​ចំនួន ១១ ដោយ​ការសាងសង់​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧​។ យូ​នី​ត​ទាំងនេះ​មានការ​កាន់កាប់​ដោយ​សេរី ដោយ​គ្មាន​ការ​ដាក់​កម្រិត​សម្រាប់​អ្នក​ទិញ​ជា​ជនបរទេស ដែល​តម្លៃ​ចាប់ផ្តើម​ពី ៤៨.៥០០​ដុល្លារ។​

​ការអភិវឌ្ឍ​នេះ​ក៏​នឹង​ផ្តល់ជូន​នូវ​បទពិសោធន៍​លក់រាយ​ថ្មីៗ​ដូចជា “Eco Park Mall” ដែល​ជា​ការរួមបញ្ចូល​គ្នា​រវាង​ផ្ទះ​ពាណិជ្ជកម្ម និង​ផ្ទះ​លក់រាយ ផ្សារ​ទំនើប ព្រមទាំង​ហាង​ម្ហូបអាហារ និង​ភេសជ្ជៈ នៅក្នុង​តំបន់​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដែល​មាន​ការប្រើប្រាស់​ចម្រុះ​។​

​គម្រោង​អភិវឌ្ឍ​នេះ​ក៏​នឹង​ផ្ដល់ជូន​អ្នកស្នាក់នៅ​នូវ​ទីតាំង​ពាណិជ្ជកម្ម​ជាច្រើន ដូចជា ធនាគារ ហាង​ទំនិញ ភោជនីយដ្ឋាន បារ ឱសថ​ស្ថាន និង​កន្លែង​មើលថែទាំ​កុមារ​។​

​ចំពោះ​តំបន់​ឧស្សាហកម្ម​វិញ មាន​រោងចក្រ​ចំនួន ១១ ហើយ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការផ្តល់​នូវ​ថាមពល​ប្រកបដោយ​ប្រសិទ្ធិភាព​សម្រាប់​និយោជក ដើម្បី​កាត់បន្ថយ​ការចំណាយ​ប្រតិ​បត្ដិកា​រ ដោយ​បង្កើត​ជា​បរិស្ថាន​ការងារ​ប្រកបដោយ​ផា​សុកភាព​សម្រាប់​កម្មក​រ ព្រមទាំង​សុវត្ថិភាព និង​សន្តិសុខ​។​

​អ្នកស្នាក់នៅ និង​អ្នកជំនួញ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការចំណាយ​តិច​លើ​ការប្រើប្រាស់ ដោយសារតែ​ការ​រចនា​ប្រកប​ដោយ​ថាមពល និង​ប្រសិទ្ធភាព​របស់​អ្នក​អភិវឌ្ឍ ដែល​រួម​បញ្ចូល​នូវ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​ដើរ​ដោយ​កំដៅ​ទឹក ការគ្រប់គ្រង​ភ្លើង​បំភ្លឺ​កម្រិត​ខ្ពស់ ប្រព័ន្ធ​ច្រកចូល​ដោយ​ប្រើ keycard និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ស្តង់ដារ​សិង្ហ​បុរី​។ ជាមួយគ្នានេះដែរ ៣០ ភាគរយ​នៃ​ដី​នេះ ត្រូវបាន​បម្រុង​ទុក​សម្រាប់​ទេសភាព​បៃតង និង​សួន​កុមារ។​

​ក្រុមហ៊ុន C.I.A.C. Investment Limited ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Ocean Sky Investment Pte. Ltd បាន​វិនិយោគ​ទឹកប្រាក់ ៥០ លាន​ដុល្លារ​អាមេរិក នៅក្នុង Eco Park ហើយ​ក្រុមហ៊ុន​អភិវឌ្ឍ​នេះ​មានបទពិសោធន៍​ជាង ២០ ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​នៅ​កម្ពុជា​។ ការសាងសង់​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៣ ហើយ​និង​បញ្ចប់​នៅ​ឆ្នាំ ២០១៨​។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​គម្រោង​នៅ​ថ្ងៃទី ៦ ខែ មិថុនា លោក Kelvin Chau នាយក​ផ្នែក​លក់ និង​ទីផ្សារ នៃ Le Urban Eco Park បាន​មានប្រសាសន៍ថា គម្រោង​នេះ​នឹង​នាំមក​នូវ​ការរស់នៅ និង​បរិស្ថាន​ការងារ​បៃតង និង​ការ​រចនា​ដោយ​គិតគូរ​ពី​និរន្តរភាព​នៃ​បរិស្ថាន​ដំបូង​គេ​។​

​លោក​បន្តថា​: “… យើង​ចង់​លើកកម្ពស់ និង​ផ្តួចផ្តើម​គំនិត​ថ្មី​ដែល​មានតែ​មួយគត់​ជាមួយ​នឹង​ការអភិរក្ស​ថាមពល​និង​និរន្ត​ភាព​យូរអង្វែង ជា​អាទិភាព​របស់​យើង​»​។ «​យើង​ចង់ឱ្យ​បុគ្គលិក​ធ្វើការ​នៅក្នុង​តំបន់​ដែល​មាន​ផា​សុកភាព ដែល​មានន័យថា មាន​បរិស្ថាន​ស្អាត បៃតង និង​មាន​សុខភាព​ល្អ​។ យើង​ជឿ​ថា​បរិយាកាស​ការងារ​ល្អ​នាំឲ្យ​មាន​ផលិតភាព​ល្អប្រសើ​រជាង​មុន​”។​

​លោក Chau បានឲ្យដឹងថា ការសម្រេចចិត្ត​ជ្រើសរើស​យក​ដី​សម្រាប់​ការអភិវឌ្ឍ​នេះ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​សំរាប់​ប្រជាជន និង​អ្នកវិនិយោគ​។ ការ​ដែល​គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ នឹង​ជួយ​សម្រួល​ដល់​ចរាច​រណ៍ រួម​ជាមួយនឹង​បរិយាកាស​ល្អ និង​ដី​មាន​តម្លៃថោក​បើ​ប្រៀបធៀប​ទៅនឹង​ដី​ក្នុង​ទីក្រុង​។​

​ជាមួយនឹង​ការ​រចនា​បែប​បៃតង​របស់​គម្រោង​នេះ តំបន់ឧស្សាហកម្ម​របស់ Eco Park បាន​ទទួល​វិញ្ញាបនប័ត្រ Green Mark Gold Certification ពី​អាជ្ញាធរ​អគារ និង​សំណង់ (BCA) ដែល​ប្រតិបត្តិការ​ក្រោម​ក្រសួង​អភិវឌ្ឍន៍​ជាតិ​របស់​ប្រទេស​សិង្ហ​បុរី​។​

​លោក Alvin Chua ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ធុរកិច្ច​របស់​ក្រុមហ៊ុន​នេះ សង្ឃឹមថា តំបន់​នេះ​នឹង​ក្លាយទៅជា​ទីក្រុង​រណប​ថ្មី​មួយ ហើយ​ថា អ្នក​អភិវឌ្ឍន៍​ក៏​មាន​គម្រោង​ស្រដៀង​គ្នា​នៅក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​មាន​ការរំពឹង​ទុក​ថា គម្រោង​នេះ​នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​លើ​តម្លៃ​អចលនទ្រព្យ​ដែល​នៅ​ជុំវិញ​នោះ ព្រមទាំង​បង្កើត​ការងារ​រាប់ពាន់​ផងដែរ។​

- Video Advertisement -