ឧបនាយករដ្ឋមន្រ្តីអនុម័តបច្ចេកទេសជួលជុលផ្លូវ កំពត-វាលរិញ ហើយកំពុងពន្លឿនរកថវិកា

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៧ តុលា កន្លងមកនេះ បានចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ ពីកំពត ទៅវាលរិញផ្ទាល់ ព្រមទាំងសន្យាថានឹងពន្លឿនការស្នើសុំថវិកាពីចិនឱ្យបានលឿនបំផុត  ខណៈបច្ចុប្បន្នកំពុងស្នើឱ្យក្រុមហ៊ុនចិនជួយជួលជុលជាបណ្ដោះអាសន្នសិន ក្នុងអំឡុងពេលរង់ចាំ។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអនុម័តបច្ចេកទេសទាំង ៣ប្រភេទ ដែលក្រុមហ៊ុនស្នើ ដើម្បីជួសជុលផ្លូវនេះឱ្យជាប់បានយូរ។

កំណាត់ ៥គីឡូម៉ែត្រ ដែលមានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម នឹងប្រើបច្ចេកទេសវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះឱ្យរឹងមាំ។

ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត ២ផ្សេងទៀត ទៅតាមកម្រិតជម្រៅដីស្អុយរួមមាន ១) វិធីទម្លាក់សេរីទម្ងន់ ២០០តោន និង ២) វិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង។

គួរបញ្ជាក់ថា ផ្លូវកំពត-វាលរិញ ជាផ្លូវដែលជួសជុលមិនដែលជាប់បានយូរនោះទេ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ ដូច្នេះរដ្ឋាភិបាល បានសម្រេចសិក្សា និងជួសជុលស៊ីជម្រៅ ដោយគ្រោងចំណាយប្រមាណជា ៦០ ទៅ ៧០លានដុល្លារ ដោយក្រសួងសេដ្ឋកិច្ចបានស្នើទៅមិត្តចិនរួចហើយ ពេលនេះនៅរង់ចាំចម្លើយ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថារដ្ឋាភិបាលមិនមែនព្រងើយកន្ដើយលើបញ្ហាផ្លូវកំពត-វាលរិញនោះទេ ប៉ុន្តែបច្ចុប្បន្នមិត្តចិននៅមិនទាន់អនុម័តថវិកា ដោយរំពឹងថាអាចនឹងពន្យាដល់ឆ្នាំ ២០២៣ ឬ ២០២៤។  (អានបន្ថែម)

- Video Advertisement -