ឯកអគ្គរាជទូតជប៉ុន៖ ៥ឆ្នាំនៃស្ពានត្សឹបាសា ម៉ឺនឆ្នាំនៃមិត្តភាពដ៏មិនអាចកាត់ថ្លៃបានរវាងកម្ពុជាជប៉ុន
“ថ្ងៃនេះ គឺជាខួបគម្រប់ ៥ ឆ្នាំហើយ ដែលស្ពានត្សឹបាសាបានកសាងឡើង។ នៅពេលដែល ខ្ញុំឈរលើស្ពាននេះ ខ្ញុំមានអារម្មណ៍រំភើបក្រៃលែង ចំពោះសម្រស់ដ៏ស្រស់ស្អាតនៃដងស្ពាន ដែលសណ្តូកដងខ្លួន ចំកោងខ្នងគ្របដណ្តប់លើផ្ទៃទឹកហូរនៃទន្លេមេគង្គ ដ៏ស្រស់បំព្រងនេះ។” ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ( Mikami Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងពីមនោសញ្ចេតនា ចំពោះចំណងដៃមិត្តភាពកម្ពុជាជប៉ុន ក្នុងឱកាស ខួប ៥ ឆ្នាំ នៃវត្តមានស្ពានត្សឹបាសា ឬ ស្ពានអ្នកលឿង តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុន ។
ឯកឧត្តម ឯកអគ្គរាជទូត មានប្រសាសន៍ពន្យល់អត្ថន័យនៃស្ពាននេះថា “ពាក្យ ‘ត្សឹបាសា’ ជាភាសាជប៉ុនមានន័យថា ‘សត្វបក្សី’ ដែលសមនឹងតួស្ពាន មានរូបរាងប្រៀបដូចជា ស្លាបសត្វបក្សី អ៊ីចឹង។ មូលហេតុដែលយើងដាក់ឈ្មោះស្ពាននេះថា ត្សឹបាសា ឬស្ពានបក្សី ដូច្នេះ ព្រោះចង់បញ្ជាក់ន័យជានិមិត្តរូបថា មិត្តភាពកម្ពុជា ជប៉ុន នឹងរីកចម្រើនរួមគ្នាតទៅមុខទៀត ប្រៀបដូចសត្វបក្សីហោះហើរត្រដាងស្លាបយ៉ាងរីករាយលើលំហអាកាសវេហាដូច្នោះដែរ។” ឯកឧត្តមក៏បានឆ្លៀតសម្តែងមនោសញ្ចេតនាចំពោះ ប្រជាជនកម្ពុជា ដោយបង្ហាញពីក្តីសង្ឃឹមថាយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងបន្តប្រើប្រាស់ស្ពានមិត្តភាពនេះ ប្រកបដោយក្តីស្រឡាញ់ អោយបានស្ថិតស្ថេរយូរអង្វែងតទៅ។
រម្លឹកទៅដល់ សកម្មភាពនៃសាងសង់ ស្ពាននេះវិញ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានប្រាប់ ក្រុមការងាររបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ថា ស្ពាននេះ មានទទឹងស្ពាន ១៣.៥ ម៉ែត្រ និងប្រវែង ២,២១៥ ម៉ែត្រ ។
លោកបន្តថា “បន្ទាប់ពីស្ពាននេះ បើកដំណើរការ ជីវភាពរបស់ប្រជាជន នឹងមានការផ្លាស់ប្តូរ ហើយការធ្វើចរាចរណ៍លើស្ពាននេះ នឹងកើនឡើងយ៉ាងឆាប់រហ័ស។”
គួរបញ្ជាក់ដែរថា ស្ពានត្សឹបាសា ឬ ស្ពានអ្នកលឿង ដែលស្ថិតក្នុងខេត្តព្រៃវែង គឺជាប្រភេទស្ពានខ្សែកាបយោងទី១ នៅកម្ពុជា ដែលបានចំណាយទឹកប្រាក់សាងសង់ ១៣០ លានដុល្លារ ដែលជាថវិកាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកាជាង ១៩លានដុល្លារទៀត ពីរដ្ឋាភិបាលកម្ពុជា។ ស្ពាននេះ បានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ០៦ មេសា ឆ្នាំ ២០១៥ ហើយត្រូវបានចាត់ថ្នាក់ថា ជាស្ពានដ៏វែងជាងគេទី ១ នៃប្រវត្តិសាស្ត្រកម្ពុជា៕


