ឯកឧត្តម ស៊ុន ចាន់ថុល៖ ស្ពានស្វាយជ្រុំ កូរ៉េនៅសិក្សានៅឡើយ មិនទាន់មានផែនការអ្វីជាក់លាក់ទេ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ស្វាយជ្រុំ បច្ចុប្បន្នសាធារណរដ្ឋកូរ៉េខាងត្បូង បានឯកភាពសំណើកម្ពុជាហើយ តែស្ថិតក្នុងការសិក្សានៅឡើយទេ។

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលថ្ងៃទី២១ ខែមិថុនា នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ពេលនេះភាគីកូរ៉េបានយល់ព្រមឯកភាពជួយសង់ស្ពាននេះហើយ។

យ៉ាងណា ឯកឧត្តមបន្តដូច្នេះថា៖ «បច្ចុប្បន្នមិនទានមានផែនការអ្វីជាក់លាក់ទេ ព្រោះភាគីកូរ៉េកំពុងសិក្សានៅឡើយ ដោយក្រុមហ៊ុនកូរ៉េកំពុងសិក្សាថាតើសាងសង់ស្ពានប្រភេទណា? អស់ថវិកាប៉ុន្មាន? ហើយនៅពេលសិក្សាចប់សព្វគ្រប់នឹងដាក់ដេញថ្លៃដើម្បីជ្រើសរើសក្រុមហ៊ុនមកសាងសង់ស្ពានស្វាយជ្រុំរបស់យើង»។

យ៉ាងណាក្ដី រដ្ឋមន្រ្តីរូបនេះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ថា ការសិក្សានឹងបញ្ចប់នៅពេលណានោះទេ។

ក្នុងថ្ងៃជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា ផែនការ និងការសិក្សាស្ពានក្រចេះ-កំពង់ធំ ត្រូវបានត្រៀមរួចរាល់ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចអនុម័តជាផ្លូវការ។ (អានបន្ថែម)

- Video Advertisement -