២០ឆ្នាំមកនេះ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជា មានរហូតជាង ៦០ ប៊ីលានដុល្លារអាមេរិក
វិស័យសំណង់បានក្លាយឆ្អឹងខ្នងដ៏សំខាន់មួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ទុនវិនិយោគសរុបក្នុងវិស័យនេះមានដល់ទៅប្រមាណជាង ៦០,៨៧២ ប៊ីលានដុល្លារ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះ ថា៖ «ទុនវិនិយោគក្នុងវិស័យសំណង់ ពី២០០០ ដល់ ២០២០ បានកើនឡើងជាបន្តបន្ទាប់ ពោលគឺកើនដល់ជាងប្រមាណ ៦០,៨៧២ប៊ីលានដុល្លារ»។
«ទោះមានការរីកចម្រើនយ៉ាងនេះក្ដី យើងក៏នៅមានតម្រូវការបន្ថែមទៀត ដូចជា ការអភិវឌ្ឍសំណង់លំនៅឋាន ពិសេសលំនៅឋានតម្លៃសមរម្យ ការរៀបចំហេដ្ឋារចនាបណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូ ប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹងនិងរាវ លំហសាធារណៈនិងផ្ទៃបៃតង បរិក្ខារទីក្រុង ជាដើម»។
លើសពីនេះ ឯកឧត្តមក៏បានបង្ហាញជំនឿថា កំណើនលំហូរទុនក្នុងអភិវឌ្ឍអចលនទ្រព្យ និងសំណង់នេះ នឹងជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

