៩ ហេតុផលដែលចិន និងអាមេរិកជឿថាកម្ពុជាកំពុងក្លាយជា ខ្លានៃអាស៊ីប្រចាំសតវត្សទី២១
អ្នកវិភាគជើងចាស់ជនជាតិចិន និងអាមេរិក ២រូប បានលើកឡើងថា កម្ពុជាអាចមានឱកាសក្លាយជា «ខ្លានៃអាស៊ីប្រចាំសតវត្សទី២១» ក្នុងពេលឆាប់ៗ ពិសេសក្រោយវិបត្តិកូវីដ១៩បញ្ចប់ ហើយស្ថានភាពសេដ្ឋកិច្ចពិភពលោកវិលត្រឡប់មករកភាពប្រក្រតីវិញ។
ការព្យាករណ៍នេះធ្វើឡើងដោយលោក Anthony Galliano ដែលជាប្រធានសភាពាណិជ្ជកម្មអាមេរិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management Holdings និងលោក Edward Lee ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate។
អ្នកជំនាញទាំង២ បានលើក ហេតុផល ៩ ចំណុច ធំៗ ដើម្បីគាំទ្រ លើការព្យាករណ៍របស់ខ្លួន ដូចខាងក្រោម៖
១) បើសង្កេតលើសន្ទុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេល ៥ឆ្នាំ ចុងក្រោយមុនវិបត្តិកូវីដ កម្ពុជាគឺដើរស្របនឹងគន្លងនៃកំណើនសេដ្ឋកិច្ចនៃប្រទេសសិង្ហបុរី ហុងកុង តៃវ៉ាន់ និងកូរ៉េ ក្នុងចន្លោះឆ្នាំ ១៩៦០ និងឆ្នាំ ១៩៩០ ពោលគឺចន្លោះ ៦% ក្នុង១ឆ្នាំ។ កំណើនសេដ្ឋកិច្ចក្នុងអត្រានេះ បានធ្វើឱ្យប្រទេសទាំងនេះជាប់ខ្លានៃអាស៊ី ដូច្នេះកម្ពុជាក៏មានឱកាសខ្ពស់ដែរ។
គួរបញ្ជាក់ថា GDP កម្ពុជា ឆ្នាំ ២០២២ ត្រូវបានព្យាករថានឹងហក់ឡើងដល់ ៦,៣% នេះបើយោងតាមរបាយការណ៍របស់ S&P Global Rating។ (អានបន្ថែម)
២)រដ្ឋាភិបាលមានផែនការជាច្រើន ក្នុងទិសដៅជំរុញសេដ្ឋកិច្ច ដូចជាគម្រោងប្ដូរខេត្តព្រះសីហនុជាបណ្ដុំសេដ្ឋកិច្ចពហុបំណង និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ទឹក និងអាកាស ដូចជាគម្រោងផ្លូវល្បឿនលឿន ជាដើម។ ទាំងនេះ នឹងធ្វើឱ្យថ្លៃដឹកជញ្ជូនទំនិញនៅកម្ពុជាកាន់តែទាប ដែលជាកត្តាប្រកួតប្រជែងធំមួយ។
៣) ដីធ្លីនៅកម្ពុជាភាគច្រើន នៅមិនទាន់មានប្លង់មេ ឬការកំណត់គោលដៅច្បាស់លាស់ទេ ដែលងាយដល់ការទិញលក់ វិនិយោគ និងអាចផ្តល់ជាផលចំណេញខ្ពស់ទៅថ្ងៃអនាគត។ សម្រាប់ក្រុមហ៊ុនអចលនទ្រព្យទាំងក្នុងនិងក្រៅស្រុក នេះគឺឱកាសដ៏កម្រ។ ដោយឡែក សម្រាប់វិនិយោគិនក្នុងវិស័យផ្សេងៗដូចជាការសង់រោងចក្រ ឬបើកក្រុមហ៊ុន សុទ្ធសឹងតែត្រូវមានការទិញលក់ដី ឬអចលនទ្រព្យ ដើម្បីធ្វើគម្រោងទាំងនោះ ដូច្នេះ កត្តាដែលតម្លៃដីនៅកម្ពុជា នៅទាប បើធៀបនឹងប្រទេសជិតខាង គឺជាមេដែកស្រូបយកវិនិយោគិនយ៉ាងធំ។
៤) ច្បាប់វិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តនានាក៏ដើរតួយ៉ាងសំខាន់ផងដែរ ក្នុងការទាក់ទាញវិនិយោគិន។
ឧទាហរណ៍ដូចជា គោលនយោបាយដែលបើកឱ្យក្រុមហ៊ុនបរទេស ឬជនជាតិបរទេសអាចមានសិទ្ធិបើកក្រុមហ៊ុនបាន ១០០% ដែលខុសពីប្រទេសជិតខាងដូចជាថៃ ដែលតម្រូវឱ្យជនជាតិថៃមានហ៊ុនយ៉ាងតិច ៥១% ក្នុងក្រុមហ៊ុន។
គោលនយោបាយដែល តម្រូវឱ្យដើមទុនអប្បបរមាត្រឹមតែ ១០០០ដុល្លារ ដើម្បីបង្កើតក្រុមហ៊ុន ការយកពន្ធសាជីវកម្មទាប និងច្បាប់ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចនាំចូលចំណូលទៅក្រៅស្រុកវិញ ដោយមិនជាប់ពន្ធ ឬជាប់ពន្ធទាប អាស្រ័យតាមលក្ខខណ្ឌ ក៏ជាចំណុចទាក់ទាញអ្នកវិនិយោគយ៉ាងខ្លាំងផងដែរ។
៥) កម្ពុជាជាប្រទេស ដែលមានប្រើទាំងរូបិយបត្រដុល្លារ និងរៀល។ ការប្រើប្រាស់ប្រាក់ដុល្លារ ដែលជាសាច់ប្រាក់គោលធំមួយរបស់ពិភពលោក ធ្វើឱ្យកម្ពុជាមានស្ថេរភាព លើអត្រាប្ដូរប្រាក់។ កត្តានេះ ធ្វើឱ្យកម្ពុជាមិនរងសម្ពាធធ្ងន់ពីអត្រាប្ដូរប្រាក់ដែលឡើងចុះ តាមសេដ្ឋកិច្ចពិភពលោក ដែលជាអត្ថប្រយោជន៍សំខាន់ សម្រាប់អាជីវកម្មនាំចេញ នាំចូល។
៦) កម្ពុជា បានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ជាច្រើន ពិសេសជាមួយប្រទេសចិន និងកូរ៉ ជាដើម។
៧) កម្ពុជាមានប្រជាជនវ័យក្មេងធ្វើការច្រើន ដែលជាកំលាំងចលករសំខាន់ សម្រាប់ការវិនិយោគបើកជារោងចក្រ និងក្រុមហ៊ុននានា។ ធនធានមនុស្សទាំងនេះ ក៏ចាប់ផ្ដើមមានគុណភាពជាងមុន ដោយប្រព័ន្ធការសិក្សាដែលមានស្ដង់ដាជាងមុន។ នេះគឺជាចំណុចពិសេសរបស់កម្ពុជា បើធៀបនឹងប្រទេសជិតខាង ដូចជាប្រទេសថៃ ដែលកំពុងឈានទៅរកប្រទេស ដែលមានមនុស្សចាស់ជរា ខ្វះមនុស្សធ្វើការ។
៨) ប្រទេសកម្ពុជា បើកចំហរទទួលបរទេសច្រើនជាងមុន ព្រមជាមួយសេវាទេសចរណ៍ ការកម្សាន្ត និងសេវាបដិសណ្ឋារកិច្ចដែលមានស្ដង់ដា និងចម្រុះជាងមុន។ កត្តានេះមិនត្រឹមតែទាក់ទាញទេសចរ ប៉ុណ្ណោះទេ ដែលថែមទាំងធ្វើឱ្យវិនិយោគិន ចង់មករស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជាច្រើនជាងមុនផងដែរ។
៩) បើធៀបនឹងប្រទេសទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ កម្ពុជាចាត់ទុកថាងាយ ក្នុងការធ្វើអាជីវកម្ម ព្រោះច្បាប់ទំលាប់ជាច្រើន ស្ថិតក្នុងដំណាក់កាលរៀបចំថ្មី ដែលមានការអនុគ្រោះខ្ពស់ និងងាយបត់បែន បើធៀបនឹងប្រទេសដែលជឿនលឿនហើយ។
- Video Advertisement -