ពិព័រណ៍ឧស្សាហកម្មសំណង់ដ៏ធំរបស់សមាគមអ្នកសាងសង់កម្ពុជាបានចាប់ផ្តើមហើយ
ការប្រារព្ធកម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាប្រចាំឆ្នាំ២០១៨ បានចាប់ផ្តើមហើយ កាលពីព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការចូលរួមពីគណៈប្រតិភូមកពីបណ្តាស្ថាប័នឯកជននិងរដ្ឋ។
ក្រោមការរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ាពុងឃាវសែនោះ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាបានបើកទំព័រជាថ្មីម្តងទៀត ហើយព្រឹត្តិការណ៍ឆ្នាំនេះទៀតសោត គឺកាន់តែមានភាពអធិកអធមជាងឆ្នាំមុនថែមទៀតផង។
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ២០១៨ គឺត្រូវបានចូលរួមក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូបទៀត។
ទន្ទឹមនឹងនេះផងដែរ កម្មវិធីលំដាប់អន្តរជាតិសម្រាប់រយៈពេលបីថ្ងៃ ដែលចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នេះ គឺមានការចូលរួមតាំងពិព័រណ៍ពីបណ្តាក្រុមហ៊ុនផ្នែកវិស័យសំណង់ប្រមាណជា ១៨៦ ក្រុមហ៊ុនដែលស្មើទៅនឹងស្តង់ពិព័រណ៍រហូតដល់ទៅ ៣១០ ស្តង់ពិព័រណ៍។ ជាពិសេស ពិព័រណ៍ឧស្សាហកម្មសំណង់លើកទី៥ មួយនេះ គឺមានការដាក់តាំងបង្ហាញផលិតផលប្រមាណជាង ៦០០ ប្រភេទ ដែលផលិតផលទាំងនេះមានខ្លះជាផលិតផលក្នុងស្រុក និងមានខ្លះជាផលិតផលដែលបាននាំចូលពីបណ្តាប្រទេសជាច្រើនលើពិភពលោក។
ថ្លែងក្នុងពិធីសម្ពោធកម្មវិធីខាងលើ ឯកឧត្តម ជា សុផារ៉ា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងព្រឹត្តិការណ៍នេះ ដែលវាបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងបង្ហាញពីទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍន៍ និងការរីកចំរើនលើវិស័យសំណង់របស់យើងនៅកម្ពុជា។
ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថា ការរីកលូតលាស់នៃសំណង់អគារខ្ពស់ៗនិងទំនើបៗ គឺចាំបាច់ណាស់ដែលកម្ពុជាត្រូវមានបច្ចេកវិទ្យាសាងសង់ និងសម្ភារទំនើបៗដែលមានគុណភាព និងស្តង់ដារ ដើម្បីបម្រើឲ្យការសាងសង់ និងសំណង់ឲ្យមានគុណភាព និងសុវត្ថិភាពគ្រប់គ្រាន់។
ទន្ទឹមនឹងនេះដែរ អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានឲ្យដឹងផងដែរថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុាខាងលើនេះ គឺបានបង្កើតឱកាសឲ្យក្រុមហ៊ុនក៏ដូចជាធុរកិច្ចជនផ្សេងៗទៀតដែលមានមុខរបរជំនួញលើវិស័យសំណង់នៅកម្ពុជាបានមកធ្វើការទំនាក់ទំនងពិភាក្សា អំពីកិច្ចការជំនួញពាណិជ្ជកម្មជាមួយគ្នាដោយផ្ទាល់ និងយ៉ាងជិតស្និទ្ធបំផុត ដើម្បីឱ្យដឹងច្បាស់ពីតម្រូវការ និងការផ្គត់ផ្គង់សម្ភារឧបករណ៍ និងគ្រឿងចក្រសំណង់លើទីផ្សារកម្ពុជា។
លើសពីនេះ ពិព័រណ៍នេះគឺបានរួមចំណែកផ្សព្វផ្សាយ និងបង្ហាញពីទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ការអភិវឌ្ឍន៍ និងការរីកចំរើនលើវិស័យសំណង់របស់យើងនៅកម្ពុជាផងដែរ។
- Video Advertisement -