ផ្លូវក្រវាត់រាជធានីភ្នំពេញខ្សែទី៣ សម្រេចបាន ៣៧,១៥% ហើយ
គិតត្រឹមចុង ខែ មេសា ឆ្នាំ ២០២០ ផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តកណ្ដាលនេះ សម្រេចការសាងសង់បាន ៣៧,១៥% ហើយ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា ដំណើរការនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ បានសម្រេចបាន ៣៧,១៥% ហើយ បើគិតត្រឹមចុងខែមេសា ២០២០ នេះ។
លោកក៏បានបន្ថែមថា៖ «បើទោះជាពិភពលោក និងកម្ពុជាជួបវិបត្តិនៃការផ្ទុះឡើង នៃ COVID19 ក្តី គម្រោងផ្លូវក្រវ៉ាតក្រុងទី៣ នៅតែដំណើរការបានល្អប្រសើរដដែល។»
ផ្លូវក្រវ៉ាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩៨៣ គីឡូម៉ែត្រ ឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាល ប្រវែងជិត ៣៨ គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលត្រូវបានបើកសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩។
ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី ៣ នេះ ក៏នឹងមានការសាងសង់ស្ពានអាកាស ឆ្លងកាត់ចំនួនបួនកន្លែងប្រវែងសរុប ១០០០ ម៉ែត្រ ដែលការសាងសង់នេះ នឹងត្រូវចំណាយថវិកាប្រមាណ ២៧៣ លានដុល្លារអាមេរិកដែលជាកម្ចីពីសាធារណរដ្ឋប្រជាមានិតចិន។
តាមការបញ្ជាក់របស់ឯកឧត្ដមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវមួយខ្សែនេះ នឹងប្រើប្រាស់រយៈពេលប្រហែល ៤២ ខែ ដើម្បីសាងសង់ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ ខែធ្នូ ឆ្នាំ២០២១។ (អានបន្ថែម)




