អាជ្ញាធរសំបូរព្រៃគុកគ្រោងសាងសង់ផ្លូវវាងប្រាសាទ ១៣ គ.ម

អាជ្ញាធរសម្បូរព្រៃគុកហ៍ គ្រោងសាងសង់ផ្លូវវាង ១៣ គីឡូម៉ែត្រ​ នៅ​តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​ និងដើម្បីចូលរួមការអនុវត្ត​​គោល​ការណ៍​អភិរក្ស​គុណភាព​ប្រាសាទ។

ឯកឧត្តម​ ផាន់ ណាឌី អគ្គនាយក​នៃ​អាជ្ញាធរ​សំបូរព្រៃគុក បា្រប់​ទស្សនាវដ្ដី​សំណង់​ និង​អចលនទ្រព្យ​ថា​ គម្រោ​ង​សាងសង់​ផ្លូ​វវាង​នេះ គ្រោងនឹងកសាងឡើងក្នុង​គោល​បំណង​ជួយសម្រួល​ដល់​ការ​ធ្វើដំណើរ​នៅជុំវិញ​តំបន់​ប្រាសាទ ពិសេសដើម្បីជៀសវាង​ផល​ប៉ះពាល់​ ដែល​បណ្ដាល​មក​ពី​រថយន្ត​ធំៗ​បរកាត់ពាក់កណ្ដាលរមណីយដ្ឋាននេះ​។ ​

ឯកឧត្តម​បាន​មាន​ប្រសាសន៍ថា​៖ «ដើម្បី​ជាគោលការណ៍ក្នុងការអភិរក្ស គឺយើងជៀសវាង កុំឲ្យឡានធំៗបរនៅតំបន់នេះ ព្រោះ​វា​អាចធ្វើ​ឲ្យ​រញ្ជួយ ប្រាសាទ។ ដូច្នេះ​ យើងធ្វើផ្លូវវាងឲ្យឆ្ងាយពីតំបន់ប្រាសាទ ដើម្បីជៀស​វាងការប៉ះពាល់។»

ឯកឧត្តម​បាន​បន្ថែមថា ផ្លូវ​វាង​ដែល​គ្រោង​នឹង​សង់​នេះ នឹង​បញ្ចៀស​នូវ​ជម្លោះ​ផ្សេងៗ​ ដែល​អាច​នឹង​កើតមាន​ឡើង​ពេល​អនាគត​ ដោយសារ​ជា​ទូទៅនៅទីណាមាន​កន្លែងភ្ញៀវទេសចរណ៍ តែងតែមានជម្លោះរឿងដីធ្លី សំណង់ រវាងប្រជាជន​ដែល​រស់​នៅតំបន់​ជិតប្រាសាទ​នេះ ដូច​ជា​ការ​ពង្រីក​ផ្លូវជាដើម។

ឯកឧត្តម​ បាន​បញ្ជាក់​ថា​ គម្រោងនេះ​​នឹង​សាងសង់​ក្នុង​ឆ្នាំ ​២០២០ ​នេះ​ ដោយសារ​អាជ្ញាធរ​មាន​គម្រោង​សាងសង់​អគារការិយាល័យរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ក្នុង​ឆ្នាំ​ជាមួយ​គ្នានេះ​ដែរ។

ចំណែក​ឯ​ពេល​វេលា​ជាក់​លាក់​ ​ឯកឧត្តម​​ មិន​ទាន់​បញ្ជាក់​បាន​នៅ​ឡើយទេ​ ពោលគឺ​អាស្រ័យ​​តាម​អាកាសធាតុ​ ប្រសិន​បើ​ភ្លៀង​ខ្លាំង អាជ្ញាធរ​នឹង​​សម្រុក​មក​ធ្វើ​អគារ​សិន​ ហើយ​នៅ​ពេល​រដូវ​ប្រាំង​ចូល​មក​ដល់​ អាជ្ញាធរ​នឹង​សាងសង់​ផ្លូវវិញម្ដង​​។

គួរបញ្ជាក់​ផងដែរថា កាលពីថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំស្តីពីការចរចាថ្លៃលើការងារសាងសង់អគារការិយាល័យរបស់អាជ្ញាធរជាតិសំបូរព្រៃគុក និងអគារសាកលវិទ្យាល័យតេជោសែន កំពង់ធំ។

ចំពោះ​អគារសកលវិទ្យាល័យតេជោសែន កំពង់ធំនេះផងដែរ នឹង​ត្រូវ​សាងសង់​លើក​ផ្ទៃដី​ទំហំ​ ២០ ហិកតា និង​មាន​កម្ពស់​បីជាន់។ ឯកឧត្តម​បាន​ឲ្យយ៉ាងដូច្នេះ៕

 

- Video Advertisement -