“ខ្មែរធ្វើបាន” ឈ្មោះសមិទ្ធផលផ្លូវជាតិថ្មី ប្រសិទ្ធនាមដោយសម្តេច ទទួលការសាទរពីមហាជន

“ខ្មែរធ្វើបាន” “សិលាចាំស្នេហ៍” និង “ដើមឈើចាំស្នេហ៍” ឈ្មោះផ្លូវទាំងបីកន្លែង ទើបនឹងទទួលបានការប្រសិទ្ធនាមថ្មី ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្តេចថ្លែងក្នុងពិធីសំណេះសំណាលនៃដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុនាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០ នេះ ទទួលបានការសាទរយ៉ាងពេញទំហឹង ពីមហាជន។

“ខ្មែរធ្វើបាន” ជាឈ្មោះដែលសម្តេចនាំអាទិ៍មុនគេ សម្រាប់ហៅកន្លែងពុះភ្នំធ្វើផ្លូវ។ ក្រោមស្នូរទះដៃយ៉ាងខ្លាំងៗពីសំណាក់មហាជនអមដំណើរសម្តេចតេជោ ក្នុងឱកាសដែលសម្តេចថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ សម្តេចតេជោបានពន្យល់ទាំងទឹកមុខមាំ ពេញដោយមោទនភាពជាតិ អំពីខ្លឹមសារនៃឈ្មោះថា “ខ្មែរធ្វើបាន” នេះថា៖

“…វាមិនមែនតែបច្ចេកទេសពុះភ្នំ ដើម្បីកសាងផ្លូវ…ទេ…វាមានន័យទៅឆ្ងាយពីនេះ នៅត្រង់ថា ការគិតក៏ខ្មែរ។ ការសាងសង់ ក៏ខ្មែរ។ បច្ចេកទេស គូសប្លង់ និងការសាងសង់ទាំងអស់ គឺបាតដៃកូនខ្មែរ។ ប្រាក់ទាំងអស់ គឺខ្មែរចេញទាំងអស់ គ្មានបរទេសចូលរួមម៉ាតិច” ប្រសាសន៍សម្តេច។

ក្រៅអំពីភាគរយជាបរិមាណវិស័យ (Quantitatively) នៃប្រវែង និងចំនួនផ្លូវ និងទឹកលុយដែលយកមកសាងសង់ផ្លូវទាំង ៣៤ ខ្សែនេះ អ្វីដែលសម្តេចចង់បញ្ជាក់ក្នុងសារពន្យល់អំពីការដាក់ឈ្មោះផ្លូវទាំង ៣ កន្លែងនេះ គឺទឹកចិត្ត សាមគ្គីភាព ការប្តេជ្ញាចិត្ត និងថវិកាដែលចេញពីញើសឈាមខ្មែរផ្ទាល់ ដែលអាចជាសក្ខីកម្មបញ្ជាក់ពីលទ្ធភាពរបស់កម្ពុជាក្នុងការរក្សាជំហរឯករាជ និងអធិបតេយ្យរបស់ជាតិ។

សម្តេចបញ្ជាក់ថា “…ខ្មែរចេញទាំងអស់។  “វាមិនមែនមានន័យត្រឹមតែផ្ចិតភ្នំនោះទេ វាមានន័យទៅឆ្ងាយពីនោះ…”។

ឈ្មោះផ្លូវមួយកន្លែងទៀត ត្រូវបានសម្តេចប្រសិទ្ធនាមថា “សិលាចាំស្នេហ៍” គឺជាឈ្មោះសម្រាប់ហៅផ្លូវមួយខ្សែ ដែលសាងសង់ព័ទ្ធសងខាងជុំវិញសិលាដ៏ធំមួយដុំ ទុកនៅចំកណ្តាលផ្លូវ។

សូមបញ្ជាក់ថា របៀបប្រសិទ្ធនាមឈ្មោះសមិទ្ធផលជាតិថ្មីៗនេះ ត្រូវបានមតិមហាជនមួយចំនួនលើកឡើងថា ជាឥរិយាបថមួយប្លែករបស់រដ្ឋាភិបាល ក៏ដូចជាក្នុងប្រវត្តិវប្បធម៌ដាក់ឈ្មោះរបស់ខ្មែរផងដែរ ដែលក្នុងអតីតកាលគេច្រើនឃើញមានភ្ជាប់ឈ្មោះទៅនឹងបុគ្គល ជាជាងដាក់ឈ្មោះបែបសមូហភាព បែបនេះ។

ចំណែកឯ ឈ្មោះផ្លូវមួយខ្សែទៀត ស្ថិតនៅក្នុងកម្រងផ្លូវទាំង ៣៤ ខ្សែនេះ​ដែរ គឺ “ដើមឈើចាំស្នេហ៍”។ ដើមឈើចាំស្នេហ៍ ដែលសម្តេចបានហៅមុនគេ គឺចង់សំដៅទៅលើលក្ខណៈប្លែកនៃការកសាងផ្លូវនេះ​ វាងដើមឈើដ៏ធំស្កឹបស្កៃមួយដើម ដែលកំពុងឈរទ្រឹងយ៉ាងមាំនៅកណ្តាលទ្រូងផ្លូវកៅស៊ូតែម្តង។

មានអ្នកសង្កេតជាទូទៅខ្លះ មើលឃើញថា ដើមឈើចាំស្នេហ៍នេះ គឺជានិមិត្តរូប ជាបណ្តើរៗហើយ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ដែលរដ្ឋាភិបាលចាប់ផ្តើមយកបូរណភាពបរិស្ថានជាចំណុចស្នូលនៃការអភិវឌ្ឍ ស្របតាមគោលការណ៍អភិវឌ្ឍន៍ប្រកដដោយចីរភាព (SDGs) ដែលនិមិត្តរូបនេះ ដំណាងដោយដើមឈើដុះចំកណ្តាលផ្លូវថ្នល់នោះឯង។

គេនៅចាំបានថា កាលពីដើមឆ្នាំ ២០២០ នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ភ្ជាប់ខេត្តពោធិ៍សាត់ទៅកោះកុង និងខេត្តត្រាត និងពិធីសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ សម្តេច ក៏ទើបនឹងបាន ប្រសិទ្ធនាមឈ្មោះផ្លូវជាតិលេខ ៥៥ នេះថា “វិថីបុប្ផាលាក់ខ្លួន”។

បុប្ផាលាក់ខ្លួន ឈ្មោះវិថីនេះ ត្រូវបានថ្នាក់ដឹកនាំក្រសួងទេសចរណ៍បង្ហាញការសាទរ ក្នុងន័យថា សមិទ្ធផលជាតិមួយខ្សែនេះ បានបើកបង្ហាញ សក្តានុពលអភិវឌ្ឍន៍យ៉ាងច្រើននៅតាមដងផ្លូវ ដែលនៅមិនទាន់ទាញយកមកអភិវឌ្ឍអស់ ពោលគឺមិនមែនតែសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងភូមិភាគបស្ចិមនៃប្រទេសប៉ុណ្ណោះទេ តែគឺជាសមាហរណកម្មរវាង ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងទេសចរណ៍ ដើម្បីការរីកចម្រើនលើគ្រប់វិស័យផងដែរ៕

- Video Advertisement -