គណៈកម្មការទន្លេមេគង្គពន្យារការពិភាក្សាគម្រោងវារីអគ្គិសនីចំនួន ០២ របស់ឡាវ
គណៈកម្មការទន្លេមេគង្គ សម្រចពន្យារការពិភាក្សាលើគម្រោងវារីអគ្គិសនីចំនួន ០២ របស់ឡាវ លើដងទន្លេមេគង្គ ដោយសារមានការសម្ដែងការព្រួយបារម្ភផលប៉ះពាល់លើវិស័យបរិស្ថានពីសំណាក់ប្រទេស កម្ពុជា ថៃ វៀតណាម និងបណ្ដាប្រទេសផ្សេងៗទៀត ដែលស្ថិតនៅជុំវិញដងទន្លេមេគង្គ។ នេះបើយោងទៅតាមសេចក្ដីប្រកាសរបស់គណៈកម្មការទន្លេមេគង្គកាលពីថ្ងៃទី ០៥ មិថុនា ២០២០ កន្លងទៅ។
គម្រោងវារីអគ្គិសនីទី០១ គឺគម្រោងវារីអគ្គីសនីហ្លួងព្រះបាំង (Luang Prabang)មានអានុភាព ១.៤៦០ មេហ្គាវ៉ាត់ ដែលរដ្ឋាភិបាលឡាវដាក់ស្នើសុំការសាងសង់លើដងទន្លេមេគង្គ ផ្នែកខាងជើងនៃខេត្តហ្លួងព្រះបាំង (Luang Prabang) ត្រូវពន្យារកាលបរិច្ឆេទទៅថ្ងៃទី ៣០ មិថុនា ២០២០ វិញ។
“ដោយសារតែការព្រួយបារម្ភ និងសំណូមពរដែលលើកឡើងដោយប្រទេសកម្ពុជាថៃ និងប្រទេសវៀតណាម និងភាគីពាក់ព័ន្ធមេគង្គដទៃទៀត និងដោយមានការព្រមព្រៀងពីប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទនៃ “ដំណើរការពិគ្រោះយោបល់ជាមុន” សម្រាប់គម្រោងហ្លួងព្រះបាង រហូតដល់ថ្ងៃទី ៣០ ខែមិថុនាវិញ” ។ ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Somkiat Prajamwong ប្រធានគណៈកម្មការ MRC JC សម្រាប់ឆ្នាំ ២០២០។
គម្រោងវារីអគ្គិសនីហ្លួងព្រះបាំងនេះ គឺជាគម្រោងទី ៥ ដែលរដ្ឋាភិបាលឡាវបានដាក់ស្នើ ឱ្យដំណើរការពិគ្រោះយោបល់ជាមុន ដែលជាដំណើរការមួយរបស់គណៈកម្មការទន្លេមេគង្គ កាលពីខែកក្កដាឆ្នាំមុន។ ដំណើរការនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី ៧ ខែមេសា ប៉ុន្តែដោយសារតែជំងឺរាតត្បាត Covid-19 ស្ថាប័នអភិបាលកិច្ចរបស់ MRC អាចជួបគ្នាបាននៅថ្ងៃទី ៤ ខែមិថុនាវិញ។
គម្រោងនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនហ្លួងព្រះបាងផៅវ័រលីមីតធីត ដែលជាក្រុមហ៊ុនបង្កើតឡើងដោយរដ្ឋាភិបាលឡាវ និងសាជីវកម្មថាមពលផែវៀតណាម ក្រោមអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០៧។
ចំណែកគម្រោងវារីអគ្គិសនីទី០២ ដែលត្រូវបានពន្យារដំណើរការវាយតម្លៃនេះ រហូតទៅដល់ក្រោយគម្រោងហ្លួងព្រះបាំងទៀតនោះ គឺគម្រោងសាណាក់ខាំ ( Sanakham project ) ដែលមានអានុភាព ៦៨៤ មេហ្កាវ៉ាត់។ សាណាក់ខាំ គឺជាគម្រោងទី ៦ ដែលត្រូវបានដាក់ឱ្យដំណើរការពិគ្រោះយោបល់មុនរបស់គណៈកម្មការទន្លេមេគង្គ។ គម្រោងនេះ ស្ថិតនៅចម្ងាយ ១៥៥ គីឡូម៉ែត្រខាងជើងរដ្ឋធានីវៀងចន្ទន៍ មានតម្លៃប្រមាណ ២,០៧៣ ពាន់លានដុល្លារ វិនិយោគដោយក្រុមហ៊ុនវារីអគ្គិសនីដាតាង សាណាក់ខាំ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលដាតាងអន្តរជាតិ របស់ប្រទេសចិន។
ការសម្រចនេះធ្វើឡើង ក្រោយពេលដែលប្រទេសឡាវបានបើកទំនប់ថ្មីចំនួន ២ បន្ថែមទៀត ដែលត្រូវបានក្រុមអ្នកបរិស្ថានបានព្រមានថា នឹងបង្កអន្តរាយដល់ជលផល និងការធ្វើកសិកម្មតាមបណ្តោយទន្លេមេគង្គក្រោម លាតសន្ធឹងលើផ្ទៃដីប្រមាណ ២ ៣៩០ គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែរ ប្រទេសកម្ពុជាក៏ទើបនឹងប្រកាសព្យួរទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គរហូតដល់ឆ្នាំ ២០៣០ ដោយងាកទៅរកប្រភពថាមពលពីធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យជំនួសវិញ៕
(អានបន្ថែម)

- Video Advertisement -