ឥណ្ឌូនេស៊ីស្នើសង់ផ្លូវមួយខ្សែជូនកម្ពុជាដោយដាក់ឈ្មោះថ្នាក់ដឹកនាំខ្លួនទុកជាកាដូមិត្តភាពយូរអង្វែង

សាធារណរដ្ឋឥណ្ឌូនេស៊ី ស្នើសុំសាងសង់ផ្លូវមួយខ្សែនៅ​កម្ពុជាដែល​អាច​ដាក់​ឈ្មោះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន​ ដើម្បីជា​ចំណង​ដៃ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ និង​ទំនាក់​ទំនង​ដ៏យូរ​អង្វែងរវាង​ប្រទេស​កម្ពុជា និងឥណ្ឌូនេស៊ី។

ការ​ស្នើនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សាការងារ​រវាង​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ០៥ មិថុនា ២០២០ ​នេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រីកម្ពុជា ឲ្យ​ពិនិត្យលើលទ្ធភាពសាងសង់ផ្លូវមួយខ្សែដែលអាចដាក់ឈ្មោះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។

ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអលចនទ្រព្យ នៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងសាងសង់ផ្លូវ ដោយដាក់ឈ្មោះបុគ្គល ក្រុមហ៊ុន ឬថ្នាក់ដឹកនាំ ចំពោះការចំណាយលើការសាងសង់ គឺជាបន្ទុករបស់សាម៉ីជន ឬក្រុមហ៊ុន ឬរបស់ប្រទេសសាម៉ីនៃឈ្មោះថ្នាក់ដឹកនាំប្រទេសនោះ។

ឯកឧត្តម ប៉ាល់ ចន្ទតារា ថ្លែងថា៖ “ជាទូទៅ ឲ្យតែដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសណា ចំណាយលើការសាងសង់ជាបន្ទុករបស់ប្រទេសនោះ  ឬឈ្មោះក្រុមហ៊ុននោះ ដូចជាករណីផ្លូវកាណាឌីយ៉ាចឹង គឺការចំណាយ របស់ក្រុមហ៊ុនកាណាឌីយ៉ា”។

ជាមួយ​គ្នា​នេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ គំនិតផ្តួចផ្តើមនេះ ដែលមានប្រយោជន៍ច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគរវាងប្រទេស ទាំងពីរផងដែរ។

គួរបញ្ជាក់​ផង​ដែរថា មហាវិថីដែល​ត្រូវបាន​ដាក់​ឈ្មោះ​តំណាង​ឲ្យ​សម្ព័ន្ធភាព​រវាង​ប្រទេស​ដទៃ ​រួម​មាន មហាវិថីសហពន្ធ័រុស្ស៊ី មហាវិថីសាធារណរដ្ឋឆែក ផ្លូវហាណូយ មហាវិថីម៉ៅសេទុង ផ្លូវអាស៊ានលេខ១១ មហាវិថី សាធារណរដ្ឋប៉ូឡូញ មហាវិថីហ្សាដឺហ្គោល មហាវិថីហ្សាវ៉ាហារឡាល នេហ៍រុ ជាដើម៕

 

- Video Advertisement -