រដ្ឋាភិបាលត្រៀមថវិកាជាង១០០លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាម៉េរិក សម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ ក្នុងបរិបទនៃការរីកសាយជំងឺកូវីដ ១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈគម្រោងនេះ ជា “កម្មវិធីសាច់ប្រាក់ពលកម្ម ជំហានទី ២” របស់រដ្ឋាភិបាល ហើយថវិកានឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល ០៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២២ ដើម្បីស្តារ និងអភិរក្សធនធានធម្មជាតិ រួមមានបឹងបួរ អាងស្តុកទឹក និងស្រះស្រោចដំណាំកសិកម្ម ដែលអនុវត្តទៅលើខេត្តចំនួន ១៨។
តាមផែនការ គម្រោងនេះ មានសមត្ថភាពស្រូបយកពលកម្មដែលបាត់បង់រយៈពេលខ្លីបានចំនួន ៨៩០ ០០០ នាក់ កសាងផ្លូវលំបានចំនួន ២ ២៥៥ គម ប្រឡាយទឹកចូលស្រែ ចំនួន ២ ៣៨៤ គ.ម និងភ្ជាប់បណ្តាញអគ្គិសនីដល់ស្ថានីយបូមទឹកកសិកម្ម បានចំនួន ៤៥។ ប្រជាពលរដ្ឋទទួលផលពីហេដ្ឋារចនាសម្ព័ន្ធទាំងនេះ មានចំនួន ៩៥៧ ០០០ គ្រួសារ។
ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា កម្មវិធីនេះ មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច សង្គមបច្ចុប្បន្នរបស់កម្ពុជា តាមរយៈ មិនត្រឹមតែការបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រឡាយ ប្រព័ន្ធធារាសាស្ត្រ នៅតាមមូលដ្ឋានសម្រាប់ទ្រទ្រង់ និងលើកកម្ពស់ “សេដ្ឋកិច្ចមូលដ្ឋានទ្រទ្រង់ដោយសហគមន៍” ផ្ទាល់តែម្តង។
គួរបញ្ជាក់ថា គម្រោងសាច់ប្រាក់ ពលកម្មជំហានទី ១ ត្រូវបានអនុវត្តរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ ដល់ ២០១៩ ដោយបានចំណាយថិវកា សរុប ២១៥.៤ ប៊ីលានរៀល ឬប្រមាណ ៥២ លានដុល្លារ និងមានវិសាលភាពអនុវត្តលើខេត្តគោលដៅ ចំនួន ១២ ដោយបានកសាងផ្លូវជនបទ ប្រវែងប្រមាណ ៦៨៨ គ.ម បានស្តារ និងកសាងប្រឡាយប្រវែង ១ ១៤០ គ.ម។ ហើយអ្នកទទួលផលពីគម្រោងជំហានទី១ នេះ មានចំនួន ប្រមាណ ៩៣៧ ៣៣៤ នាក់៕


