ប្រាំខែនៃរដូវកូវីដ១៩ ភ្នំពេញមានគម្រោងសំណង់ថ្មីៗចំនួន ៥៨៣ ប្រមាណជា ១, ៣ ពាន់លានដុល្លារ
ក្នុងរយៈពេល ៥ ខែចុងក្រោយនេះ គម្រោងដែលទើបសាងសង់នៅរាជធានីភ្នំពេញ មានចំនួន ៥៨៣ គម្រោង បើគិតជាផ្ទៃដី មានទំហំប្រមាណ ២.៨៨១.៣១៧ ម៉ែត្រក្រឡា យោងតាមលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» កាលពីព្រឹកថ្ងៃទី ១៦ ឧសភា ២០២០នេះ។
លោកប្រធានមន្ទីរ ក៏បានរាយការណ៍អំពីស្ថិតិសំណង់អគារនៅ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នផងដែរ។ បើតាមលោកបញ្ជាក់ រាជធានីភ្នំពេញយើង មានអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងទៅ មានចំនួន១,២៩២ អគារ បុរីមានចំនួន ២៤៤ បុរី។
ពាក់ព័ន្ធនឹងការងារផ្ដល់សេវាសាធារណៈលើសេវាសុរិយាដី និងសំណង់វិញ ក្នុងរវាង ៥ ខែ ឆ្នាំ ២០២០ ដដែលនេះ មន្ទីរបានផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួន ២៥ ៧០០ ឯកសារហើយ។
ចំពោះការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធវិញ ខាងមន្ទីរបានការងារចុះបញ្ជីដាច់ដោយដុំ បានចុះចំនួន ១៦២ បណ្ណ ក្នុងរយៈពេលជិតពាក់កណ្តាលឆ្នាំនេះ។ រីឯការប្រមូលទិន្នន័យក្បាលដី មិនទទួលបានតួលេខឆ្នាំ ២០២០ តែសម្រាប់ឆ្នាំ២០១៩ វិញ បានចំនួន ៣៥ ៧៥៨ ក្បាលដី។ ក្នុងចំនួននេះ ក្រសួងបានចុះហត្ថលេខាលើបណ្ណកម្មសិទ្ធិ បានចំនួន ១៣ ៣៨១ ក្បាលដី និងចែកបណ្ណកម្មសិទ្ធិ បានចំនួន ៩ ៨០៣ ក្បាលដី។
សម្រាប់ការងារពាក់ព័ន្ធនឹងការចុះបញ្ជីដីប្រទានកម្មលើដីឯកជនរបស់រដ្ឋ មន្ទីរសម្រេចចុះបញ្ជីបានចំនួន ២៩ ទីតាំង លើដីទំហំជាង ៨២ ហិចតា និងបានផ្ដល់កម្មសិទិ្ធជូនប្រជាពលរដ្ឋចំនួនប្រមាណ១៨ ០០០ គ្រួសារ។
ជុំវិញបញ្ហាប្រទានកម្មដីជូនប្រជាពលរដ្ឋនេះដែរ ខាងមន្ទីរក៏ បានចុះបញ្ជីបំបែកដីឡូត៍ជូនប្រជាពលរដ្ឋសហគមន៍មានជ័យ បានចំនួន ៥៦២ ឡូត៍ ដែលនីតិប្រទានកម្មនេះ ធ្វើឡើងតាមរយៈការចាប់ឆ្នោត។ ជាលទ្ធផល បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋ កំពុងសាងសង់បានចំនួន ១៥២ ឡូត៍ហើយ។
ទន្ទឹមនឹងនេះ លោក សារិន វណ្ណា ក៏បានបញ្ជាក់អំពីតួលេខនៃការចេញលិខិតទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតផងដែរ ដែលត្រឹម ៥ ចុងក្រោយនេះ មន្ទីរបានចេញលិខិតទប់ស្កាត់សំណង់អនាធិបតេយ្យបានចំនួន ២៩ សំណង់ និងលិខិតបិទការដ្ឋានបានចំនួន ៥ ការដ្ឋាន។
ក្នុងឱកាសនោះដែរ លោក សារិន វណ្ណា បានធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពការវិនិយោគលើវិស័យសំណង់ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលកូវីដ ១៩ ថាគម្រោងមួយចំនួនជួបញ្ហារាំងស្ទះ ដោយសារវិនិយោគិនភាគច្រើន លើវិស័យនេះភាគច្រើនជាជនបរទេស៕

