សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ នឹងមានវត្តមាននៅខេត្តតាកែវឆាប់ៗនេះ

សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ ​ទំហំប្រមាណ ៥០ ០០០ ម៉ែត្រក្រឡា កំពុងចាប់ផ្ដើមស្ដារអាងទឹកបឹងទន្លាប់ ឈូសឆាយចាក់បំពេញអាចម៍ដី និង​ត្រៀម​បង្ហាញ​រូបរាងក្នុងស្រុកគីរីវង់ ខេត្តតាកែវ នាពេលឆាប់ៗនេះ។ ​

យោង​តាម​ផេក​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ រដ្ឋបាល​ស្រុក​គិរីវង់ សួន​វប្បធម៌នេះ​ មានប្រវែង​ ៥០០ ម៉ែត្រ និង​ទទឹង ១០០ ម៉ែត្រ មាន​ទីតាំង​ស្ថិតនៅ​តាមបណ្ដោយផ្លូវជាតិលេខ២ នៅចំណុច​អាងបឹងទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែល​​ជា​ការ​ឧបត្ថម្ភ​​គាំទ្រថវិកាសាងសង់ទាំងស្រុង ដោយក្រុមគ្រួសាររបស់ សម្ដេចវិបុលបញ្ញា សុខ អាន។​

តាម​ប្លង់​គម្រោង សួន​នេះ​នឹង​ត្រូវ​បាន​រៀប​ចំឲ្យ​​មាន​ការសាងសង់នូវរូបបដិមា សម្ដេចវិបុលបញ្ញា សុខ អាន បណ្ណាល័យ ទីលានកីឡា កន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និង​ក្មេងលេង រោងទូក ង កន្លែងឆ្លុះកែវយឹត ចំណតរថយន្ត និងទោចក្រយានយន្ត ផែ ទូក បន្ទប់ទឹកសាធារណៈ និងទីលានប្រារព្ធពិធីផ្សេងៗ។

សម្រាប់​ដំណើរ​ការ​សាងសង់​វិញ បច្ចុប្បន្ននេះ អាជ្ញាធរកំពុងតែដំណើរការឈូសឆាយចាក់បំពេញអាចម៍ដី និងស្ដារអាងទឹកបឹងទន្លាប់ជាបណ្ដើរៗ​ហើយ​។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា សួនវប្បធម៌ សម្តេចវិបុលបញ្ញាសុខ អាន គិរីវង់ នឹងផុសអណ្តែតរូបរាងឡើង បង្ហាញសម្រស់យ៉ាងស្រស់ស្អាតលើទឹកដីស្រុកគិរីវង់ ខេត្តតាកែវ នាពេលឆាប់ៗខាងមុខ សម្រាប់ទុកឲ្យប្រជាពលរដ្ឋ ដើរលំហែកម្សាន្ត ហាត់ប្រាណ និងមានកន្លែងសម្រាប់ឲ្យបងប្អូន ចូលអានសៀវភៅ បង្កើនចំណេះដឹង និងសម្រាប់​ទុកជាប្រយោជន៍សាធារណៈដ៏ទៅថ្ងៃខាងមុខៗផងដែរ​៕

- Video Advertisement -