៦ខែនៃវិបត្តិកូវីដ វិនិយោគទុនសំណង់នៅកម្ពុជាកើនដល់ ៤ ពាន់លានដុល្លារ ច្រើនជាងឆ្នាំ២០១៩ ១៣%

ទោះបីជាមានវិបត្តិកូវីដ ១៩ ក៏ដោយ ក៏ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ កើនឡើងដល់ជិត ៤ ពាន់លានដុល្លារអាមេរិក ច្រើនជាងឆ្នាំ២០១៩ ដល់ទៅ ១៣ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានេះ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ កក្កដា ២០២០នេះ។

ប្រភពដដែលនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២០ សំណង់នៅទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាតឲ្យសាងសង់មានចំនួន ២ ៥២២ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ជាង ៨,៦ លានម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណជាង ៣,៨ ពាន់លានដុល្លារអាមេរិក។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ គឺមានចំនួន ២ ០៤៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ជាង៣៧លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគជិត ៣,៤ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង១៣,២៦%។

ក្នុងចំណោមគម្រោងទាំងអស់ សំណង់លំនៅដ្ឋានសរុបមានចំនួន ២ ០៩៧ គម្រោង មានផ្ទៃក្រឡាសរុប ចំនួនជាង ៤,៥ លានម៉ែត្រការ៉េ និងទុនវិនិយោគសរុបប្រមាណជិត ១,៨ពាន់លានដុល្លារអាមេរិក។

ចំពោះ សំណង់បុរីលំនៅដ្ឋាន និងបណ្ដុំលំនៅដ្ឋានលក្ខណៈបុរី នៅទូទាំងប្រទេស គឺមាន ៣៦គម្រោង ស្មើនឹងចំនួនផ្ទះ ៦.៥៦២ ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុបជាង ១,៨ លានម៉ែត្រការ៉េ និងមានតម្លៃវិនិយោគប្រមាណជិត ៦៥០ លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៤ កក្កដាកន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានមានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺនៅកំពុងបន្តដំណើរការយ៉ាងមមាញឹក បើទោះបីបញ្ហាកូវីដ១៩កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ។ (អានបន្ថែម)

- Video Advertisement -