រដ្ឋាភិបាលនឹងមិនកាត់បន្ថយខ្ទង់ចំណាយលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័នទេ
ខ្ទង់ចំណាយសម្រាប់សាងសង់ និងស្តារហេដ្ឋារចនាសម័ន្ធ គឺមិនស្ថិតក្នុងបញ្ជីកាត់ខ្ទង់ចំណាយទេ ខណៈដែលរដ្ឋាភិបាលគ្រោងកាត់បន្ថយ និងកាត់ទាំងស្រុងនៃខ្ទង់ចំណាយនានារបស់ក្រសួងនិងស្ថាប័នរដ្ឋ ដើម្បីត្រៀមបម្រុងថវិកាយកទៅប្រើប្រាស់សម្រាប់ទប់ស្កាត់ និងស្តារសេដ្ឋកិច្ច ក្នុងវិបត្តិជំងឺកូវិដឡើយ។
ការប្រកាសកាត់បន្ថយខ្ទង់ចំណាយនានាក្នុងក្របខណ្ឌថវិកាជាតិ ២០២០ គឺធ្វើឡើងដើម្បី បម្រុងទុកថវិកាសម្រាប់ស្តារសដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ដែលមានដូចជាការឧបត្តម្ភប្រាក់ខែដល់កម្មកររោងចក្រកាត់ដេរ មូលនិធិសង្គមសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងការផ្តល់ឥណទានដល់វិស័យឯកជនតាមរយៈធនាគារ SME និងធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៨ កក្កដា កន្លងមកនេះ ឯកឧត្តម វង្ស៊ី វិស្សុទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ថវិការចំណាយលើការសាងសង់ផ្លូវ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងការស្តារប្រឡាយលូ បង្ហូរទឹក គឺជាវិស័យលើស្ទួយសេដ្ឋកិច្ច ហើយចាំបាច់ ដែលនឹងមិនត្រូវបានកាត់ចំណាយឡើយ។
លោកថ្លែងថា៖ “ដើម្បីទប់ស្កាត់ជំងឺកូវីដ ក្នុងក្របខណ្ឌថវិកាជាតិឆ្នាំ២០២០ យើងកាត់តែចំណាយណាដែលមិនចាំបាច់ ហើយចំណាយចាំបាច់ យើងទុកទាំងអស់ ដើម្បីត្រៀមនិរន្តភាពនៃប្រទេស នៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន”។
បន្ថែមពីលើនេះ រដ្ឋាភិបាលបានតំឡើងថវិកា ដល់ ១០០លានដុល្លារ សម្រាប់ ‘គម្រោងសាច់ប្រាក់ពលកម្ម’ ដើម្បីអនុវត្តគម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងធារាសាស្រ្ត ដើម្បីបង្កើតការងារធ្វើនៅតាមទីជនបទ។
គួរបញ្ជាក់ថា ថវិកាដែលអនុម័តសម្រាប់ឆ្នាំ២០២០ មានដល់ទៅ ៨.២ពាន់លានដុល្លារ សម្រាប់ចំណាយនានារបស់រដ្ឋាភិបាល។
ក្នុងនោះ វិស័យសេដ្ឋកិច្ច ដែលរួមបញ្ជូលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន ផ្លូវថ្នល់ ស្ពាន លូ ប្រព័ន្ធធារាសាស្រ្ត និងការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ទទួលបានថវិកាជាតិប្រមាណ១.៨ពាន់លានដុល្លារ៕

