រដ្ឋនឹងចាត់វិធានការណ៍ធ្ងន់លើការយកចំណីផ្លូវធ្វើសំណង់ផ្ទាល់ខ្លួន ក្រោយអនុក្រឹត្យថ្មីចូលជាធរមាន

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនពិនិត្យពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ដើម្បីដាក់អនុវត្តឱ្យបានក្នុងពេលឆាប់ៗនេះ។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ នេះថា គោលបំណងសំខាន់នៃអនុក្រឹត្យនេះ គឺដើម្បីលុបបំបាត់ការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើសំណង់ផ្ទាល់ខ្លួន ក៏ដូចជាជួយកាត់បន្ថយឧបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។

ទន្ទឹមគ្នានេះ អនុក្រឹត្យនេះ នឹងជួយឱ្យសមត្ថកិច្ចពាក់ព័ន្ធងាយស្រួលក្នុងការដោះស្រាយផលប៉ះពាល់ដល់ប្រជាជន ក្នុងករណីរដ្ឋមានគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធណាមួយ ពោលគឺកាត់បន្ថយចំណាយ ព្រោះអនុក្រឹត្យនឹងកំណត់យ៉ាងច្បាស់ពីព្រំប្រទល់រវាងដីផ្លូវ និងដីឯកជន។ ដូច្នេះប្រជាជនមិនអាចតវ៉ាយកសំណង់លើសនោះទេ។

មិនតែប៉ុណ្ណោះ សេចក្តីព្រាងអនុក្រឹត្យនេះ គឺបើកឱកាសឱ្យក្រសួងមានសមត្ថកិច្ចគ្រប់គ្រង និងប្រើប្រាស់ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើងក្នុងការធ្វើផែនការ សិក្សាគម្រោងប្លង់អភិវឌ្ឍន៍ ឬផ្ដល់សេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធបានយ៉ាងងាយស្រួល ដោយមិនបាច់បង្ខំឱ្យប្រជាជនរុះរើដូចពេលមុនៗ។

- Video Advertisement -