ក្រសួង៖ គម្រោងកសាងផ្លូវដែកភ្នំពេញ-វៀតណាមនៅតែស្ថិតក្នុងបញ្ជីគម្រោងអាទិភាពរបស់រដ្ឋ
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងថា គម្រោងកសាងផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតនៃខេត្តស្វាយរៀង ហើយបន្តទៅទីក្រុងហូជីមីញនៃប្រទេសវៀតណាម នៅតែស្ថិតក្នុងបញ្ជីគម្រោងអាទិភាពរបស់រដ្ឋ តែនឹងគិតគូរក្រោយផ្លូវល្បឿនលឿន។
ការបញ្ជាក់របស់ក្រសួង ធ្វើឡើងបន្ទាប់ពីកម្ពុជា និងភាគីវៀតណាម បានឯកភាពគ្នាកសាងផ្លូវរថភ្លើងតភ្ជាប់គ្នាឆ្លងកាត់ព្រំដែនដើម្បីជំរុញការធ្វើពាណិជ្ជកម្ម។
ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹង កាលពីពេលថ្មីនេះថា រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពលើគម្រោងសាងសង់ផ្លូវរថភ្លើង រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមីញ។ ដោយក្នុងនោះ ភាគីកម្ពុជានឹងត្រូវកសាងផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងបាវិត ហើយភាគីវៀតណាមនឹងកសាងផ្លូវរថភ្លើង ពីទីក្រុងហូជីមីញ មកកាន់ព្រំដែនដែរ។
ឯកឧត្តម ថ្លែងថា៖ «ប្រទេសកម្ពុជា និងវៀតណាម បានឯកភាពគ្នាជាតាមរយៈការពិភាក្សាគ្នាដោយផ្ទាល់មាត់ លើគម្រោងកសាងផ្លូវរថភ្លើងនេះ ប៉ុន្តែនៅមិនទាន់មានចុះហត្ថលេខាលើគម្រោងនេះនៅឡើយទេ»។
ឯកឧត្តមបន្តថា កន្លងមក មានក្រុមហ៊ុនឯកជនមួយចំនួនធ្លាប់បានស្នើសុំសិក្សាលើគម្រោងនេះ ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ពីព័ត៌មានជុំវិញដំណើរការនៃការសិក្សានេះ។ ដោយឡែកបើយោងប្រសាសន៍របស់ឯកឧត្តមពីពេលមុន យ៉ាងហោយមានក្រុមហ៊ុនចិនមួយបានបញ្ចប់ការសិក្សាលើគម្រោងនេះ តាំងពីខែ តុលា ឆ្នាំ២០២០ មកម្លេះ តែរដ្ឋមិនទាន់អនុម័តអ្វីនោះទេ។ (អានបន្ថែម)
ទោះជាយ៉ាងណា មន្រ្តីអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា គម្រោងកសាងផ្លូវរថភ្លើង ភ្នំពេញ-បាវិត គឺស្ថិតនៅក្នុងតារាងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធអាទិភាពរបស់រដ្ឋាភិបាលបន្ទាប់ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។

