បច្ចេកវិទ្យាថ្មីវាស់កម្រិតទឹកទន្លេមេគង្គដោយមានសុក្រឹតភាព នឹងជួយដោះស្រាយបញ្ហាសំណង់វារីអគ្គិសនីលើសលប់
ក្រុមអ្នកស្រាវជ្រាវអន្ដរជាតិ កាលពីថ្មីៗនេះ បានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដោយប្រើទិន្នន័យពីផ្កាយរណប Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា ដើម្បីតាមដានកម្រិតទឹកទន្លេមេគង្គកាន់តែសុក្រឹតជាមុន ក្នុងគោលបំណងជួយដោះស្រាយរបបទឹកមិនប្រក្រតី និងការរាំងស្ងួតដែលបណ្ដាលមកពីសំណង់ទំនប់វារីអគ្គីសនីច្រើនលើសលុប និងបម្រែបម្រួលអាកាសធាតុ។
បើយោងតាមសារព័ត៌មាន The Third Pole កាលពីសប្ដាហ៍មុន ប្រព័ន្ធអនឡាញថ្មីមួយនេះ ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌល Stimson Center’s Southeast Asia Program និងអង្គការ Eyes on Earth ដោយអ្នកស្រាវជ្រាវសង្ឃឹមថា ប្រព័ន្ធនេះជួយដោះស្រាយបញ្ហាបានមួយចំណែកធំ។
ដោយប្រើការច្របាច់បញ្ចូលគ្នានៃផ្កាយរណប ប្រព័ន្ធ Remote Sensing និងប្រព័ន្ធភូមិសាស្ត្រវិទ្យា កម្មវិធីថ្មីនេះ នឹងផ្ដល់ទិន្នន័យដែលមិនធ្លាប់មានពីមុន ពិសេសនៅតាមចំណុចដាច់ស្រយាលនានា។ លើសពីនេះ កម្មវិធីថ្មីនេះក៏បានបើកឱ្យអ្នកស្រាវជ្រាវទូទៅអាចចូលនៅយក ឬផ្ដល់ទិន្នន័យបន្ថែមផងដែរ។
ដោយឡែក ទិន្នន័យដែលទទួលបាន នឹងបង្ហាញពីកម្រិតនៃសំណើមលើផ្ទៃដី ឬភាពស្ងួតនៅគ្រប់ផ្នែកទាំងអស់នៃសំណង់វារីអគ្គសនីនីមួយៗ។ ហើយទិន្នន័យទាំងអស់នេះ នឹងក្លាយជាភស្តុតាងបង្ហាញឱ្យដឹងថា តើទំនប់ទាំងនោះប៉ះពាល់ដល់លំហូរទឹកទន្លេយ៉ាងដូចណាខ្លះ។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson បាននិយាយថា៖ «ភាពមិនប្រក្រតីនៃលំហូរទឹក និងដីល្បាប់តាមដងទន្លេមេគង្គ ក៏ដូចជាបញ្ហារាំងស្ងួត ភាគច្រើនបណ្ដាលមកពីសំណង់ទំនប់វារីអគ្គិសនីលើសលុប និងការប្រែប្រួលអាកាសធាត្»។
លោកបន្តថា កន្លងមកទំនប់វារីអគ្គិសនីរាប់រយត្រូវបានសាងសង់លើដងទន្លេមេគង្គ រួមមាន ចិនច្រើនជាង ១០០ គម្រោង ឡាវច្រើនជាង ១០០ គម្រោង វៀតណាមច្រើនជាង ១៦ គម្រោង ថៃច្រើនជាង ៩ គម្រោង និង កម្ពុជា ២ គម្រោង។ (អានបន្ថែម)
ប៉ុន្តែគណៈកម្មការទន្លេមេគង្គបានច្រានចោលថាការលើកឡើវនេះ ហើយបញ្ជាក់ថាការសាងសង់វារីអគ្គីសនីមិនបានធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកចុះឡើយ។ ទំនប់វារីអគ្គីសនីគ្រាន់តែធ្វើឱ្យរបបទឹកមានការប្រែប្រួល ខែវស្សាកាត់បសន្ថយបន្តិច ខែប្រាំងបន្ថែមទឹក ពោលគឺបន្ថែមលើរបបទឹកធម្មជាតិ។ (អានបន្ថែម)
ដូច្នេះ លោក Brian Eyler បានពន្យល់ថា ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ សង្ឈឹមថាវាជួយឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗ ឱ្យមានភស្តុតាងជាក់ស្ដែងបង្ហាញថាទំនប់វារីអគ្គសនីអាចបង្កបញ្ហាពិតមែន ហើយគួរចេញនូវវិធានការណ៍គ្រប់គ្រងធនធានទឹកឱ្យសមស្របបានយ៉ាងដូចម្ដេច។
- Video Advertisement -