កម្ពុជា-ថៃពិភាក្សាលើកិច្ចសហប្រតិបត្តិការថាមពល
ប្រទេសកម្ពុជា និងប្រទេសថៃ បានបើកកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការថាមពល ខណៈពេលដែលប្រទេសថៃមានអតិរេកថាមពល ហើយប្រទេសកម្ពុជា កំពុងត្រូវការបង្កើតថាមពលប្រើប្រាស់។
យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ក្រសួងរ៉ែ និងថាមពលដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម របស់កម្ពុជា និងក្រសួងថាមពលប្រទេសថៃ បើកកិច្ចពិភាក្សានៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ាន នៅក្នុងទីក្រុងបាងកក ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែកញ្ញា។
ប្រភពដដែល បន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមានកំណើន ជាមួយនឹងតម្រូវការថាមពលកើនឡើង ហើយប្រទេសថៃមានការផលិតថាមពលមានអតិរេក ពោលគឺថាមពលច្រើនលើសតម្រូវការ។
«ប្រទេសទាំងពីរនឹងពិភាក្សាលើវិធានាការនានាដើម្បីឆ្លើយតបគ្នាទៅវិញទៅមក»។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងថាមពលថៃ លោក Sontirat Sontijirawong។
បើតាមលោក Sontirat Sontijirawong កម្ពុជាមានគម្រោងបង្កើនការនាំចូលថាមពលពីប្រទេសថៃ បន្ថែមទៀត។
យោងតាមក្រសួងរ៉ែ និងថាមពល ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសចំនួនបី ឡាវ និងវៀតណាម ដែលបាននាំចូលថាមពលចូលក្នុងបណ្តាញជាតិ។
រដ្ឋាភិបាលកម្ពុជា កាលពីខែមីនា បានស្នើឲ្យប្រទេសថៃ បង្កើនការនាំចូលថាមពល មកប្រទេសកម្ពុជា ពី១២០ មេហ្គាវ៉ាតបច្ចុប្បន្ន ទៅ២០០ មេហ្គាវ៉ាត។
តាមការពិភាក្សា ប្រទេសថៃយល់ព្រមបង្កើនថាមពល បន្ថែមទៀត រហូតដល់៧០មេហ្គាវ៉ាត នៅខែ ធ្នូ ឆ្នាំ២០១៩នេះ។
នៅក្នុងកិច្ចប្រជុំ ក្រោមប្រធានបទ ការវិនិយោគលើរោងចក្រថាមពលដើរដោយធ្យូងថ្ម ដែលមានទំហំ២ពាន់មេហ្គាវ៉ាត ដែលគម្រោងមួយនេះ ត្រូវបានភាគីកម្ពុជា និងថៃ បើកពិភាក្សាតាំងពីឆ្នាំ២០០៨៕
រូបភាពគោលដោយ ទំព័រហ្វ៊េសប៊ុក ក្រសួងរ៉ែ និងថាមពល

