អូរសំខាន់ៗ៥ នៅក្នុងក្រុងព្រះសីហនុ ស្តាររួចបាន ៥៥.៩៦% ហើយ

គិតមកដល់ដើមខែ មីនា ឆ្នាំ ២០២០ នេះ ប្រតិបត្តិការស្តារអូរសំខាន់ៗទាំង ៥ ក្នុងក្រុងព្រះសីហនុ ដែលមានប្រវែងសរុបចំនួន ២៩,៧៩១ ម៉ែត្រ សម្រេចបាន ៥៥. ៩៦% ហើយ ក្រោយបើកការដ្ឋានការងារស្តារបាន ០៣ ខែរួចមក យោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន។

បច្ចុប្បន្នភាពប្រតិបត្តិការស្តារនេះ ធ្វើឡើងបន្ទាប់ពីវត្តមានចុះពិនិត្យមើលវឌ្ឍនភាពអនុវត្តការងារស្តារ ក្រោមការដឹកនាំពីសំណាក់ ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមដំណើរជាមួយ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បាន កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

គោលបំណងនៃការស្តារអូរធម្មជាតិសំខាន់ៗទាំងនេះ គឺដើម្បីការពារជន់លិចលង់ដោយសារជំនន់ទឹកភ្លៀង នៅតាមតំបន់ងាយរងគ្រោះនៅក្នុងទីក្រុង ក៏ដូចជារៀបចំកសាងប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះឱ្យមានបរិស្ថានស្អាត និងអនាម័យល្អ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមអនុរដ្ឋលេខាធិការ ជម្រាបជូនគណៈប្រតិភូព្រឹទ្ធសភា ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពស្តារនោះ។

គួររម្លឹកផងដែរថា គម្រោងស្តារអូរសំខាន់ទាំង ០៥ ក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយថវិកា ប្រមាណ ១០ពាន់លានរៀល ដែលបានចាប់បើកការដ្ឋានស្តារចាប់តាំងពី ថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងអាជ្ញាធរដែនដី ក្រុមជំនាញការ និងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល លើកិច្ចការអាទិភាពក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងនេះ ដែលពាក់ព័ន្ធសំខាន់នឹងការគ្រប់គ្រងអូរធម្មជាតិទាំង ៥ និងប្រព័ន្ធលូដែលមានស្រាប់ ដែលសព្វថ្ងៃកំពុងទទួលរងនូវការរំលោភយកដីចំណីអូរ និងប្រឡាយ។

ឯកឧត្តមទេស ក៏បានគូសបញ្ជាក់អំពីទិសដៅនៃការរៀបចំកែលម្អប្រព័ន្ធទឹកហូរធម្មជាតិក្នុងទីក្រុងនេះឡើងវិញ ដើម្បីបើកមុខទឹក និងដោះស្រាយជំនន់ទឹកភ្លៀង តាមរយៈការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តគាំទ្រផ្សេងៗទៀត។

គេនៅចាំបានថា ក្នុងរយៈប៉ុន្មានឆ្នាំកន្លងមក ក្រុងព្រះសីហនុធ្លាប់មានបញ្ហាជន់លិចទីក្រុង ការស្ទះ ដែលបញ្ហានេះ ត្រូវបានគេមើលឃើញថា បណ្តលមកពីការស្ទះប្រព័ន្ធលូ និងអូរធម្មជាតិទាំងនេះ ទន្ទឹមនឹងកំណើនសំណង់នៅទីក្រុងកាន់តែមានសក្តានុពលជាងមុន។ កំណើននគរូបនីយកម្មទីក្រុងនេះ បណ្តាលឱ្យមានការបញ្ចេញទឹកកខ្វក់ច្រើនជាងមុន បូកលាយជាមួយនឹងបរិមាណទឹកភ្លៀង។ ជាក់ស្តែង នៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុ មានរហូតដល់ ២៥ ០០០ ម៉ែត្រគីប/ថ្ងៃ ហើយត្រូវបានព្យាករថា នឹងបន្តកើនឡើងដល់ ៤៧ ០០០ម៉ែត្រគីប/ថ្ងៃ នៅឆ្នាំ២០២៣ និងអាចបន្តកើនរហូតដល់ ៦៤០០០ ម៉ែត្រគីប/ថ្ងៃ នៅឆ្នាំ២០៣០ផងដែរ។

សូមបញ្ជាក់ថា អូរក្នុងក្រុងព្រះសីហនុទាំង ៥ នេះ មានប្រវែងសរុបចំនួន២៩,៧៩១ម៉ែត្រ រួមមាន៖ អូរអណ្ដូងអ៊ុនតាក់ ប្រវែង ៣,១១៦ម៉ែត្រ អូរស្ពានឆេះប្រវែង ១,១៧០ម៉ែត្រ អូរសំអាតប្រវែង ៣,៧៧៥ម៉ែត្រ អូរអេម៉ារីអូប្រវែង ១,៩០៦ម៉ែត្រ និងអូរឈើទាលប្រវែង ១៩,៨២៤ម៉ែត្រ។ ក្រសួង និង សហការជាមួយអាជ្ញាធរដែនដី ប្តេជ្ញាថា នឹងពន្លឿនការងារស្ដារឱ្យបានចប់សព្វគ្រប់ ឱ្យបានមុនរដូវភ្លៀងធ្លាក់មកដល់៕

- Video Advertisement -