គោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥ ២០២៥ នឹងធ្វើអោយខេត្តព្រះសីហនុមានសក្តានុពលទ្វេដង

ក្រុងព្រះសីហនុអោយប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលគ្រោងអនុវត្តតាមគោលការណ៍តំបន់រដ្ឋបាលពិសេស។ សម្រាប់ឆ្នាំ ២០១៥ – ២០២៥ នឹងធ្វើអោយខេត្តព្រះសីហនុមានសក្តានុពលទ្វេដង នេះបើយោងតាមខ្លឹមសារនៃចំណុច ៤ នៃសេចក្តីប្រកាស វឌ្ឍនភាពនៃការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥ – ២០២៥ ឬហៅកាត់ IDP របស់ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ។

សូមរម្លឹកថា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គឺជា “ យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី” របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយចក្ខុវិស័យដ៏ទូលំទូលាយ។ រដ្ឋាភិបាលបានអនុម័តគោលនយោបាយនេះ ដោយមានគោលបំណងផ្លាស់ប្តូរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលមានជំនាញនៅឆ្នាំ ២០២៥ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅឆ្នាំ ២០៣០ ។


ក្នុងគោលដៅផ្លាស់ប្តូរកម្រិតសេដ្ឋកិច្ចប្រទេសនេះ ក្រុងព្រះសីហនុត្រូវបានកំណត់ជាទីក្រុងយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាល ដើម្បីឈានសម្រេចចក្ខុវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ ២០៣០ របស់ខ្លួន។ ផ្អែកលើលទ្ធផលនៃការអភិវឌ្ឍន៍ក្រុងព្រះសីហនុនេះ ការអនុវត្តគោលនយោបាយឧស្សាហកម្មនេះ ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចស្តីពីការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពស្តីពីលទ្ធផលនៃការអនុវត្តអាយឌីភី កាលពីថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២០ ។

រាជរដ្ឋាភិបាល ក៏បានដាក់បញ្ចូលការរៀបចំផែនការពង្រីកវិស័យអាកាសចរស៊ីវិលនៅក្រុងព្រះសីហនុ ដើម្បីចូលរួមអភិវឌ្ឍខេត្ត ព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង ។
ថែមពីលើនេះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន ដោយកសាងបណ្តាញខ្សែកាបអុបទិកទូទាំងប្រទេស និងបានដាក់ឱ្យដំណើរការគម្រោងខ្សែកាបក្រោមបាតសមុទ្រ ដែលតភ្ជាប់កម្ពុជា តាមរយៈខេត្តព្រះសីហនុទៅកំពង់ផែអន្តរជាតិដទៃទៀត។

បន្ថែមពីគម្រោងនេះ ខេត្តព្រះសីហនុបច្ចុប្បន្ន កំពុងរៀបចំអនុម័តការប្រើប្រាស់ផែនការរៀបចំដែនដីខេត្តព្រះសីហនុ និងផែនទីបណ្តាញផ្លូវថ្នល់ ឆ្នេរសមុទ្រដីចំណីឆ្នេរសមុទ្រ និង បានសហការជាមួយវិទ្យាស្ថាននគរូបនីយកម្ម និង ឌីសាញស៊ិនជិន ដើម្បីសិក្សាលើការរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង។ ការរៀបចំផែនការមេនេះ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងថែមទៀតផង៕

- Video Advertisement -