ក្រសួងសាធារណការ៖ បញ្ហាកូវីដ19 មិនបានជះឥទ្ធិពលដល់គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់របស់កម្ពុជានោះទេ

បញ្ហាជំងឺជម្ងឺឆ្លងកូវីដ19 មិនបានជះឥទ្ធិពលដល់គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់នានារបស់កម្ពុជា ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនឡើយ។

នេះបើតាមកិច្ចសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានរបស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពិធីសម្ពោភោធផ្លូវជាតិលេខ ៥៥ និងការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី ៩ ខែ មីិនា ឆ្នាំ២០២០ កន្លងមកនេះ។

ឯកឧត្ដមបានមានប្រសាសន៍ថា ៖ «បញ្ហាជំងឺម្ងឺ Covid 19 មិនមានជាឧបសគ្គក្នុងការអភិវឌ្ឍផ្លូវថ្នល់នៅកម្ពុជាឡើយ ព្រោះថា ក្រុមការងារនៃគម្រោងនីមួយៗ គឺនៅកម្ពុជាជាយូរមកហើយ មានបុគ្គលិកមួយចំនួនបានត្រឡប់ទៅស្រុកគាត់ពេលចូលឆ្នាំចិន តែពេលដែលមុនមកកម្ពុជាវិញ គេបានពិនិត្យរយៈពេល ១៤ថ្ងៃដែរ ប៉ុន្តែគាត់អាចចេញមកវិញបាន។ ហើយសព្វថ្ងៃនេះ មន្ត្រីជំនាញគាត់ប៉ុន្មានគឺមាននៅកម្ពុជាទាំងអស់។ ដូច្នេះហើយ មិនមានការយឺតយ៉ាវក្នុងការសាងសង់គម្រោងណាមួយឡើយ។»

ឯកឧត្តមបានបន្តទៀតថា៖ «ហិរញ្ញប្បទានសម្បទានពីចិនសម្រាប់ផ្លូវជាតិលេខ១០ និងគម្រោងស្ពាននៅក្រចេះ យើងនៅតែបន្តធ្វើ ហើយយើងបានដាក់(គម្រោងនេះ)ក្នុងគម្រោង៥ឆ្នាំហើយ ដើម្បីឲ្យក្រសួងហិរញ្ញវត្ថុស្នើសុំទៅសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន គឺថាមិនមានភាពយឺតយ៉ាវអ្វីទេ។»

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ផ្លូវប្រមាណ ៣០០០ គីឡូម៉ែត្រ ត្រូវបានសាងសង់ក្រោមហិររិញ្ញបទានពីសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ដែលថ្មីៗនេះ រដ្ឋាភិបាលទើបបានដាក់ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ប្រវែងសរុប ១៨០ គីឡូម៉ែត្រ និងបើកការដ្ឋានសាង់សង់ផ្លូវជាតិលេខ ១០ មួយទៀត ដែលមានប្រវែងសរុបប្រមាណ ១៩៨ គីឡូម៉ែត្រ ដែលជាគម្រោងក្រោមឥណទានពីប្រទេសចិនផងដែរ។

ចំពោះបញ្ហាជំងឺម្ងឺឆ្លងកូវីដ 19 នេះផងដែរ កាលពីថ្ងៃទី៤ ខែ មីិនា កន្លងទៅ សម្ដេចតេជោហ៊ុន សែន បានសម្រេចឱ្យស្នើសុំក្រសួង ស្ថាប័នរដ្ឋកាត់បន្ថយចំណាយ ដែលការធ្វើឡើងនេះដើម្បីចូលរួមជាការទប់ស្កាត់ជំងឺម្ងឺឆ្លងកូវីដ 19 និងសម្រាប់ដោះស្រាយបញ្ហាចំបាច់មួយចំនួនទៀត៕។

- Video Advertisement -