ក្រសួងរៀបចំដែនដី៖ វិស័យសំណង់ក្នុងបរិបទកូវីត១៩ ក្នុងត្រីមាសដំបូងឆ្នាំ២០២០ មិនបានថមថយឡើយ

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា វិស័យសំណង់ក្នុងប្រទេសកម្ពុជាក្នុងបរិបទកូវីត១៩នេះ មិនមានការថមថយទេ។ នេះជាការលើកឡើងរបស់ឯកឧត្តម សេង ឡូត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសង្កេតឃើញថាមិនទាន់មានការថយចុះទេ ផ្ទុយទៅវិញការស្នើសុំសាងសង់ជាគម្រោងដែលបានដាក់ស្នើសុំមានការកើនឡើង។

ឯកឧត្តមបន្តថា នៅខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងទទួលបានពាក្យស្នើសុំមានដល់ទៅ ៥២៣ គម្រោង បើធៀបទៅនឹងឆ្នាំ២០១៩ ត្រឹមខែកុម្ភៈដូចគ្នានេះ គឺមានតែជាង៣០០ គម្រោងនោះទេ ហើយបើគិតជាទុនវិនិយោគកំណើនមានការកើនឡើងសឹងតែទ្វេដង។ ប៉ុន្តែចាប់ពីខែមីនាទៅមុខ ក្រសួងនឹងបន្តតាមដានការងារនេះទៅមុខទៀត។

ឯកឧត្តមបន្ថែមថា ការកើនឡើងក្នុងវិស័យសំណង់នេះ គឺមានការវិនិយោគពីក្រុមហ៊ុនបរទស ចំនួន១៨ប្រទេស។ បើរៀបតាមលំដាប់ថ្នាក់ ប្រទេសដែលមកវិនិយោគក្នុងវិស័យសំណង់ក្នុងលំដាប់ទី១ គឺចិន បន្ទាប់មកប្រទេសកូរ៉េ ហើយឈរក្នុងលំដាប់ថ្នាក់ទី៣ គឺជប៉ុន។ ការវិនិយោគបរទេស ច្រើនតែជាអគារស្នាក់នៅ រួមមានជាង ២៣០០ យូនីត ឬអគារខ្ពស់ៗដែលមានជិត ២០០០ អគារ។ ចំណែកឯសណ្ឋាគារវិញមានជាង ១០០០។

ចំណែកឯការវិនិយោគក្នុងប្រទេសក៏ច្រើនផងដែរ ជាពិសេសបុរី ឬលំនៅឋានមានលក្ខណៈជាបុរី ដែលគិតមកដល់បច្ចុប្បន្ន មានរហូតដល់ទៅ ៣២៧ ទីតាំង សុទ្ធសឹងតែជាការវិនិយោគក្នុងស្រុកទាំងអស់។

គួរបញ្ជាក់ផងដែរថា របាយការណ៍ដដែល បានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ ២០១៩ នេះ ទុនវិនិយោគនៅក្នុងវិស័យសំណង់ គឺកើនបានជាង ១១០០ លានដុល្លារអាមេរិក។ បើធៀបទៅនឹងទុនវិនិយោគក្នុងឆ្នាំ ២០១៨ មានតែជាង ៥៦០០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ មានន័យថា កើនឡើងសឹងតែ១០០% តែម្តង គឺស្មើនឹងគុណពីរនៅក្នុងឆ្នាំ២០១៩៕

- Video Advertisement -